ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ជនខិលខូច​មួយ​ចំនួន​ជ្រក​ក្រោម​ឈ្មោះ​អង្គការ​ស្មុំ​បានកូន​ពី​ប្រទេស​កម្ពុជា​យក​ទៅ​ជួញដូរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បញ្ហា​ស្មុំ​កូន​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់ ពិសេស​លើក​ស្ទូ​យ​សិទ្ធិ​សេរីភាព​របស់​កុមារ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌

រាជធានី​ភ្នំពេញ ៖ បញ្ហា​ស្មុំ​កូន​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់ ពិសេស​លើក​ស្ទូ​យ​សិទ្ធិ​សេរីភាព​របស់​កុមារ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី «​សេចក្តី​ពន្យល់​អំពី​ស្មុំ​កូន​ក្នុង​ប្រទេស​» នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​ថា កន្លង​មក​តាម​រយៈ​នៃ​ការ​ស្មុំ​កូន​ពី​កម្ពុជា មាន​ជនខិលខូច​មួយ​ចំនួន​បាន​ជ្រក​ក្រោមឈ្មោះ​អង្គការ ហើយ​យក​កុមារ​កម្ពុ​ជាមួយ​ចំនួន​ទៅ​លក់ ហេតុនេះ​ហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ចៀសវាង​ត្រូវ​ជនខិលខូច​ប្រើ​រូបភាព​បោក​បញ្ឆោត​យក​កុមារ​កម្ពុជា ទៅ​ជួញដូរ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច កុំឱ្យ​ការ​ស្មុំ​កូន​ណាមួយ​យក​ទៅ​ធ្វើ​ជា​អាជីវកម្ម ។ តាម​ខ្ញុំ​ចាំ មាន​អង្គការ​មួយ​នោះ បាន​ធ្វើ​អាជីវកម្ម​លើ​កូន​ខ្មែរ តាម​រយៈ​ការ​ស្មុំ​កូន​យក​ទៅ​លក់​បាន​ចំណេញ​រាប់​លាន ។ រឿង​នេះ​បាន​កើតឡើង​ប្រមាណ​២០​ឆ្នាំ​មុន ហេតុនេះ​ហើយ​ទើប​នា​ពេល​នេះ​យើង​បាន​ធ្វើ​ច្បាប់​ឱ្យ​បាន​ម៉ត់ចត់ និង​ត្រឹមត្រូវ​ឡើង​» ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា កុមារ​គ្រប់​រូប​តែងតែ​ទទួល​បាន​នូវ​ការ​ថែទាំ ការ​រីក​ចម្រើន​ធំធាត់ និង​អភិវឌ្ឍន៍​នៅ​ក្នុង​សង្គម និង​នៅ​ក្នុង​គ្រួសារ​មួយ​ដ៏​ល្អ ប្រកបដោយ​ភាព​កក់ក្តៅ និង​ពេញ​សិទ្ធិ ។

ដោយ​មើលឃើញ​នូវ​សារ​ប្រយោជន៍​ទាក់ទង នឹង​ការ​យកចិត្តទុកដាក់​កុមារ​នៅ​ក្នុង​គ្រួសារ​នេះ​ហើយ ទើប​កន្លង​មក​ក្រសួងយុត្តិធម៌​បាន​រៀបចំ​នូវ​បញ្ញត្តិ​គតិ​យុ​ត្ត ស្តី​ពី​ការ​ស្មុំ​កូន​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី​ព្រមទាំង​បញ្ញត្តិ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ ម្យ៉ាងទៀត ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ជំនួយស្មារតី​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ក្រសួងយុត្តិធម៌ និង​អង្គការ​យូ​នី​សេ​ហ្វ បាន​សហការ​គ្នា​រៀបចំ​ឱ្យ​មាន​សេចក្តី​ពន្យល់​នេះ​ឡើង ។

លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​បញ្ជាក់​ថា សេចក្តី​ពន្យល់​នេះ គឺជា​សមិទ្ធផល​មួយ​ថ្មី​បន្ថែម​ទៀត គួរ​ឱ្យ​មោ​ទ​នៈ​របស់​ក្រសួងយុត្តិធម៌ និង​ក៏​ជា​ស្នាដៃ​មួយ​ដែល​បាន​រៀបចំ​ដោយ​ក្រុមការងារ​ដែល​មាន​ជំនាញ​ផ្នែក​ច្បាប់​ច្បាស់លាស់ និង​មានបទពិសោធន៍​ច្រើន​ឆ្នាំ ដោយ​មានការ​ពន្យល់​បកស្រាយ​បំភ្លឺ​ចំពោះ​ចំណុច​នីមួយ​ៗ ស្រប​ទៅ​នឹង​ខ្លឹមសារ​នៃ​ច្បាប់​ដែល​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​លើក​នូវ​ឧទាហរណ៍​ជាក់ស្តែង ងាយ​យល់ បែងចែក​ច្បាស់លាស់​អំពី​ភាព​ខុស​គ្នា​ពី​ចំណុច​មួយ ទៅ​ចំណុច​មួយ ហើយ​គ្របដណ្តប់​នូវ​ទិដ្ឋភាព​ទាំងអស់ ដែល​ទាក់ទង​ទៅ​នឹង​ការ​ស្មុំ​កូន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោកស្រី Debora Commini តំណាង អង្គការ​យូ​នី​សេ​ហ្វ បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​នេះ​ដែរ​ថា បទ​ប្បញ្ញត្តិ​គតិ​យុ​ត្ត​ស្តី​ពី​ការ​ស្មុំ​កូន​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​២០០៧ ពិតជា​មាន​សារៈសំខាន់​ណាស់​ដល់​ប្រទេស​កម្ពុជា ដើម្បី​ជា​វិធានការ​មួយ​ការពារ​ដល់​អនីតិជន ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន និង​ក៏​ដូច​ការពារ​សិទ្ធិ​សេរីភាព​របស់​គេ ។ ក្រៅពី​នេះ កម្ពុជា​ក៏​មាន​អនុសញ្ញា​ស្តី​ពី​ទិដ្ឋភាព​ផ្នែក​ស៊ី​វិល​នៃ​ការ​ចាប់ពង្រត់​កុមារ​ជា​អន្តរជាតិ ដើម្បី​ការពារ​កុមារ ទាំង​នៅ​ក្នុង​គ្រួសារ​ក៏​ដូច​ជា​ត្រូវ​បាន​គេ​ស្មុំ​ទៅ ។

លោកស្រី​បន្ត​ថា តាម​រយៈ​ការ​ស្មុំ​កូន​នៅ​ប្រទេស​កម្ពុជា កន្លង​មក​គេ​ឃើញ​មានការ​ចន្លោះ​ប្រហោង ហេតុនេះ​ហើយ​ក្រសួង​យុ​តិ្ត​ធម៌​បានធ្វើការ​ចេញ​សៀវភៅ​សេចក្តី​ពន្យល់​អំពី​ការ​ស្មុំ​កូន​ក្នុង​ប្រទេស​បន្ថែម ។ គោលបំណង​នៃ​ការ​ចេញ​សៀវភៅ​ឯកសារ​នេះ គឺ​បង្ហាញ​ពី​គោលការណ៍​សំខាន់​ៗ​មួយ​ចំនួន ពិសេស​បែបបទ​ក្នុង​ការ​ស្នើ​សុំ​ដើម្បី​ឱ្យ​គោលការណ៍​នៃ​ការ​ស្មុំ​កូន​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ស្របច្បាប់​ហើយ​ច្បាស់លាស់ និង​ទប់ស្កាត់​ការ​កើត​មាន​បញ្ហា​ល្មើសច្បាប់​ណាមួយ​។ ការ​ធ្វើ​បែប​នេះ គឺ​សំដៅ​យ៉ាងណា​ឱ្យ​កុមារ​រស់នៅ​ក្រោម​ការ​ថែទាំ​បាន​ល្អ ។

លោកស្រី​បន្ត​ថា ឯកសារ​នៃ​ការ​ស្មុំ​កូន គឺជា​របស់​មួយ​យ៉ាង​សំខាន់​ដើម្បី​ឱ្យ​ការ​អនុវត្ត​ការ​ស្មុំ​កូន​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ត្រឹមត្រូវ និង​ពិសេស​កុមារ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ ហើយ​គេ​អាច​រស់នៅ​ក្នុង​គ្រួសារ​ថ្មី​មួយ​ប្រកបដោយ​ភាព​កក់ក្តៅ និង​មាន​អនាគត​ភ្លឺស្វាង​ផង​ដែរ ៕