ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​ទីក្រុង​សិន​ជិន​នៃ​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ នឹង​ប្រែ​ក្លាយជា​ទីក្រុង​សិន​ជិន​នៃ​ប្រទេស​កម្ពុជា ដែល​មាន​លក្ខណៈ​ជឿនលឿន មាន​សក្តានុពល​លើ​វិស័យសេដ្ឋកិច្ច និង​ឧស្សាហកម្ម ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ នឹង​ប្រែ​ក្លាយជា​ទីក្រុង​សិន​ជិន​នៃ​ប្រទេស​កម្ពុជា ដែល​មាន​លក្ខណៈ​ជឿនលឿន មាន​សក្តានុពល​លើ​វិស័យសេដ្ឋកិច្ច និង​ឧស្សាហកម្ម ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Jack Chen អគ្គនាយក​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ។

លោក Jack Chen បាន​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ មាន​ផ្ទៃដី​១.១១៣​ហិ​កតា ឆ្លងកាត់​ការ​អភិវឌ្ឍ​រយៈពេល​៨​ឆ្នាំ បាន​បង្កើត​ជា​សួន​ឧស្សាហកម្ម​អន្តរ​ជាតិ ស្រូប​យក​សហគ្រាស​ចូល​មក​វិនិយោគ និង​មាន​វិនិយោគិន​មក​ពី​ប្រទេស​ចិន ជប៉ុន បារាំង កូរ៉េ​ខាងត្បូង និង​សហភាព​អឺរ៉ុប ជាដើម ។ បច្ចុប្បន្ន តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​មាន​សហគ្រាស​១០៣ ក្នុង​នោះ​៨៨​សហគ្រាស​កំពុង​ដំណើរការ និង​ដោះស្រាយ​ជីវភាព​ការងារ​ជូន​កម្មករ កម្មការិនី​បាន​ជាង​១៦​ម៉ឺន​នាក់ ។

លោក​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ង​ពីង មក​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ប្រធានាធិបតី ក៏​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​យ៉ាង​ពិត​ប្រាកដ​​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​បាន​ចង្អុលបង្ហាញ​ពី​គម្រោង​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​តំបន់​សេដ្ឋកិច្ច ដែល​ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​កម្ពុជា ដោយ​ផ្តើម​ពី​គំនិត​បង្កើត​កិច្ច​សហប្រតិបត្តិការ​ត​ភ្ជាប់​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ (​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​) ។

ជាមួយ​គ្នា​នេះ លោក​បាន​ថ្លែង​ថា ៖ « ទិស​ដៅ​ខាង​មុខ តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​សម្រេច​ឲ្យ​បាន​នូវ​រោងចក្រ​ចំនួន​៣០០​សហគ្រាស មក​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មាន​និយោជិត​ធ្វើការ​ចំនួន​១០​ម៉ឺន​នាក់ និង​អាច​ស្រូប​យក​កម្លាំង​ពលកម្ម​ចំនួន​២០​ម៉ឺន​នាក់ » ។

ក្នុង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​=​ឈ្នះ ក្នុង​ការ​អនុវត្ត​តាម​យុទ្ធសាស្ត្រ (​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​) ដើម្បី​ប្រែក្លាយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ក្លាយជា​ទីក្រុង​សិន​ជិន​នៃ​ប្រទេស​កម្ពុជា ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ បាន​បង្កើន​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​បំពេញ​តួនាទី​យ៉ាង​សកម្ម​ជូន​សង្គម​ជាតិ ។

ក្រៅពី​ផ្តល់​ឱកាស​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ជួយ​បណ្តុះបណ្តាល​ភាសា​ចិន​ដល់​កម្មករ កម្មការិនី សិស្សានុសិស្ស និង​ជួយ​សាងសង់​សាលារៀន​ក្នុង​ឃុំ​បិត​ត្រាំ​ង ហើយ​នៅ​ថ្ងៃ​ខាង​មុខ តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បង្ហាត់បង្រៀន​ជំនាញ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ដើម្បី​ប្រកួតប្រជែង​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ាន ។ ជាមួយ​គ្នា​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​សាងសង់​មន្ទីរពេទ្យ​មាន​ស្តង់ដា​ដើម្បី​បម្រើសេវា​សុខភាព​ជូន​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​កម្មករ កម្មការិនី ដោយ​បន្ត​អនុវត្ត​សម្រាប់​ប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងមូល​ឱ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ៕