ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចោរឆក់​កាបូប និង​កាច់​សោ​ម៉ូតូ​ម្នាក់​បញ្ជូន​ទៅ​តុលាការខេត្ត

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ប្រត្តិបត្តិការ​ស្រាវជ្រាវបង្ក្រាប ករណី​ចោរឆក់​កាបូប និង​កាច់​សោ​ម៉ូតូ​ដ៏​សកម្ម​នៅ​ក្នុង​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ប្រត្តិបត្តិការ​ស្រាវជ្រាវបង្ក្រាប ករណី​ចោរឆក់​កាបូប និង​កាច់​សោ​ម៉ូតូ​ដ៏​សកម្ម​នៅ​ក្នុង​ក្រុង​សៀមរាប និង​មក​ពី​តាមបណ្តា​ខេត្ត​ផ្សេង​ៗ ចូល​ក្នុង​ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ រួច​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ​សួរនាំ​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ សង្កាត់​សាលា​កំរើក  ក្រុង​សៀមរាប ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​។ លោក​វរសេនីយ៍ត្រី នួន សក្តិ៍​ចំរើន​រិ​ទ្ធ អធិការរង​ក្រុង​សៀមរាប​ទទួល​កិច្ច​ការងារ​នគរបាល​យុ​ត្តិ ធម៌​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង និង​ការ​ណែនាំ​របស់​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា​លោក វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង ចុះ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​នេះ​។

លោក​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ស្ថិត​នៅ​ចំណុច តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ទើប​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​តែ​ម្តង​។ លោក​បាន​បន្ត​ទៀត​ថា នៅ​ចំពោះ​មុខ​សមត​កិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​នេះ​ពិតប្រាកដ​មែន​។

ហើយ​កន្លង​មក​កាលពី ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ​ធ្លាប់​បាន​ធ្វើ​សកម្មភាព ឆក់​កាបូប​ភ្ញៀវ​បរទេស នៅ​ចំណុច​តាម​ផ្លូវ ក្លឹ​ប​សុខសាន្ត ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​ស៊ិ​ច ចំនួន​មួយ​គ្រឿង នឹង​លុយ​បាន​ចំនួន​ជិត​២០០​ដុល្លារ​ផង​ដែរ ជាមួយ​បក្ខពួក​គេ​២​នាក់​ទៀត​មានឈ្មោះ ពោត ជា ភេទ​ប្រុស និង​ឈ្មោះ ទឹម សំ ភេទ​ប្រុស អាយុ​ស្របាល​គ្នា​(​បច្ចុប្បន្ន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​)​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ បៀ​វ ពន្លឺ ហៅ​អា​លី អាយុ​១៨​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ដែល​ជា​មុខសញ្ញា​ឆក់​កាបូប និង​កាច់​សោក​ម៉ូតូ​យ៉ាង​សកម្ម មានស្រុក​កំណើត​នៅ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្ន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាច់​សោក យក​ម៉ូតូ​បាន​ចំនួន​១​គ្រឿង កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦​។ លោក​បាន​បញ្ជាក់​បន្ថែ​ថា នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​និង​២០​នាទី ស្ថិត​នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ កម្លាំង​សមត្ថកិច្ច​ក្រុង​សៀមរាប និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ក៏​សុំ​ធ្វើការ​ត្រួតពិនិត្យ ប៉ុន្តែ​ជនសង្ស័យ​ក៏​បាន​បន្ថែម​ល្បឿន ជិះ​គេចខ្លួន​ពី​សមត្ថកិច្ច​រហូត​ដល់​ចំណុច​ខាង ជើងវត្ត​ត្រាំ​នាគ រួច​ក៏​ផ្តួល​ម៉ូតូ​ចោល​រត់​ចូល​ព្រៃ​បាត់​។

សមត្ថកិច្ច​បាន​យក​ម៉ូតូ​ខាងលើ​មក​រក្សា​ទុក និង​ស្រាវជ្រាវ​រក​ម្ចាស់ ទើបបាន​ដឹង​ថា ម៉ូតូ​នេះ​ជា​របស់ ឈ្មោះ ជា សុភាព ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ទីលំនៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​បាន​បាត់​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​១០​នាទី នៅ​ជិត​ហាង​លក់​សម្លៀក​បំពាក់ លឹ​ម ហេង ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម​។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា យោង​តាម​លទ្ធផល​ធ្វើតេស្ត​រក​សារជាតិ​ញៀន​ជនសង្ស័យ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ផង​ដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បា​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ទទួល​ជូន​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់​វិញ​ហើយ​៕