ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ត្រាក់ទ័រ​រួច​បើក​ត្រឡប់​ទៅ​ផ្ទះ ពាក់កណ្ដាល​ផ្លូវត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បន្ទាប់​ពី​ទិញ​ត្រាក់ទ័រ​បាន​ហើយ​កំពុង​បើក​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ពាក់កណ្ដាល​ផ្លូវត្រូវ​ពលរដ្ឋ​ម្នាក់​ឃើញ​និង​ស្គាល់​ថា​ …

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បន្ទាប់​ពី​ទិញ​ត្រាក់ទ័រ​បាន​ហើយ​កំពុង​បើក​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ពាក់កណ្ដាល​ផ្លូវត្រូវ​ពលរដ្ឋ​ម្នាក់​ឃើញ​និង​ស្គាល់​ថា​ជា​ប្តី​របស់​ស្ត្រី​មេ​តុងទីន​ដែល​បាន​នាំ​គ្នា​វេច​លុយ​រត់គេច​ខ្លួន​នោះ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។

បុរស​ជា​ប្តី​ស្ត្រី​មេ​តុងទីន​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ ឈួ​ន ប៉ែ​ត អាយុ​៣២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆ​ន ស្រី​ពៅ អាយុ​៣៦​ឆ្នាំ ជា​មេ​តុងទីន មានកូន​៣​នាក់ ប្រុស​១​នាក់ ស្រី​២​នាក់ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្ន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ខាងក្រោយ​ផ្សារ​ប៉ា​ង​រលឹម ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បាន​វេច​លុយ​កូន​តុងទីន​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​រត់គេច​ខ្លួន​អស់​រយៈពេល​ជាតិ​១​ខែ​មក​ហើយ លុះ​នៅ​ថ្ងៃ​កើតហេតុ​ខណៈ​យក​លុយ​មក​ទិញ​ត្រាក់ទ័រ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន រួច​បើក​បម្រុង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ខេត្តកំពង់ធំ ស្រាប់តែ​ប្រជាពលរដ្ឋ​ម្នាក់​ឃើញ​ស្គាល់ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ក្រោយ​ពេល​ឃាត់ខ្លួន​ប្តី​រួច ខាង​នគរបាល​បាន​ទាក់ទង​ទៅ​ប្រពន្ធ​ដើម្បី​ចូលខ្លួន​ដោះស្រាយ តែ​អត់​មាន​អ្នក​លើក​ទូរស័ព្ទ ។

បើ​តាម​សម្តី​ស្ត្រី​ម្នាក់​ឈ្មោះ ពេជ្រ ផល្លា ហៅ​យាយ​លក់​បាយ អាយុ​៤០​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​បាន​លេង​តុងទីន​ជាមួយ​ស្ត្រី​ខាងលើ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​ដាក់​លុយ​ចូល​លេង​ចំនួន​៣​លាន​៧០​ម៉ឺន​រៀល ហើយ​មិន​ទាន់​បាន​ដេញ​យក​ផង ត្រូវ​គេ​វេច​លុយ​រត់គេច​ខ្លួន​តែ​ម្តង ។ ស្ត្រី​ម្នាក់​ឈ្មោះ យាយ​គុន អាយុ​៥៧​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​បាន​ចូល​លេង​ជិត​២​ឆ្នាំ​មក​ហើយ​ដែរ ដោយ​ដាក់​លុយ​អស់​ចំនួន​៧​លាន​រៀល នៅ​ចុង​ក្រោយ​នេះ​មិន​ទាន់​ដេញ​យក​លុយ​ខ្លួន​នៅឡើយ​ទេ ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ចាន់ ធូ អាយុ​២៨​ឆ្នាំ ត្រូវ​ស្ត្រី​ខាងលើ​បោក​អស់​ជាង​៣​លាន​រៀល​ដែរ ។

ពួក​គាត់​បន្ត​ទៀត​ថា អ្នក​ដែល​ចូលរួម​លេង​តុងទីន​ខាងលើ​មាន​គ្នា​ជាង​៧០​នាក់ ហើយ​បើ​គិត​ជា​ទឹកប្រាក់​អស់​ជិត​១០​ម៉ឺន​ដុល្លារ​រួម​ទាំង​ប្រាក់​ចងការ និង​លុយរាប់​ប្រចាំ​ថ្ងៃ​ថែម​ទៀត ត្រូវ​គេ​វេច​យក​ទៅ​ទាំងអស់ ។ លើស​ពី​នេះ​ពួក​គាត់​មិន​ចង់​ប្តឹងផ្តល់​ប្តី​ស្ត្រី​ខាងលើ​ដាក់គុក​ច្រវាក់​នោះ​ទេ គ្រាន់តែ​ចង់ឱ្យ​សង​លុយ​ពួក​គាត់​ត្រឡប់​មក​វិញ​នោះ​ជា​ការ​ស្រេច ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន​រួច កូន​តុងទីន​ជា​ច្រើន​បាន​នាំ​គ្នា​មក​ចោមរោម​ទារ​លុយ​ពី​ប្តី​ស្ត្រី​មេ​តុងទីន ហើយ​ក៏​មាន​អ្នកខ្លះ​បន្ត​ដាក់​ពាក្យ​ទៅ​ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ជូន​ពួក​គេ​ទាំង​អស់នោះ​ផង​ដែរ ៕