ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់ ? ហេតុ​អ្វីខ្លះ​បាន​សិ​ទ្ឋិ​ស្របច្បាប់ ខ្លះ​បាន​សំណង ខ្លះ​បាន​កន្លែង​ផ្សេង ខ្លះ​អត់​បាន​អ្វី​សោះ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដោយ​កើតទុក្ខ​មិន​សុខចិត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​១១​គ្រួ​សារបាន​ជួបជុំ​គ្នា ហើយ​សំណូមពរ​ឲ្យ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយជួយ​ផ្សាយ​ពី​បញ្ហា​ …

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មានការ​ចេញផ្សាយ​នូវ​ព័ត៌មាន​ពាក់​ព័​ន្ឋ​បញ្ហា​ដីធ្លី​នៅ​ជើងភ្នំ​ដោះ​ក្រមុំ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ដែល​ចេញ​មុខ​តវ៉ា និង​អះអាង​ថា មិន​បាន​ទទួល​សំណង​ពី​អាជ្ញាធរ​ដូច​ការ​ចុះ​ផ្សាយ​កន្លង​មក​នោះ​ទេ ។ ដោយ​កើតទុក្ខ​មិន​សុខចិត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ទាំង​១១​គ្រួ​សារបាន​ជួបជុំ​គ្នា​នៅ​ចំណុច​ដី​មាន​ទំនាស់ ហើយ​បាន​សំណូមពរ​ឲ្យ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ ជួយ​ផ្សាយ​ពី​បញ្ហា​ដែល​ពួក​គាត់​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​ផង ។

ប្រជាពលរដ្ឋ​ទាំង​១១​គ្រួ​សារបាន​និយាយ​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​មក​ជួប​ប្រជុំ​ថ្ងៃនេះ ព្រោះតែ​បានឃើញ​ព័ត៌មាន​មួយ​បាន​ចេញផ្សាយ​កាលពី​២១ ខែតុលា ថា ខេត្ត​បាន​ជួយ​ដោះស្រាយ​សំណង​ជូន​ទៅ​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​បញ្ហា​ដីធ្លី​នៅ​ជើងភ្នំ​ដោះ​ក្រមុំ ប៉ុន្តែ​ជា​ការ​ពិត​មាន​អ្នកខ្លះ​បាន​ទទួល​សំណង​ពិតមែន តែ​ពួក​គាត់​ចំនួន​១១​គ្រួសារ​មិន​បាន​ទទួល​សំណង​សូ​ម្បី​មួយ​កាក់​មួយ​សេន​ពី​អាជ្ញាធរ​ឡើយ ។

អ្នកស្រី លី សំនៀង បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទៅ​រស់នៅ​លើ​ដី​នោះ​តាំងពី​ឆ្នាំ​២០០១ ដោយ​ដី​អ្នកស្រី​មាន​ទំហំ​៣១​ម៉ែត្រ​គុណ​៧០​ម៉ែត្រ ហើយ​នៅ​ឆ្នាំ​២០១៦ ស្រាប់តែ​អាជ្ញាធរ​បាន​ទៅ​បណ្តេញ​ពួក​គាត់​ឲ្យ​ចាក​ចេញពី​ដី​នោះ​ជា​បន្ទាន់ ដោយ​មន្ត្រី​អាជ្ញាធរ​បាន​និយាយ​ថា ដី​នៅ​ចំណុច​ជើងភ្នំ​ដោះ​ក្រមុំ ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ នោះ​ជា​ដី​របស់​រដ្ឋ ។ អ្នកស្រី​បន្ត​ថា ពួក​គាត់​ទាំង​១១​គ្រួសារ​មិន​យល់​ថា ហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​ដែល​មានកម្ម​សិ​ទ្ឋិ​នៅ​ចំណុច​ជើងភ្នំ​ដោះ​ក្រមុំ​សរុប​ចំនួន​៥៧​គ្រួសារ គ្រួសារ​ខ្លះ​បាន​ទទួល​សិ​ទ្ឋិ​ស្របច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ខ្លះ​បាន​ទទួល​សំណង​ជា​ថវិកា គ្រួសារ​ខ្លះ​បាន​ដី​កន្លែង​ផ្សេង​ជា​ថ្នូរ និង​ការ​ដោះ​ដូរ សល់​តែ​គ្រួសារ​របស់​ពួក​គាត់​ចំនួន​១១​គ្រួសារ​នេះ​មិន​បាន​ទទួល​សំណង​នឹង​គេ ។

លោក កែវ សុខុម បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទៅ​រស់នៅ​ខេត្តមណ្ឌលគិរី​ជាង​៣០​ឆ្នាំ​ហើយ ចំណែក​ដី​ដែល​គាត់​មាននៅ​ចំណុច​ជើងភ្នំ​ដោះ​ក្រមុំ គាត់​បាន​ទិញ​ពី​គេ​បន្ត​កាលពី​ឆ្នាំ​២០០៣ ទំហំ​៥០​ម៉ែត្រ​គុណ​៧០​ម៉ែត្រ ដោយ​មានការ​ដឹង​ឮ​ពី​ភូមិ​-​សង្កាត់​ត្រឹមត្រូវ ។ លោក​ថា នៅ​ឆ្នាំ​២០១២ អាជ្ញាធរ​ក្រុង​បាន​ឈូស​ឆាយដី​ធ្វើ​ឲ្យ​ខូចខាត​ផលដំណាំ និង​ផ្ទះសម្បែង​របស់​គាត់ ក្រោយ​ធ្វើការ​ឈូស​ឆាយ គាត់​តែង​ឮ​ថា មានការ​ដោះ​ដូរ​ដី​ជា​សំណង ប៉ុន្តែ​គាត់​មិន​បាន​ទទួល​ដូច​គេ​ឡើយ ។

ប្រជាពលរដ្ឋ​ទាំង​១១​គ្រួសារ​ខាងលើ​បាន​ស្នើ​ដល់​លោក​អភិបាលខេត្ត​មណ្ឌលគិរី ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ផង ព្រោះ​បញ្ហា​នេះ​បាន​ជាប់​គាំង​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តាំងពី​ជំនាន់​លោក​អភិបាលខេត្ត​ចាស់ លោក ចាន់ យឿ​ន និង​តម​ក​លោក អេ​ង ប៊ុ​ន​ហ៊ា​ង ឥឡូវ​ដល់​ជំនាន់​លោក ស្វាយ សំ​អ៊ា​ង ហើយ​សូម​ជួយ​ដោះស្រាយ​ឲ្យ​បាន​ចប់​ផង ។

ក្នុង​ឯកសារ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថា ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ដែល​មានការ​ប៉ះពាល់ អាជ្ញាធរ​ខេត្ត​ក៏​នឹង​ស្នើ​សុំ​ដល់​ក្រុមការងារ​ក្រសួង ដើម្បី​កាត់​ចេញ និង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ដោយ​ក្នុង​១​គ្រួសារ​ស្នើ​សុំ​ផ្តល់​ជូន​៥​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ដោយ​ត្រូវ​គិត​ចាប់ពី​ទីតាំង​ដែល​បាន​ស្នើ​សុំ​ផ្តល់​ជូន​សម្រាប់​សាសង់​ស្ថានីយ​ផ្គត់ផ្គង់​ទឹក​ស្អាត ។

ពាក់​ព័​ន្ឋ​បញ្ហា​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​នេះ កាលពី​ឆ្នាំ​២០០៣ លោក ខូ​យ ឃុន​ហួរ អតីត​អភិបាលរង​ខេត្ត បាន​ស្នើ​សុំ​រក្សា​ដី​នេះ​ទុក​សម្រាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទំហំ​ច្បាស់លាស់​នោះ​ទេ ។ ម្យ៉ាងវិញទៀត ចំពោះ​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​មិន​បាន​បញ្ជាក់​អំពី​ទំហំ​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​មានការ​លំបាក​ក្នុង​ការ​ដោះស្រាយ ព្រោះថា បញ្ហា​មានការ​ស្មុគស្មាញ និង​ប្រទាក់ក្រឡា​គ្នា ដែល​កន្លង​មក​តាម​ដែល​ខេត្ត​បានដឹង ផ្ទៃដី​សរុប​តំបន់​ភ្នំ​ដោះ​ក្រមុំ​នេះ​មាន​ចំនួន​១០៣​ហិច​តា ប៉ុន្តែ​ក្រោយមក​នៅ​សល់​តែ​៨៧​ហិច​តា ។

លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ដែរ​ថា ផ្ទៃដី​ទីតាំង​ភ្នំ​ដោះ​ក្រមុំ ដែល​ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ មាន​ទំហំ​សរុប​១០៣​ហិច​តា ដោយ​រាប់​បញ្ចូល​ទាំង​ទីតាំង​សំណង់​ផ្សេង​ៗ​ដែល​បាន​សាងសង់​នៅ​ជើងភ្នំ​ផង​ដែរ ។ ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​នេះ ដី​នៅ​សល់​ចំនួន​ត្រឹមតែ​៨៧​ហិច​តា​ប៉ុណ្ណោះ ដោយ​កាត់​ផ្ទៃដី​ពាក់​ព័​ន្ឋ​ចេញ​អស់ លើកលែងតែ​ផ្ទៃដី​ស្នើ​សុំ​ទុក​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ចំនួន​៣​អង្គភាព ៕