ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ដឹង​អ្វីខ្លះ​ក្រោយ​វះកាត់​ប្ដូរ​ប្រឺ​ស​បេះដូង​(Valves)​ធានា​លំហូរ​ឈាម?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត សុខ ផាង ឯកទេស​ជំងឺ​បេះដូង​កុមារ​បាន​ថ្លែង​ថា នៅ​ក្នុង​បេះដូង​មនុស្ស​ធម្មតា​មាន​ប្រឺ​ស (Valves) ចំនួន​៤​។ ប្រឺ​ស​២​នៅ​បេះដូង​ខាងឆ្វេង​គឺ​ប្រឺ​សមី​ត្រា​ល់ (Valve mitrale) និង

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត សុខ ផាង ឯកទេស​ជំងឺ​បេះដូង​កុមារ​បាន​ថ្លែង​ថា នៅ​ក្នុង​បេះដូង​មនុស្ស​ធម្មតា​មាន​ប្រឺ​ស (Valves) ចំនួន​៤​។ ប្រឺ​ស​២​នៅ​បេះដូង​ខាងឆ្វេង​គឺ​ប្រឺ​សមី​ត្រា​ល់ (Valve mitrale) និង​ប្រឺ​ស​សរសៃឈាម​អា​អក (Valve aortique) និង​ចំនួន​២​ទៀត នៅ​បេះដូង​ខាងស្តាំ គឺ​ប្រឺ​ស​ទ្រី​គុយ​ស្ពិ​ត (Valve triscupide) និង​ប្រឺ​ស​សរសៃឈាម​សួត (Valve pulmonaire) ។

ប្រឺ​សទាំង​៤​នេះ​មាន​សារៈសំខាន់​ណាស់ នៅ​ក្នុង​ការ​ធានា​លំហូរ​ឈាម​ពី​ថត​មួយ​ទៅ​ថត​មួយ ឬ​ពី​ថត​មួយ​ទៅ​សរសៃឈាម​ណាមួយ ។ ជំងឺ​ប្រឺ​ស​បេះដូង​មាន​មូលហេតុ​បង្ក​ច្រើន​យ៉ាង ដែល​ក្នុង​នោះ​មួយ​ផ្នែក​ធំ គឺ​បណ្តាល​មក​ពី​ជំងឺ​រលាក​ឈឺបំពង់ក (Angine de la gorge) ដែល​បណ្តាល​មក​ពី​មេរោគ​ឈ្មោះ ស្ត្រិ​បតូ​កូក (Streptocoque hémolytique de groupe A) ។ ក្នុង​កំឡុង​នៃ​ការ​ព្យាបាល​ជំងឺ​ឈឺបំពង់ក ដោយ​លេបថ្នាំ​ផ្សះ (Antibiotiques) មិន​បាន​ត្រឹមត្រូវ និង​គ្រប់​ចំនួន អាច​បង្ក​ឱ្យ​កើតជា​ជំងឺ​ប្រឺ​ស​បេះដូង​ទៅ​ថ្ងៃក្រោយ (Valvulopathies rhumatismales) ។

ក្រៅពី​មូលហេតុ​នេះ ក៏​អាច​មាន​មេរោគ​ផ្សេង​ៗ​ទៀត ឬ​ក៏​ប្រឺ​ស​បេះដូង​មនុស្ស​ចាស់ ក៏​អាច​បង្ក​ជា​ជំងឺ​ប្រឺ​ស​បេះដូង​ដែរ (Endocardite, valve dégénérative…) ។

ក​-​រោគ​សញ្ញា​នៃ​ជំងឺ​ប្រឺ​ស​បេះដូង​ ៖
-​ហត់​ដង្ហក់ ៖ ចាប់ពី​ការ​បញ្ចេញ​កម្លាំង​តិចតួច​រហូត​ដល់​កម្រិត​ធ្ងន់ (Dyspnée d’effort) ឬ​ដេក​សម្រាក​ក៏​ហត់ (Orthopnée) 
-​ហើម​សួត (Œdème aiguë du poumon)
-​ញ័រ​ដើមទ្រូង (Palpitation)
-​ហើមជើង (Œdème des membres inférieurs)
-​ថ្លើម​រីក និង​ឈឺ (Hépatomégalie & Hépatalgie)

ខ​-​វិធី​ព្យាបាល​៖ ជំងឺ​ប្រឺ​ស​បេះដូង គឺ​អាច​ប្រើប្រាស់​ថ្នាំ បើជា​ដំណាក់កាល​តិចតួច​ល្មម​។ ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ គឺ​មាន​តែ​ការ​វះកាត់ ជួសជុល ឬ​ប្តូរ​ប្រឺ​ស​បេះដូង​ទេ ទើប​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​បាន ។ យោង​ទៅ​តាម​លក្ខខណ្ឌ​វេជ្ជសាស្ត្រ ការ​វះកាត់​ប្តូរ​ប្រឺ​ស​បេះដូង​អាច​មាន​២​ជម្រើស​៖

១-​ប្តូរ​ប្រឺ​ស​ប៊ី​យូ​លូ​ស៊ិ​ច (Valve biologique) ៖ ប្រឺ​ស​នេះ​មាន​អាយុកាល​ខ្លី ប៉ុន្តែ​មិន​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​មួយ​ជីវិត​ឡើយ ហើយ​វា​ជា​ប្រឺ​ស​ដែល​គេ​ចម្រាញ់​ចេញពី​សត្វ​ជ្រូក ។ 
២-​ប្តូរ​ប្រឺ​ស​មេកានិច (Valve mécanique): ជា​ប្រឺ​ស​ធ្វើ​ឡើង​អំពី​ដែក មាន​អាយុកាល​វែង ប៉ុន្តែ​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​ពង្រា​វ​ឈាម (Anti-vitamine K) មួយ​ជីវិត ។

គ​-​តើ​លោក​អ្នក​គួរ​យល់​ដឹង​អំពី​អ្វីខ្លះ ក្រោយ​ធ្វើការ​វះកាត់​ប្តូរ​ប្រឺ​ស​មេកានិច (​ប្រឺ​ស​ដែក Valve mécanique) ? 
១-​បន្ទាប់​ពី​ធ្វើការ​វះកាត់ ត្រូវ​ប្រើប្រាស់​ថ្នាំ​ពង្រា​វ​ឈាម (AVK) មួយ​ជីវិត ។ ថ្នាំ​នេះ​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ការពារ​មិន​ឱ្យ​កកឈាម​នៅ​លើ​ប្រឺ​ស​ដែក ដែល​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ផ្ទុយ​មក​វិញ បើ​កំហាប់​ថ្នាំ​ច្រើន​ជ្រុល​ពេក​នៅ​ក្នុង​ឈាម អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ហូរ​ឈាម ។ រោគ​សញ្ញា​នៃ​គ្រោះថ្នាក់​ហូរ​ឈាម (​ពោល​គឺ​កម្រិត​ថ្នាំ​លើស​ជ្រុល​)៖

-​ឈាម​តាម​អញ្ចាញធ្មេញ ពេល​ដុស​ឬ​ពេល​មិន​ដុសធ្មេញ 
-​ទឹកនោម​ពណ៌​ក្រហម
-​បត់ជើងធំ​មាន​ឈាម
-​ចេញ​ស្នាម​ជាំ​នៅ​លើ​ស្បែក
-​ស្លេកស្លាំង បេះដូង​ដើរ​ញាប់ 
-​ចុក ឆ្អល់​ក្នុង​ពោះ​ខ្លាំង 
-​ឈឺក្បាល​ខ្លាំង​…​។

២-​ករណី​ពិសេស​ដោយឡែក​សម្រាប់​ស្ត្រី​ដែល​វះកាត់​ប្តូរ​ប្រឺ​ស​ដែក (Valve mécanique) ហាម​មិន​ឱ្យ​មានគភ៌​ព្រោះ​៖
-​ថ្នាំ​ពង្រា​វ​ឈាម​អាច​បង្ក​ឱ្យ​ទារក​មិន​គ្រប់លក្ខណៈ
-​ថ្នាំ​ពង្រា​វ​ឈាម​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ពេល​សម្រាល ទោះជា​ការ​សម្រាល​តាម​ធម្មជាតិ​ក្តី ឬ​តាម​ការ​វះកាត់​ក្តី ដោយ​មូលហេតុ​ហូរ​ឈាម ។

៣-​អំពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​៖ ជា​ទូទៅ​បន្ទាប់​ពី​វះកាត់​រួច អ្នកជំងឺ​មានជីវិត​រស់នៅ​ដូច​អ្នក​ដទៃ​ធម្មតា ។ លោក​វេជ្ជបណ្ឌិត សុខ ផាង បាន​បញ្ជាក់​ថា​: ប៉ុន្តែ​កត្តា​មួយ​ចំនួន ដែល​លោក​អ្នក​គួរ​យល់​៖

-​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បេះដូង​នៅ​ក្នុង​ករណី​ណា​ដែល​អាច​បង្ក​ឱ្យ​មានការ​ចេញ​ឈាម ដូច​ជា ដក​ធ្មេញ ចាក់​ថ្នាំ​ក្នុង​សាច់ដុំ ការ​វះកាត់​ផ្សេង​ៗ… 
-​ហាម​លេង​កីឡា​ដែល​អាច​បង្ក​គ្រោះថ្នាក់ ដូច​ជា កីឡា​ជិះ​ស្គី កីឡា​វ៉ៃ​បុក​…
-​កុំ​ពិសា​បន្លែ​បៃតង​ច្រើន ព្រោះ​វា​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​ថ្នាំ​ថយ​ចុះ (​ស្ពៃខៀវ សាឡា​ត់ ស្ពៃ​តឿ​…) ។

ការ​ការពារ​កុំឱ្យ​កើត​មាន​ជំងឺ​ប្រឺ​ស​បេះដូង គឺជា​កត្តា​ចម្បង ។ ដូច្នេះ​សូម​បងប្អូន​ត្រូវ​មាន​អនាម័យ​ល្អ ហើយ​បើ​បងប្អូន​មាន​ជំងឺ​ឈឺបំពង់ក សូម​រក​សេវា​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ ។ ប្រសិនបើ​បងប្អូន​មាន​ជំងឺ​ប្រឺ​ស​បេះដូង ឬ​វះកាត់​ប្តូរ​ប្រឺ​ស​បេះដូង​រួច សូម​បងប្អូន​អញ្ជើញ​មក​រក​សេវា​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕