ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​អ្នក​រង​គ្រោះ​ទ្រហោយំ​ទាមទារ​យុត្តិធម៌ សំណុំរឿង​អ្នក​ក្រីក្រ ​២​ឆ្នាំ​ហើយ​ស្ងាត់ឈឹង​

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ រួម​ជាមួយ​កូន​នឹង​ប្អូន​២​នាក់​ផង​នោះ កាលពី​ព្រឹក​ថ្ងៃ​១៩ តុលា បាន​នាំ​គ្នា​មក​ស្រែក​ទ្រ​ហ៊ោ​យំ​ទាំង​ព្រឹក នៅ​ក្នុង​បរិវេណ​សាលាដំបូង​ខេត្ត ទាមទារ​រក​យុត្តិធម៌​ឱ្យ​ប្តី​របស់​គាត់

ខេត្តព្រៃវែង ៖ ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ រួម​ជាមួយ​កូន​នឹង​ប្អូន​២​នាក់​ផង​នោះ កាលពី​ព្រឹក​ថ្ងៃ​១៩ តុលា បាន​នាំ​គ្នា​មក​ស្រែក​ទ្រ​ហ៊ោ​យំ​ទាំង​ព្រឹក នៅ​ក្នុង​បរិវេណ​សាលាដំបូង​ខេត្ត ទាមទារ​រក​យុត្តិធម៌​ឱ្យ​ប្តី​របស់​គាត់ ដែល​ត្រូវ​ក្រុម​ក្មេង​ទំនើង​ព្រួត​គ្នា​ចាក់​សម្លាប់​យ៉ាង​សាហាវឃោ​ឃៅ នៅ​មុខ​ផ្ទះ​របស់​គាត់ ក្នុងភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង កាលពី​ថ្ងៃ​ទី​១៨ មីនា កន្លង​មក ។

ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ អឿ​ន សិត អាយុ​៤៥​ឆ្នាំ បាន​រៀបរាប់​ថា ថ្ងៃ​ដែល​ប្តី​របស់​គាត់​ត្រូវ​ក្រុម​ក្មេង​ទំនើង​ចាក់​ស្លាប់​នោះ គឺជា​ថ្ងៃ​ភ្ជាប់ពាក្យ​កូនស្រី​របស់​គាត់ ដោយ​គ្រួសារ​គាត់ បាន​រៀបចំ​កម្មវិធី​ផឹកស៊ី​ទទួល​ខាង​ដន្លង​ផង និង​អបអរ​កម្មវិធី​ភ្ជាប់ពាក្យ​ផង ដោយ​មានការ​ចាក់​ធុងបាស់​រាំ​កំសាន្ត​ផង​ដែរ ។ ប៉ុន្តែ​ពេល​រាំ​កំសាន្ត​នោះ មាន​ក្រុម​ក្មេង​ទំនើង​ពី​ខាងក្រៅ​ចូល​ទៅ​អុកឡុក ទើប​ប្តី​គាត់​ឈ្មោះ ជា ភា អាយុ​៤៧​ឆ្នាំ ចេញ​ទៅ​ឃាត់ ហើយ​ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​ចាក់​ស្លាប់​តែ​ម្តង ។

ស្ត្រី​ដដែល​នេះ​បាន​បន្ត​ថា ក្រោយ​ពេល​ចាក់​ប្តី​គាត់​ស្លាប់​ភា្ល​ម ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​នាំ​គ្នា​រត់​បាត់​អស់ ឯ​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ជនល្មើស​បាន​ទាំងអស់ តែ​ភ្លាម​ៗ​ចាប់​មនុស្ស​មិន​បាន ព្រោះ​ពួក​គេ​រត់ចោលស្រុក​អស់ ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត ។ ស្ត្រី​ដដែល​បាន​ចោទ​ថា តាំងពី​ពេល​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន​ជិត​២​ឆ្នាំ​ហើយ សំណុំរឿង​នេះ ត្រូវ​តុលាការ​កប់​ទុក​ចោល​មិន​ចាត់ការ​អ្វី​ទាំងអស់ គ្រួសារ​ជន​រង​គ្រោះ​ក៏​មិន​ហៅ​សាកសួរ សាក្សី​ក៏​មិន​ហៅ​សួរ សំណុំរឿង​អ្នក​ក្រីក្រ គឺ​ស្ងាត់ឈឹង​តែ​ម្តង ។

អ្នកស្រី អឿ​ន សិត បាន​បញ្ជាក់​ថា ថ្មី​ៗ​នេះ​គាត់​បានឃើញ​ក្រុម​ក្មេង​ទំនើង​ដែល​ចាក់​សម្លាប់​ប្តី​របស់​គាត់ បាន​នាំ​គ្នា​ចូល​ស្រុក​វិញ​រស់នៅ​ធម្មតា ហើយ​គាត់​ក៏​បាន​ប្តឹង​ទៅ​ប៉ូ​លី​ស​ប៉ុស្ដិ៍​រដ្ឋបាល​អោយ​ចាប់ខ្លួន​ជនល្មើស តែ​ប៉ូ​លី​ស​ប្រាប់​ថា ចាប់​មិន​បាន​ទេ ព្រោះ​គ្មាន​ដីកា​អោយ​ចាប់ខ្លួន ធ្វើ​អោយ​រូប​គាត់​នឹង​ក្រុម​គ្រួសារ​ឈឺចាប់​ស្ទើរតែ​កកឈាម ទើប​សម្រេចចិត្ត​ឡើង​មក​សាលាដំបូង​ខេត្ត ទាមទារ​រក​យុត្តិធម៌​អោយ​ប្តី​របស់​គាត់ ដែល​ស្លាប់​ទៅ ។

ពាក់​ព​ន្ធ័​និង​ករណី​ខាងលើ​នេះ​លោក ញឹក រ៉ា​ន្នី អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ខាងលើ គឺ​ចៅក្រម​លោក តាក់ គី​ម​សៀ ជា​អ្នក​ស៊ើបសួរ លោក​ក៏​ទទួលស្គាល់​ដែរ​ថា សុំ​ណុំ​រឿង​នេះ​គាំង​មែន តែ​ពេល​នេះ​ចាត់ការ​ហើយ និង​រៀបចំ​រុញ​ទៅ​ជម្រះ​ហើយ​។ រីឯ​លោក​ចៅក្រម​ស៊ើបសួរ​លោក តាក់ គី​ម​សៀ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​មូលហេតុ​ដែល​លោក​កប់​សំណុំរឿង​នេះ​ទុក​ចោល​មិន​ព្រម​ចាត់ការ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​គ្រួសារ​ស្ដ្រី​ខាងលើ នាំ​គ្នា​ទៅ​ស្រែកយំ​ទាមទារ​រក​យុត្តិធម៌​នៅ​មុខ​សាលាដំបូង ដោយ​មាន​ទាំង​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់ បាន​ទៅ​សម្ភាសន៍​និង​សាកសួរ​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ស្រាប់តែ​ស្អែក​ឡើង​ព្រឹក​ថ្ងៃ​ទី​២០ តុលា លោក​ឧត្តមសេនីយ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ខាង​តុលាការ​បាន​បញ្ជូន​ដីកា​ចាប់​ជនសង្ស័យ​មក​ដល់​ស្នងការដ្ឋាន​ខេត្ត​ហើយ ប៉ុន្តែ​ដីកា​នោះ​មាន​ស្នាម​កោស​លុប​ជា​ច្រើន​នៅ​ត្រង់​លេខ និង​ថ្ងៃខែ ទើប​ធ្វើ​អោយ​គេ​សង្ស័យ​ថា ដីកា​នេះ​ធ្វើ​រួច​យូរហើយ​តែ​មិន​ចេញ ។ លុះដល់​មានរឿង​តវ៉ា​ពី​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ ទើប​បញ្ចេញ​ឱ្យ​ប៉ូ​លី​ស ៕