ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ស្នេហ៍​ត្រីកោណ ប្រពន្ធដើម​​ជួល​ឃាតករ​ថ្លៃ​១ពាន់​ដុល្លារ​ឱ្យ​ប្រហារជីវិត​ប្តី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់ ពី​ហេតុការណ៍​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​បាន​ឃាតករ​វាយ​សម្លា.ប់​រួច​យក​ដុំ​ថ្ម​ចង​សណ្ដូន​

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់ ពី​ហេតុការណ៍​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​បាន​ឃាតករ​វាយ​សម្លាប់​រួច​យក​ដុំ​ថ្ម​ចង​សណ្ដូន​ទម្លាក់​ទឹក​ប្រឡាយ​កប់​ក្នុង​គំនរ​សំរាម រហូត​ហើម​ស្អុយ​ទៅ​ហើយ​ទើប​គេ​ដឹង ហើយ​ភ្លាម​ៗ​នោះ​ឃាតករ​មិន​ត្រូវ​បាន​វែកមុខ​នោះ​ឡើយ ។ ចំណែក​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ ។ ក្រោយ​ពី​ត្រូវ​ស្ត្រី​ដែល​អះអាង​ថា ជា​ប្រពន្ធដើម និង​ចុង​ចេញ​មុខ​អះអាង​ពី​អត្តសញ្ញាណ​របស់​អ្នក​ដែល​ស្លាប់​ថា​ជា
ប្តី​របស់​ខ្លួន ។

រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២០ តុលា សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​ឃាតករ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​ម្នាក់ ។ ជនជាប់ចោទ​ជា​ឃាតករ​បាន​សារភាព​ថា ប្រពន្ធដើម​របស់​ជន​រង​គ្រោះ គឺជា​អ្នក​ជួល​ខ្លួន​ឲ្យ​សម្លាប់ ដោយ​ឲ្យ​ថ្លៃ​ឈ្នួល​ចំនួន​១​ពាន់​ដុល្លារ ។ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា នេះ​ជា​រឿង​ស្នេហា​ត្រីកោណ​ខឹង​ប្ដី​ក្បត់ចិត្ត​ទៅ​មាន​ប្រពន្ធចុង​ម្នាក់​ទៀត ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​នៅ​ក្នុង​ទឹក​ប្រឡាយ​មួយ​កន្លែង ដោយ​មាន​គេ​ចង​ថ្ម​សណ្តូន​ពន្លិច​ផង មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ កៅ ផា អាយុ​៤៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ឈ្មួ​ល​ពី​ខេត្តស្វាយរៀង​ចូល​ទៅ​ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង ។

បុរស​រង​គ្រោះ​មាន​ប្រពន្ធដើម​ឈ្មោះ សៅ សំ​អឿ​ន អាយុ​៤៦​ឆ្នាំ មានកូន​ចំនួន​៤​នាក់ ប្រុស​៣​នាក់ ស្រី​១​នាក់ រស់នៅ​ក្នុង​បន្ទុកគ្រួសារ និង​ប្រពន្ធចុង​ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងភូមិ​ចុង​ព្រែក ឃុំ​កំពង់​ព្រែក ស្រុក​រមាស​ហែក និង​មានស្រុក​កំណើត​ភូមិ​តា​ហង់ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធចុង​នោះ​មិន​មានកូន ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ត្រូវ​សម្លាប់​ឈ្មោះ កៅ ផា បាន​ចេញពីផ្ទះ ដោយ​បើកបរ​រថយន្ត​ម៉ាក សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4728 និង​ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៥​ជី​ផង​ដែរ គឺ​បាន​ដឹក​ម៉ូយ​ទៅ​ខេត្តសៀមរាប​ក៏​បាត់​ដំណឹង​តែ​ម្តង ។

លុះដល់​ថ្ងៃ​ទី​១៦ តុលា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព​ត្រូវ​ឃាតករ​វាយ​សម្លាប់​រួច​យក​ខ្សែ​នីឡុង​ចងជើង​ទាំង​ពីរ ព្រមទាំង​យក​ខ្សែ​គោ​ចង​ជាប់​ចង្កេះ រួច​បាន​យក​ដុំ​ថ្ម​ចង​សណ្ដូន​ទម្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​សំអុយ ។ បន្ទាប់​ពី​ការ​ធ្វើ​កោសល្យវិច័យ​រួល​រាល់ នគរបាល​បាន​នាំ​យក​សាកសព​ទៅ​ដាក់​ឈាបនដ្ឋាន​វត្ត​គោក​ចំបក់ រង់ចាំ​ក្រុម​គ្រួសារ​ទៅ​ទទួលយក ប៉ុន្តែ​មិនឃើញ​ក៏​សម្រេច​បូជា​នៅ​ទីនោះ ព្រោះ​មិន​អាច​រក្សា​សព​ទុក​បាន​យូរ​នោះ​ទេ ព្រោះ​ពេល​ប្រទះ​ឃើញ​នោះ​សព​មាន​ស្ថានភាព​ហើម​ស្អុយ​ទៅ​ហើយ ។ លុះដល់​វេលា​ល្ងាច​ថ្ងៃ​ទី​១៥ តុលា ទើប​មាន​ស្ត្រី​២​នាក់​ដែល​ជា​ប្រពន្ធដើម និង​ប្រពន្ធចុង ព្រមទាំង​កូន​បាន​ទៅ​រក​និង​អះអាង​ថា អ្នក​ស្លាប់​គឺជា​ប្ដី និង​ជា​ឪពុក​របស់​ខ្លួន ដោយ​ចំណាំ​តាម​រយៈ​សម្លៀក​បំពាក់ និង​ខ្សែក្រវាត់​ដែល​នគរបាល​បាន​ដោះ​ទុក​មុន​ពេល​បូជា ទើប​ពេល​នោះ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​របស់​សព ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​ប្រពន្ធដើម​បាន​និយាយ​ប្រាប់​នគរបាល​ថា ប្ដី​របស់​ពួក​គាត់​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ សូ ផា ហៅ អ៊ូ​ក អាយុ​៣០​ឆ្នាំ ដែល​មាន​មុខរបរ​បើកបរ​រថយន្តឈ្នួល​ដែរ និង​មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ជួល​រថយន្ត​ប្ដី​គាត់​ជិះ ដោយ​ប្រាប់​ថា​ទៅ​កាន់​ខេត្តសៀមរាប ទាំង​ទៅ​និង​មក​ក្នុង​តម្លៃ​២៥០​ដុល្លារ​អា​មេ​រិ​ក ។

បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ ក៏​បាន​ចាក​ចេញពីផ្ទះ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ តុលា ខណៈនោះ​រូប​គាត់​ដែល​ជា​ប្រពន្ធដើម​បាន​ទំនាក់ទំនង​សួរនាំ​ប្ដី​តាម​ទូរស័ព្ទ​ជា​ញឹកញាប់​ហើយ​បាន​ខ​ល​ចូល និង​ទាក់ទង​គ្នា​បាន​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​ខ​ល​លែង​ចូល ហើយ​២​ថ្ងៃ​ក្រោយមក​ទើប​គេ​ប្រទះ​ឃើញ​សព​ប្តី ។

សមត្ថកិច្ច​បាន​ចាប់អារម្មណ៍​ផង​ដែរ គឺ​នៅ​ពេល​ដឹង​ថា​ប្ដី​ស្លាប់ នាង​ប្រពន្ធចុង​បាន​សោក សង្រេង​ដោយសារ​ស្តាយស្រណោះ​ជីវិត​ប្តី ផ្ទុយ​ទៅ​វិញ​ប្រពន្ធដើម​អត់​យំ​សោះ និង​មាន​ទឹកមុខ​ធម្មតា​ៗ​គួរ​ឲ្យ​មានការ​សង្ស័យ ។ ដើម្បី​វែកមុខ​ឃាតករ ខណៈនោះ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ស្រាវជ្រាវ​រៀង​ៗ​ខ្លួន​។ ប្រភព​ដដែល​បាន​បន្ត​ថា រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២០ តុលា ទើប​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ចេញស្នាដៃ បំបែកសំណុំរឿង​ដ៏​អាថ៌​កំបាំង​មួយ​នោះ ដោយ​បាន​កំណត់​មុខសញ្ញា​ឃាតករ និង​អ្នក​នៅ​ពីក្រោយ​ខ្នង ហើយ​បាន​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​ម្នាក់​ឈ្មោះ សូ ផា ហៅ អ៊ូ​ក នៅ​ចំណុច​ផ្ទះ​ជួល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​របង​រោងចក្រ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​ជន​នេះ​ហើយ​ដែល​ជួល​រថយន្ត​ថា​ជិះ​ទៅ​សៀមរាប ។

ក្រោយ​ការ​ចាប់ខ្លួន​ជន​នេះ​បាន​សារភាព​ប្រាប់​កម្លាំង​កងរាជអាវុធហត្ថ​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​មែន ដោយ​ប្រពន្ធដើម​បុរស​នោះ​ឈ្មោះ សៅ សំ​អឿ​ន ជា​អ្នក​ជួល​ឲ្យ​សម្លាប់​ដោយ​ឲ្យ​ថ្លៃ​ឈ្នួល​ចំនួន​១​ពាន់​ដុល្លារ ។ បន្ទាប់​មក​ពួក​គេ​បាន​រៀបចំ​ផែនការ​នាំ​ជន​រង​គ្រោះ​ទៅ​សម្លាប់ ដោយ​បាន​ឲ្យ​ខ្លួន​ជា​អ្នក​ជួល ជន​រង​គ្រោះ​ឲ្យ​ដឹក​ទៅ​កាន់​ខេត្តសៀមរាប ក្នុង​តម្លៃ​២៥០​ដុល្លារ​អា​មេ​រិ​ក ហើយ​ពេល​ទៅ​ដល់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ខណៈ​ពេល​ជន​រង​គ្រោះ​ឈប់​រថយន្ត ចុះ​បត់ជើងតូច​(​នោម​)​ខ្លួន​ក៏​បាន​វាយ​ពីក្រោយ​រហូត​ដល់​ស្លាប់ រួច​បាន​ដឹក​សព​ត្រឡប់​យក​ទៅ​ចោល​ក្នុង​ប្រឡាយ​ទឹក​នោះ​តែ​ម្ដង ។ បន្ទាប់​មក ក៏​បាន​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុងស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ កាលពី​ថ្ងៃ​ទី​១៨ តុលា ហើយ​ក្រោយ​ពេល​បាន​ចម្លើយ​សារភាព​ខ្លះ​ៗ​ពី​ជន​នោះ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធដើម និង​អ្នក​ពាក់ព័ន្ធ​ឯទៀត ។

តាម​ប្រភព​ក្រៅផ្លូវការ​ខ្លះ​បាន​និយាយ​ថា ឃាតករ​ដៃដល់​មាន​២​នាក់ រួម​ជាមួយ​ស្រី​ស្នេហ៍​ម្នាក់​ផង ។ ប៉ុន្តែ​ប្រភព​ខ្លះ​ទៀត​ថា ស្រី​ស្នេហ៍​របស់​ជន​ដៃដល់​មិន​មាន​ពាក់ព័ន្ធ​ទេ ។

ដោយសារ​ការ​ចាប់​បាន​ជន​ដៃដល់​ត្រូវ​បាន​អ្នក​ចាប់​កំពុង​លាក់បាំង មិន​បញ្ចេញ​ព័ត៌មាន​ឱ្យ​អ្នក​សារព័ត៌មាន​បានដឹង​នោះ ទើប​ការ​ផ្សាយ​ពី​ព័ត៌មាន​ពិត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ។

ចាប់​បាន​ឧក្រិដ្ឋជន គឺជា​ស្នាដៃ​ធំធេង​ណាស់ ឯការ​លាក់បាំង គឺជា​រឿង​ផ្សេង​ទៀត នាំ​ឱ្យ​មានការ​សង្ស័យ​ផ្សេង​ៗ តើ​ចាំបាច់​អី​ត្រូវ​ព្យាយាម​លាក់​យ៉ាងនេះ ?