ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ចោទ​ក្រុមហ៊ុន​លក់​ដី​ខ្យល់​ឱ្យ​ពួក​គាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា បាន​នាំ​គ្នា​ទៅ​កាន់​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា បាន​នាំ​គ្នា​ទៅ​កាន់​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ជេ​ម ខេ​ម អ៊ីន​វេស
មេន ដែល​មាន​អាសយដ្ឋាន​លេខ​៣១ ផ្លូវ​លេខ​៣០៦ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​លក់​ដី​ខ្យល់​ឱ្យ​ពួក​គាត់ ។

ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​និយាយ​ថា ពួក​គាត់​បាន​ប្រគល់​ប្រាក់​ពេញ​ថ្លៃ​ជា​មុន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ចំពោះ​ការ​ទិញ​ដី​នោះ ហើយ​ពេល​ពួក​គាត់​មក​សួរ​រក​ដី គឺ​ក្រុមហ៊ុន​តែង​ឆ្លើយ​ម្តង​យ៉ាងនេះ ម្តង​យ៉ាងនោះ ធ្វើ​ឱ្យ​ពួក​គាត់​អស់សង្ឃឹម​ព្រោះ​អ្នកទិញ​ដី​តែ​មិនដឹង​ដី​នៅឯណា ទើប​នាំ​គ្នា​មក​សាកសួរ​ឱ្យ​ដឹង​ស​-​ខ្មៅ ។

លោក កែប កែន អាយុ​៤០​ឆ្នាំ និយាយ​ថា គាត់​ជា​អាជីវករ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​ទិញ​ដី​ពី​ក្រុមហ៊ុន ជេ​ម ខេ​ម អ៊ីន​វេស​មេន ចំនួន​៣​ឡូត៍ ដោយ​មាន​ទំហំ​ក្បាលដី​៥​ម៉ែត្រ បណ្តោយ​២០​ម៉ែត្រ ។ ក្នុង​មួយ​ឡូត៍​គាត់​ទិញ​ក្នុង​តម្លៃ​១.៣៨០​ដុល្លារ ដោយ​បង់ប្រាក់​ជា​មុន​ដាច់​តែ​ម្តង​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ដែល​កាលនោះ​ក្រុមហ៊ុន​មាន​ស្នាក់​ការ​ត្រឹមត្រូវ​នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស ។

ក្រោយ​ពី​ពួក​គាត់​បាន​ទិញ​ដី​រួច​ហើយ គឺ​ដី​ទាំងនោះ​មាន​ប្លង់​គំរូ​អភិវឌ្ឍន៍ ដែល​មា​នទី​តាំងនៅ​ក្នុងស្រុក​កណ្តា​ស្ទឹង ខេត្តកណ្តាល ។ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៨​ឆ្នាំ​ហើយ​លុះ​ពួក​គាត់​ទៅ​មើល​ដី​នោះ ស្រាប់តែ​មាន​ក្រុមហ៊ុន​ចិន​មួយ​អះអាង​ថា «​ដី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន ជេ​ម ខេ​ម អ៊ី​ន​វេស​មេន លក់​ឱ្យ​ក្រុមហ៊ុន​របស់​គេ​ហើយ​» ។
លុះ​គាត់​មក​សួរ​ភាគី​ខាង​ក្រុមហ៊ុន​វិញ​បាន​ប្រាប់​ថា «​ដី​ដែល​ពួក​គាត់​ទិញ​ពី​ក្រុមហ៊ុន​នោះ ត្រូវ​បាន​គេ​រំលោភ​យក​បាត់​អស់ហើយ និង​ប្រាប់
ពួក​គាត់​ឱ្យ​បង្វិល​ដី​ទាំងនោះ​ឲ្យ​ទៅ​ក្រុមហ៊ុន​វិញ ដោយ​ក្រុមហ៊ុន​ធានា​សង​ប្រាក់​ទៅ​តាម​ដំណាក់កាល​ទៅ​អ្នកទិញ​វិញ​» ។

ប្រភព​ដដែល​រៀបរាប់​ទៀត​ថា ចាប់តាំងពី​ពេល​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​ពី​តំណាង​ក្រុមហ៊ុន​បែប​នេះ គាត់​ក៏​បាន​មក​ធ្វើ​កិច្ចសន្យា​ឱ្យ​ផ្តល់​ប្រាក់​វិញ​ជា​សំណង​នៃ​តម្លៃ​ដី​នោះ ដោយ​ធ្វើ​កិច្ចសន្យា​ផ្តល់​ជា​ដំណាក់កាល និង​ទៅ​តាម​លទ្ធភាព​របស់​ក្រុមហ៊ុន ។ ក្រោយ​ពី​ទទួល​បាន​កិច្ចសន្យា​ពី​ក្រុមហ៊ុន រូប​គាត់​ក៏​បាន​មក​សាកសួរ និង​ទារប្រាក់​សំណង​វិញ​ចំនួន​៦​លើក​មក​ហើយ តែ​ភាគី​ខាង​ក្រុមហ៊ុន​មិន​ដែល​បាន​ផ្តល់​ប្រាក់​មួយ​រៀល​មក​វិញ​ឡើយ មាន​ន័យ​ថា ដី​ក៏​មិនឃើញ លុយ​ក៏​មិន​បាន​។

ក្រោយ​ពី​ការ​តាម​សាកសួរ​អំពី​ព័ត៌មាន​ខាងលើ​នេះ ភាគី​ខាង​ក្រុមហ៊ុន​ក៏​តែងតែ​ធ្វើ​កិច្ចសន្យា​ជា​បន្តបន្ទាប់​ទៀត តែ​ប្រាក់​ពួក​គាត់​ក៏​នៅ​តែ​មិន​ទទួល​បាន​ដដែល​រហូត​មក​ដល់​បច្ចុប្បន្ន ។ ហេតុនេះ​ហើយ​ទើប​ពួក​គាត់​លើកគ្នា​មក​កាន់​ស្នាក់​ការ​ក្រុមហ៊ុន​នា​ពេល​នេះ ដើម្បី​ធ្វើការ​ទាមទារ​ប្រាក់​របស់​ពួក​គាត់​ទៅ​តាម​អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា ។

ពលរដ្ឋ​ដែល​តវ៉ា​បាន​បង្ហាញ​ថា ការ​ចំណាយ​លុយ​បង់​ឱ្យ​ក្រុមហ៊ុន​ដោយសារ​មានការ​ជឿជាក់ ព្រោះ​ឃើញ​ក្រុមហ៊ុន​បើក​ស្នាក់​ការ​យ៉ាង​ធំ និង​ថែម​ទាំង​មានការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ទៀត​ផង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ទុកចិត្ត​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ទិញ​ម្នាក់​ៗ​ចាប់ពី​មួយ​ប្លង់​រហូត​ដល់​៥​ទៅ ៦​ប្លង់​ក៏​មាន ទៅ​តាម​ធនធាន​រៀង​ៗ​ខ្លួន ។

ការ​ចាញ់បោក​ក្រុមហ៊ុន ជេ​ម ខេ​ម អ៊ីន​វេស​មេន នេះ​ដែរ មិនមែន​មាន​តែ​ពួក​គាត់​រាប់រយ​គ្រួសារ​នេះ​ទេ គឺ​មាន​រហូត​ដល់​រាប់​ពាន់​គ្រួសារ​ឯណោះ ហើយ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​ទទួល​បាន​ដី និង​ប្រាក់​មក​វិញ​ដែរ ។ ការ​ដែល​ពួក​គាត់​នាំ​គ្នា​មកនេះ ក៏​ព្រោះ​ទើប​ទទួល​បាន​ដំណឹង​ពី​ទីតាំង​ស្នាក់​ការ​ក្រុមហ៊ុន​ដែល​រើ​ចេញពី​ទីតាំង​ចាស់ ។

ការ​នាំ​គ្នា​មក​កាន់​ស្នាក់​ការ​របស់​ក្រុម​ម​ហ៊ុន​ខាងលើ​នេះ ពួក​គាត់​មួយ​ចំនួន​តូច​គឺ​ទទួល​បាន​ប្រាក់​តែ​ចំនួន​១០០​ដុល្លារ​ប៉ុណ្ណោះ ចំណែកឯ​មួយ​ចំនួន​ធំ​ទៀត​មិន​ទាន់​ទទួល​បាន​ឡើយ ដោយ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ពន្យារពេល​ជា​បន្ត​ទៀត ហើយ​ពួក​គាត់​ក៏​ពុំ​មាន​ជំនឿ​ទៅ​លើ​ក្រុមហ៊ុន​នេះ​ទៀត​ដែរ ។

ប្រជាពលរដ្ឋ​ទាំងនេះ​បាន​អំពាវនាវ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​ពួក​គាត់​ផង ដែល​ម្នាក់​ៗ​សុទ្ធតែ​បាន​ចាញ់បោក​ក្រុមហ៊ុន​ធ្វើ​នំ​អត់​ម្សៅ​ខាងលើ អស់ប្រាក់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ឯ​ដី​ក៏​មិនឃើញ​ប្រាក់​ក៏​មិន​បាន​មក​វិញ ។ ជា​ពិសេស សុំ​ការ​ធ្វើ​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្តង ៕