ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កម្ពុជា​ផ្ដន្ទាទោស​ក្រុម​មន្ត្រី​អា​មេ​រិ​ក​ឆបោក​ប្រាក់​1​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី លោក ស្វាយ តុញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី លោក ស្វាយ តុញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ និង​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​២​នាក់​ផ្សេង​ទៀត ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ១​ឆ្នាំ និង​បង្គាប់​ឱ្យ​រួម​គ្នា​សង​សំណង​ជា​ប្រាក់​១​លាន​ដុល្លារ​ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី រួម​ទាំង​សំណង​ជំងឺ​ចិត្ត​៣០០​លាន​រៀល​ផង​ដែរ​ដល់​លោកស្រី អេ​ង លី​គង់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក ។

ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ឆបោក​នេះ គឺជា​អតីត​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក ស៊ីវ ស៊ី​ចាន់ ដែល​មាន​ដើម​កំណើត​ខ្មែរ និង​លោក សាន រិ​ឆ័​រ ជា​អ្នកជំនួញ​សញ្ជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ រួម​ទាំង​ជនជាតិ​អា​មេ​រិ​កាំ​ង​២​នាក់​ទៀត​មាន ឈ្មោះ Thomas Willems ជា​អ្នកជំនួញ និង​លោក William Nojay ជា​សមាជិក​សភា​ប្រចាំ​រដ្ឋ​ញូ​វ​យ៉​ក ។ ប៉ុន្តែ​លោក William nojay បាន​សម្លាប់​ខ្លួន​កាលពី​ពាក់កណ្ដាល​ខែកញ្ញា ដែល​គេ​សង្ស័យ​ថា ការ​ធ្វើ​អត្តឃាត​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឆបោក​ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នៅ​អា​មេ​រិ​ក បូក​រួម​ទាំង​សំណុំរឿង​១​លាន​ដុល្លារ​នេះ​ផង ។

សូម​រំលឹក​ថា ក្នុង​សវនាការ​បើ​តាម​អង្គហេតុ​នៃ​រឿង​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១២ ឈ្មោះ សាន រិ​ឆ័​រ បាន​បញ្ចុះបញ្ចូល​អ្នកស្រី អេ​ង លី​គង់ ម្ចាស់​មន្ទីរ​ព្យាបាល​ធ្មេញ​ម៉ា​ស្ទ័​រ​ឲ្យ​បោះទុន​១​លាន​ដុល្លារ​ទៅ​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ ថា​អាក្រា​(AKRA) ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាប់ចោទ​ទាំង​៤​នាក់ ដែល​មាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក និង​នៅ​កម្ពុជា​ផង​ដែរ ។ ក្នុង​ការ​បោះទុន​នេះ​ក្រុមហ៊ុន​អាក្រា​ដែល​មាន​លោក William Nojay ជា​ប្រធាន​ហេរញ្ញិក​បាន​សន្យា​ថា​នឹង​ឲ្យ​អ្នកស្រី​ធ្វើ​ជា​សមាជិក​គណៈកម្មការ​ក្រុមហ៊ុន ដើម្បី​ឲ្យ​អ្នកស្រី​មាន​សិទ្ធិ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់​ទាំង​គ្រួសារ​តែ​ម្ដង ។ ប៉ុន្តែ​ក្រោយ​ពេល​អ្នកស្រី​អេ​ង លី​គង់ បាន​ផ្ទេរ​លុយ​ទៅ​ឲ្យ​បុគ្គល​ទាំង​៤​នាក់​ហើយ លោក សាន រិ​ឆ័​រ និង​លោក ស៊ីវ ស៊ី​ចាន់ បាន​លាឈប់​ពី​ក្រុមហ៊ុន​ដើម្បី​ផ្តាច់​ការ​ទាក់ទង​រវាង​អ្នកស្រី អេ​ង លី​គង់ និង​ក្រុមហ៊ុន​នេះ​តែ​ម្តង រីឯ​អ្នកស្រី​ក៏​មិន​ដែល​បាន​ធ្វើ​ជា​សមាជិក​គណៈកម្មការ​ក្រុមហ៊ុន​ដូច​ការ​សន្យា​នោះ​ដែរ ។ អ្នកស្រី​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​បុគ្គល​ទាំង​៤​នាក់​នេះ​ទាមទារ​ប្រាក់​១​លាន​ដុល្លារ​មក​វិញ​បូក​រួម​ទាំង​ជំងឺ​ចិត្ត​២០​ម៉ឺន​ដុល្លារ ។

ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​២០ តុលា ក្រុម​មេធាវី​ទាំង​សងខាង​បាន​ឆ្លើយ​ការពារ​កូនក្តី​រៀង​ៗ​ខ្លួន​ដោយ​លើក​អំណះអំណាង​ផ្សេង​ៗ ។ លោក អ៊​ន ហ៊ីង មេធាវី​ការពារ​ឲ្យ​អ្នកស្រី អេ​ង លី​គង់ បាន​ថ្លែង​ថា ជនជាប់ចោទ​ទាំង​៤​នាក់​ដែល​គ្មាន​វត្តមាន​ក្នុង​សវនាការ គឺជា​ក្រុម​ឆបោក​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ ។ លោក​ថ្លែង​ថា ពួក​គេ​រៀបចំ​ដើម្បី​បោក​លុយ​ពី​កូនក្តី​លោក​។ ក្រោយ​ពេល​ឆបោក​បាន​ហើយ​អ្នកខ្លះ​បាន​លាឈប់ ដើម្បី​ផ្តាច់ទំនាក់ទំនង​ពី​កូនក្តី​របស់​លោក ពី​ក្រុមហ៊ុន គឺ​ពួក​គេ​មាន​គម្រោង​ទុក​មុន​ជា​ស្រេច ដូច្នេះ​នេះ​ជា​អំពើ​ឆបោក​ពិតប្រាកដ ។

លោក​ថ្លែង​ទៀត​ថា ក្រុមហ៊ុន​អាក្រា​មិន​មាន​សកម្មភាព​ទេ ទោះជា​បាន​ចុះបញ្ជី​ក៏​ដោយ ដោយសារ​អ្នកស្រី អេ​ង លី​គង់ ដែល​បាន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ​មិន​ដែល​ទទួល​បាន​របាយការណ៍​ហិរញ្ញវត្ថុ​ម្តងណា​ឡើយ ។ លើស​ពី​នេះ​ទៀត​ក្រុម​នេះ​បាន​ក្លែង​តួនាទី​ថា គាត់​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប​. តែ​តាម​ពិត​គាត់​បាន​ចប់​អាណត្តិ​ជា​យូរ​មក​ហើយ ។ ចំណែក​ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ​បី​នាក់​បាន​អះអាង​ថា ក្រុមហ៊ុន​អាក្រា​នៅ​តែ​មានដំណើរ​ការ​ដោយ​បាន​លើកយក​របាយការណ៍​ហិរញ្ញវត្ថុ​ពី​អា​មេ​រិ​ក​ដែល​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​នៅ​មាន​ប្រាក់​២,៨​លាន​ដុល្លារ ហើយ​ថា​ក្រុមហ៊ុន​បាន​ចេញ​លិខិតបញ្ជាក់​ថា អ្នកស្រី អេ​ង លី​គង់ គឺជា​សមាជិក​គណៈកម្មការ​ក្រុមហ៊ុន ។

ក្រុម​មេធាវី​បន្ត​ថា ក្រុមហ៊ុន​អាក្រា​នៅ​កម្ពុជា​មិន​អាច​ដំណើរការ​បាន​ទេ ដោយសារ​តែ​ពាក្យបណ្ដឹង​នេះ និង​មានការ​ស្នើ​សុំ​មិន​ឲ្យ​ជនជាប់ចោទ​ចាក​ចេញពី​កម្ពុជា​កាលពី​ដំបូង​។ ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​បាន​ស្នើ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​កូនក្តី​របស់​លោក​រួច​ផុត​ពី​បទ​ចោទ ។ ក៏​ប៉ុន្តែ​មេធាវី​របស់​ដើមបណ្តឹង និង​តំណាង​អយ្យការ​បាន​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​ក្នុង​កម្រិត​អតិបរមា​នៃ​បទ​ឆបោក ។

តំណាង​អយ្យកា​រលោក ចែ សុង បាន​ស្នើ​ទៅ​ចៅក្រម​ថា «​តំណាង​អយ្យការ​យល់​ឃើញ​ថា មាន​ភ័ស្តុតាង និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា ពិតជា​មាន​ករណី​ឆបោក​មែន ។ តំណាង​អយ្យការ​សូម​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​តាម​មាត្រា​៣៧៧ និង​៣៨០​ចំណុច​ទី​៥​នៃ​ក្រមព្រហ្មទណ្ឌ​» ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ តុលា ទើប​ចៅក្រម​តុលាការ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​ជាប់​ទាំង​៤​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ១​ឆ្នាំ បង្គាប់​ឱ្យ​រួម​គ្នា​សង​ដល់​ដើមបណ្ដឹង​១​លាន​ដុល្លារ និង​ជំងឺ​ចិត្ត​៣០០​លាន​រៀល បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​នៃ​ច្បាប់ ៕