ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ីធី​អិន​និង​ស៊ីអិន​ស៊ីថ្ងៃ​សៅរ៍​និង​អាទិត្យ​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ តុលា ការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​មាន​ចំនួន​២​គូ​គឺ​អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ តុលា ការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​មាន​ចំនួន​២​គូ​គឺ​អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Vigo Sor.Dachai ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម និង​ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Panthorng Sit.Jaka ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។

សម្រាប់​ការ​ប្រកួត​លើក​នេះ​អាំង សំអាត មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​យកឈ្នះ​លើ​គូប្រកួត ព្រោះ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​រវាង​កីឡាករ​ទាំង​២​ឃើញ​ថា អាំង សំអាត មានបទពិសោធន៍​ប្រកួត​ច្រើន​ជាង​គឺ​មាន​រហូត​ដល់​ទៅ​៩១​ដង ឈ្នះ​៦៩​ដង ចាញ់​១៧​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង​។ ចំណែក​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​បាន​៥២​ដង ឈ្នះ​៤៣​ដង ចាញ់​៩​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង ។ យោង​តាម​ប្រវត្ដិ​និង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​ស្នៀត​កែង និង​ជង្គង់​ទៀត​ផង​នោះ អាំង សំអាត សង្ឃឹម​ឈ្នះ​ច្រើន ។

ចំណែក​ថុ​ល មក​រា ទោះបីជា​គេ​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​ក្ដី ក៏​អ្នកគាំទ្រ​នៅ​តែ​មាន​ជំនឿ​ចិត្ដ​លើ​កីឡាករ​រូប​នេះ​ដែរ​ព្រោះគេ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​សឿង​ខ្លាំង​ណាស់ ។ ថុ​ល មក​រា ធ្លាប់​ប្រកួត​៥៥​ដង ឈ្នះ​៣៧​ដង ចាញ់​១៧​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៤​ដង ។ រីឯ​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​បាន​៨២​ដង ឈ្នះ​៦០​ដង ចាញ់​២០​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។

ក្រៅពី​គូ​អន្តរជាតិ​នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​គូ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ផង​ដែរ​ដូច​ជា​កីឡាករ​ទេស សុខ​ហេង មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករខាំ រស្មី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ​រស់ វិបុល មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​សេក មក​រា មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប និង​គូ​ចុង​ក្រោយ​កីឡាករ​ប្រាក់ ស៊ី​ណាត មក​ពី​ក្លិប​តា​ឯក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​សៅ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។

ដោយឡែក​សមាសភាព​គូ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​យប់​ថ្ងៃ​សៅរ៍​ទី​២២ តុលា​នេះ​មាន​ដូច​ជា​កីឡាករ ឃុន សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Manavthorng Netnamchai ។ គេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ជុំ​ទី​១ ឃុន សំខាន់ បាន​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ​Kongmethy SitPumpeun ឱ្យ​សន្លប់​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​មាន​ជំនឿ​ចិត្តច្រើន​ថា​នឹង​រកបាន​៣​ពិន្ទុ​បន្ថែម។ ឃុន សំខាន់ ធ្លាប់​ប្រកួត​បាន​៨២​ដង ឈ្នះ​៦១​ដង ចាញ់​១៨​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ។

មួយគូ​ទៀត​កីឡាករ ផង់ សុភាព មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​មាន​៣​ពិន្ទុ​នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Kongmethy Sit Pumpeun ដែល​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​១០២​ដង ឈ្នះ​៨០​ដង ចាញ់​១៩​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ចំណែក​ផង់ សុភាព វិញ​ធ្លាប់​ប្រកួត​បាន​៧៦​ដង ឈ្នះ​៦១​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ។

សម្រាប់​គូប្រកួត​មិត្តភាព​វិញ​មាន​កីឡាករ​ភិន សុទី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ​ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ​សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។

នៅ​ថ្ងៃអាទិត្យ​ ទី​២៣ តុលា ក៏​មានការ​ប្រកួត​ប្រដាល់​លក្ខណៈ​អន្ដរជាតិ​ផង​ដែរ ។ គូ​អន្ដរជាតិ​មាន​កីឡាករ​ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phitkangvan Sor Samnik ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ​គង់ សំបូរ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Denlampao  Sor  Phungsit ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​មាន​ដូច​ខាងក្រោម ។ កីឡាករ សឹ​ង្ហ រាជសីហ៍ មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ស៊ិ​ន សុវណ្ណ​ដេ​ត មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ សាន ឡាក់​ហា​យ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករលី​ន កុសល មក​ពី​ក្លិប​បុរី​រាជសីហ៍ ។ កីឡាករ នួន ដេ​វីត មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ពេញ កុសល មក​ពី​ក្លិប​កុមារ​ទេព និង​កីឡាករ ឡុ​ង ចំរើន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ហុង ហ៊ី​ម មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕