ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​ប្រពន្ធ​នាំ​កូន​និង​ប្អូន​មក​ស្រែ​ទ្រហោយំ ទាមទារ​យុត្តិធម៌​ឲ្យ​ប្តី

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ រួម​ជាមួយ​កូន និង​ប្អូន​២​នាក់ បាន​នាំ​គ្នា​ទៅ​ស្រែក​ទ្រហោយំ​ទាំង​ព្រឹក​នៅ​ក្នុង​តុលាការខេត្ត​ព្រៃវែង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ប្តី​របស់​គាត់​ …

ខេត្តព្រៃវែង ៖ ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ រួម​ជាមួយ​កូន និង​ប្អូន​២​នាក់ បាន​នាំ​គ្នា​ទៅ​ស្រែក​ទ្រហោយំ​ទាំង​ព្រឹក​នៅ​ក្នុង​តុលាការខេត្ត​ព្រៃវែង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ប្តី​របស់​គាត់​ដែល​ត្រូវ​ក្រុម​ក្មេង​ទំនើង​ព្រួត​គ្នា​ចាក់​សម្លាប់​យ៉ាង​សាហាវឃោរឃៅ​នៅ​មុខ​ផ្ទះ​របស់​គាត់​ក្នុងភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​១៨ ខែ​មិ​នា ឆ្នាំ​២០១៥ ។

ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ អឿ​ន សិត អាយុ​៤៥​ឆ្នាំ នាង​បាន​រៀបរាប់​ប្រាប់​ថា ថ្ងៃ​ដែល​ប្តី​របស់​គាត់​ត្រូវ​ក្រុម​ក្មេង​ទំនើង​ចាក់​ស្លាប់​នោះ​គឺជា​ថ្ងៃ​ភ្ជាប់ពាក្យ​កូនស្រី​របស់​គាត់ ដោយ​គ្រួសារ​គាត់​បាន​រៀបចំ​កម្មវិធី​ផឹកស៊ី​ទទួល​ខាង​ដន្លង​ផង និង​អបអរ​ពិធី​ភ្ជាប់ពាក្យ​ផង ព្រមទាំង​មាន​ចាក់​ធុងបាស់​រាំ​កំសាន្ត​ផង​ដែរ ប៉ុន្តែ​ពេល​រាំ​កំសាន្ត​នោះ​មាន​ក្រុម​ក្មេង​ទំនើង​ពី​ខាងក្រៅ​ចូល​ទៅ​អុកឡុក ទើប​ប្តី​គាត់​ឈ្មោះ ជា ភា អាយុ​៤៧​ឆ្នាំ ចេញ​ទៅ​ឃាត់ ហើយ​ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​ចាក់​ស្លាប់​តែ​ម្តង ។

ស្ត្រី​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចាក់​ប្តី​គាត់​ស្លាប់​ភា្ល​ម ក្រុម​ក្មេង​ទំនើង​បាន​នាំ​គ្នា​រត់​បាន​បាត់​អស់ ឯ​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនល្មើស​បាន​ទាំងអស់​ដែរ តែ​ភ្លាម​ៗ​ចាប់​មនុស្ស​មិន​បាន ព្រោះ​ពួក​គេ​រត់ចោលស្រុក​អស់ ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ព្រៃវែង​ចាត់ការ​បន្ត ហើយ​តាំងពី​ពេល​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ជិត​២​ឆ្នាំ​ហើយ សំណុំរឿង​នេះ​ត្រូវ​តុលាការ​កប់​ទុក​ចោល មិន​ចាត់ការ​អ្វី​ទាំងអស់ គ្រួសារ​ជន​រង​គ្រោះ​ក៏​មិន​ហៅ​សួរ សាក្សី​ក៏​មិន​ហៅ​សួរ គឺ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​តែ​ម្តង ។

បងស្រី អឿ​ន សិត បាន​បញ្ជាក់​ថា ថ្មី​ៗ​នេះ​គាត់​ឃើញ​ក្រុម​ក្មេង​ទំនើង​ដែល​ចាក់​សម្លាប់​ប្តីរ​របស់​គាត់​បាន​នាំ​គ្នា​ចូល​ស្រុក​វិញ​ហើយ ហើយ​គាត់​បាន​ប្តឹង​ទៅ​ប៉ូ​លី​ស​ប៉ូ​ស្តិ៍​រដ្ឋបាល​ឲ្យ​ចាប់ខ្លួន​ជនល្មើស តែ​ប៉ូលិស​ប្រាប់​ថា ចាប់​មិន​បាន​ទេ ព្រោះ​គ្មាន​ដីកា​ឲ្យ​ចាប់ខ្លួន​ពី​តុលាការ ធ្វើ​ឲ្យ​រូប​គាត់ និង​ក្រុម​គ្រួសារ​ឈឺចាប់​ស្ទើរ​កកឈាម ទើប​សម្រេចចិត្ត​ឡើង​មក​កាន់​តុលាការខេត្ត​ព្រៃវែង ទាមទារ​រក​យុត្តិធម៌​ឲ្យ​ប្តី​របស់​គាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ថ្មី​ៗ​នេះ ។

ពាក់​ព​ន្ធ័​នឹង​ករណី​ខាងលើ​នេះ លោក ញឹក រ៉ា​ន្នី អ្នកនាំពាក្យ​សាលាដំបូង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា សុំ​ណុំ​រឿង​ខាងលើ​គឺ​ចៅក្រម លោក តាក់ គី​ម​សៀ ជា​អ្នក​ស៊ើបសួរ លោក​ក៏​ទទួលស្គាល់​ដែរ​ថា សុំ​ណុំ​រឿង​នេះ​គាំង​មែន តែ​ពេល​នេះ​ចាត់ការ​ហើយ និង​រៀបចំ​រុញ​ទៅ​ជម្រះ​ហើយ ។ រីឯ លោក តាក់ គី​ម​សៀ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​មូលហេតុ​ដែល​លោក​កប់​សំណុំរឿង​នេះ​ទុក​ចោល​មិន​ព្រម​ចាត់ការ​នោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​គ្រួសារ​ស្ដ្រី​ខាងលើ​នាំ​គ្នា​ទៅ​ស្រែកយំ​ទាមទារ​រក​យុត្តិធម៌​នៅ​ក្នុង​តុលាការ ដោយ​មាន​ទាំង​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​បាន​ទៅ​សម្ភាស និង​សាកសួរ​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​តុលា​នោះ ស្រាប់តែ​ស្អែក​ឡើង​ព្រឹក​ថ្ងៃ​ទី​២០ តុលា លោក​ឧត្តម​សេនី​យ័ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ថា ខាង​តុលាការ​បាន​បញ្ជូន​ដីកា​ចាប់​ជនសង្ស័យ​មក​ដល់​ស្នងការដ្ឋាន​ខេត្ត​ហើយ ប៉ុន្តែ​ដីកា​នោះ​មាន​ស្នាម​កោស​លុប​ជា​ច្រើន​នៅ​ត្រង់​លេខ​ដីកា និង​ថ្ងៃខែ ទើប​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា ដីកា​នេះ​ធ្វើ​រួច​យូរ ហើយ​តែ​មិន​ចេញ លុះដល់​មានរឿង ទើប​បញ្ចេញ​ដើម្បី​យករួចខ្លួន ៕