ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កោរសក់​យុវជន​ទំនើង​៦៦​នាក់ និង​បញ្ជូន​ទៅ​កាន់​តុលាការ​៥​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​ទំនើង​ដែល​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​កោរសក់​ដើម្បី​ធ្វើការ​អប់រំ រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចំនួន​៦៦​នាក់ នៅ​សល់​តែ​៥​នាក់​ទៀត​

រាជធានី​ភ្នំពេញ ៖ យុវជន​ទំនើង​ដែល​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​កោរ​សក់​ដើម្បី​ធ្វើការ​អប់រំ រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចំនួន​៦៦​នាក់ នៅ​សល់​តែ​៥​នាក់​ទៀត​ដែល​ជា​អ្នក​កាន់​ដាវ និង​កាំបិត ជំ​ពាម​កៅស៊ូ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​ពី​បទ «​កាន់កា​.​ប់​អាវុធ ដោយ​គ្មាន​ការ​អនុញ្ញាតិ​»​។

ជនសង្ស័យ​ទាំង​៥​នាក់​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​អោយ​ដឹង​ថា ១- ឈ្មោះ កៅ សុ​វ​ណ្ណា​រិ​ទ្ធ ហៅ​ម៉ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​, ២- ឈ្មោះ គឹ​ម កក្កដា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៣- ឈ្មោះ ហៀ​ង លឹ​ម​ហាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤- ឈ្មោះ ថុ​ង សុ​គុណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ និង​៥- ឈ្មោះ ស្រ៊ា​ង ភ​ក្កី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​រោងចក្រ ។ ជនសង្ស័យ​ទាំង​៥​នាក់​នោះ ក្នុង​ចំណោម​បក្សពួក​ចំនួន​៧១​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពេល ដែល​ប្រមូលផ្តុំ​គ្នា​ត្រៀម​ប្រើ​ហិ​.​ង្សា​ទៅ​លើ​គូប​ដិ​បក្ស ។

ដោយឡែក​ចំនួន​៦៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​កោរសក់ ហើយ​អញ្ជើញ​ឪពុក​ម្តាយ​បងប្អូន​អោយ មក​ធានា រួច​យក​ទៅ​អប់​រំជា​បណ្តើរ​តាំងពី​វេលា​ល្ងាច​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២២​មក​ម្ល៉េះ ។

គួរ​បញ្ជាក់​ថា យុវជន​ទំនើង​ចំនួន​៧១​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤០​នាទី​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង តាម​ផ្លូវ​លេខ​១៩៦៦ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​ណាត់ជួប​ប្រមូលគ្នា​ម្តុំ​ប្រដាប់​ដោយ​ដាវ កាំបិតប៉័ងតោ ជំ​ពាម​កៅស៊ូ ប្រុង​ប្រើ​ហិ​.​ង្សា​ជាមួយ​គូទំនាស់​។ ហើយ​ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​២៨​គ្រឿង និង​ដាវ កាំបិត ប៉័ងតោ និង​ជំ​ពាម​កៅស៊ូ ដែល​លាក់​ទុក​ក្នុង​ព្រៃ​ផង​ដែរ ។

បើ​តាម​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ហើយ​ក៏​បាន​ប្រទះ​ឃើញ​យុវជន​ស្ទាវ​ក្រុម ជួប ប្រមូលផ្តុំ​គ្នា បន្ទាប់​មក​ក៏​ធ្វើការ​ឡោម​ព័ទ្ធ​ឃាត់ខ្លួន​តែ​ម្តង ។ ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់​នោះ គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ ២០២២​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ