ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ល្ងាច​នេះ គោព្រៃ​កម្ពុជា​សង្ឃឹម​ឈ្នះ ​ពេល​ជួប​ក្រុម​ទី​ម័​រ​ខាងកើត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​គោព្រៃ​កម្ពុជា កាន់តែ​មាន​សង្ឃឹម​ច្រើន​ថា ​ពិតជា​បាន​ឡើង​ទៅ​លេង​ នៅ​វគ្គ​ចែក​ពូ​ល ​បន្ទាប់​ពី​លត់​ក្រុមឪម៉ាល់​ព្រុយ​ណេ ​៣-០​ ក្នុង​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់ AFF Suzuki Cup 2016

រាជធានី​ភ្នំពេញ ៖ ក្រុម​គោព្រៃ​កម្ពុជា កាន់តែ​មាន​សង្ឃឹម​ច្រើន​ថា ​ពិតជា​បាន​ឡើង​ទៅ​លេង​ នៅ​វគ្គ​ចែក​ពូ​ល ​បន្ទាប់​ពី​លត់​ក្រុមឪម៉ាល់​ព្រុយ​ណេ ​៣-០​ ក្នុង​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់ AFF Suzuki Cup 2016 នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ល្ងាច ថ្ងៃ​ទី​១៨ តុលា ស្ថិត​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់ ។

ក្រុម​គោព្រៃ​កម្ពុជា​ពេល​នេះ​កំពុង​ត្រៀម​ជើង «​ធ្វើ​ស៊ី​»​ ក្រុមព្រះ​អាទិត្យ​រះ​ទី​ម័​រ​ខាងកើត​ នៅ​ល្ងាច​​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ២០១៦ ជា​បន្ត​ដើម្បី​ធានា​ឱកាស​មួយ​រយ​ភាគ​រយ​ឡើង​ទៅ​លេង​នៅ​វគ្គ​ចែក​ពូ​ល ។ មុន​ពេល​ជួប​គ្នា ក្រុម​គោព្រៃ​កម្ពុជា​បាន​ផ្ដួល​ក្រុម​ខ្លាំង​ឡាវ​២-១ និង​លត់​ក្រុម​ព្រុយ​ណេ ៣-០​ ឈរ​នៅ​កំពូល​តារាង​បណ្ដោះ​អាសន្ន​មាន​៦​ពិន្ទុ ។ ​ចំណែក​ក្រុមព្រះ​អាទិត្យ​រះ​ទី​ម័​រ​ខាងកើត ចាញ់​ក្រុម​ព្រុយ​ណេ និង​ក្រុម​ឡាវ​១-២​ដូច​គ្នា ឈរ​នៅ​បាត​តារាង​ដោយ​គ្មាន​ពិន្ទុ ។

សូម​បញ្ជាក់​ថា ក្នុង​វគ្គ​ជម្រុះ​បឋម​ឈាន​ទៅ​ដណ្តើម​ពានរង្វាន់ AFF Suzuki Cup2016​ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់ ២១ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​នេះ​មាន​ក្រុម​ជម្រើស​ជាតិ​​៤​ចូលរួម​ប្រកួត គឺ​ក្រុម​កម្ពុជា (​ម្ចាស់ផ្ទះ​) ទី​ម័​រ​ខាងកើត ព្រុយ​ណេ និង​ឡាវ ។ ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​នឹង​បាន​ឡើង​ទៅ​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​៧​ផ្សេង​ទៀត ​ក្នុង​តំបន់​អាស៊ាន​ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ចែក​ពូ​ល ។ ក្នុង​ចំណោម​ក្រុម​ទាំង​៤ ក្រុម​កម្ពុជា​ហាក់​មាន​សង្ឃឹម​ច្រើន​ជាងគេ បន្ទាប់​ពី​ផ្ដួល​ក្រុម​ឡាវ និង​ក្រុម​ព្រុយ​ណេ​រួចមក​ហើយ​នៅ​សល់​មួយ​ប្រកួត​ចុង​ក្រោយ ​ត្រូវ​ជួប​ក្រុម​ទី​ម័​រ​ខាង​កើតជា​ក្រុម​ខ្សោយ​ដែល​ក្រុម​កម្ពុជា​ត្រូវការ​លទ្ធផល​ត្រឹម​ស្មើ​ប៉ុណ្ណោះ​នឹង​បាន​ឡើង​ទៅ​លេង​នៅ​វគ្គ​ចែក​ពូ​លជាមួយ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ា​ន់​ម៉ា ម៉ា​ឡេ​ស៊ី និង​វៀតណាម​ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល​B ។

ម្យ៉ាងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ក្រៅពី​ផ្ញើ​សារ​ចូលរួម​អបអរ​សាទរ​ពេល​ក្រុម​គោព្រៃ​កម្ពុជា ផ្ដួល​ក្រុម​ឡាវ​នៅ​វគ្គ​បើក​ឆាក​ដំបូង សម្ដេច​នៅ​បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​៥​ម៉ឺ​ន​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត ប្រសិនបើ​ក្រុម​គោព្រៃ​កម្ពុជា​បន្ត​យកឈ្នះ​២​ប្រកួត​ចុង​ក្រោយ​ពេល​ជួប​ក្រុម​ព្រុយ​ណេ និង​ក្រុម​ទី​ម័​រ​ខាងកើត ។

ដូច្នេះ​សូម​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា​នៅ​លើ​សមរភូមិ​វាលស្មៅ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​វេលា​ម៉ាង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ តុលា ខានស្អែក​នេះថា ​តើ​ក្រុម​គោព្រៃ​កម្ពុជា​ពិតជា​អាច​«ធើ​ស៊ី​» ក្រុមព្រះ​អាទិត្យ​រះ​ទី​ម័​រ​ខាងកើត​ដោយ​ស្រួល​ដូច​ការ​រំពឹង​ទុក​ឬ​យ៉ាងណា ។ យោង​តាម​ប្រវត្តិ​ជួប​គ្នា​ចំនួន​៦​លើក​រវាង​ក្រុម​ទាំង​២​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​គោព្រៃ​កម្ពុជា​ឈ្នះ​៤ ចាញ់​១ និង​ស្មើ​១ ៕