ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​២១៧ នៅ​តែ​បន្ត​បិទ​ចរាចរណ៍​ដដែល ខណៈ​ទឹក​ហូរ​កាត់​ផ្លូវ​ស្រក​ចុះ​បន្តិច

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជ្ញាធរ​បាន​និយាយ​ថា គិត​រហូត​មក​ដល់​វេលា​ម៉ោង១០ព្រឹកថ្ងៃ​ទី​២១ តុលា ២០១៦ កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​ នៅ​តែ​បន្ត​បិទ​ចរាចរណ៍​នៅឡើយ ដោយ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ហាមឃាត់

រាជធានីភ្នំពេញ ៖ អាជ្ញាធរ​បាន​និយាយ​ថា គិត​រហូត​មក​ដល់​វេលា​ម៉ោង១០ព្រឹកថ្ងៃ​ទី​២១ តុលា ២០១៦ កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​ នៅ​តែ​បន្ត​បិទ​ចរាចរណ៍​នៅឡើយ ដោយ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ហាមឃាត់​ មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ដដែល ដោយសារ​ស្ថានភាព​ទឹក​នៅ​តែ​បន្ត​លិច មិន​ទាន់​ស្រក​អស់នៅឡើយ ។

កំណាត់​ផ្លូវ​លេខ​២១៧​នេះ​ត្រូវ​ទឹក​ជន់​លិច និង​ហូរ​កាត់​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ និង​មាន​ជម្រៅ​រហូត​ដល់​ទៅ​១​ម៉ែត្រ គឺ​ចាប់ពី​ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​ជ្រៃ ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម រហូត​ដល់​ចំណុច​រង្វង់​មូល​ដីក្រហម ស្ថិត​ក្នុងភូមិ​ប្រ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ ដោយ​គិត​ចាប់ពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៨ តុលា មក ។

យានយន្ត​គ្រប់​ប្រភេទ និង​អ្នកដំណើរ​ទាំងឡាយ​ត្រូវ​ណែនាំ​ឱ្យ​បាន​បង្វែរ​ទៅ​តាម​ផ្លូវ​វាង​មាន​២​កន្លែង គឺ​វាង​តាម​ផ្លូវជាតិ​លេខ​២ ទៅ​កាន់​ផ្លូវ​លេខ​២៧១​បាន​ដូច​គ្នា ដោយ​ត្រូវ​ឆ្លងកាត់​តាម​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹង​ជើងឯក និង​ទី​២​វាង​តាម​ផ្លូវជាតិ​លេខ​២​ចូល​ទៅ​ផ្លូវ​លេខ​២៧១ ត្រូវ​ឆ្លងកាត់​តាម​ស្ពាន​ព្រែក​ថ្លឹង និង​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ខាងជើង គល់​ស្ពាន​ព្រែក​ជ្រៃ​បាន​ដូច​គ្នា ។

ដោយឡែក​កម្ពស់​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត បាន​ស្រក​ច្រើន​ហើយ នៅ​ក្នុង​សង្កាត់​ផ្នែក​ខាងលើ ដូច​ជា​សង្កាត់​ប្រទះ​ឡា​ង ,​សាក់​សំពៅ​, ក្រាំង​ពង្រ និង​គង​ន​យ ហើយ​បន្ត​លិច​នៅ​សង្កាត់​ផ្នែក​ខាងក្រោម​ដដែល​មាន​ដូច​ជា សង្កាត់​ព្រែក​កំពឹស ,​ទៀន ,​រលួស​, ដង្កោ ,​ជើងឯក ជាដើម ប៉ុន្តែ​សង្ឃឹមថា​ ទឹកនឹង​ឆាប់​ស្រក​ទៅ​វិញ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​នៅ​ឯ​តំបន់ សំខាន់​ៗ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទៀត​នោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ផ្លូវលំ​ដែល​ត្រូវ​ទឹក​ហូរ​បុក បណ្ដាល​ឲ្យ​ដាច់ ប្រវែង​ជាង​៤០​ម៉ែត្រ នៅ​ក្នុងភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ ធ្វើ​ឲ្យ​ទឹកស្ទឹង​ហូរ​ជន់​លិច​ដីស្រែ​ចម្ការ ភូមិឋាន​ប្រជាពលរដ្ឋ និង​ផ្លូវថ្នល់​ជា​ច្រើន​ខ្សែ ជា​ពិសេស​កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង រហូត​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ទេ ។ ខណៈ​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ផ្លូវ​ដាច់​នោះ សម្ដេច​បាន​ជួប​សំណេះសំណាល សាកសួរ​ពី​បញ្ហា ផ្សេង​ៗ​ជាមួយ​ក្រុម​អ្នកបច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​ប្រចាំការ​នៅ​ទីនោះ ព្រមទាំង​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​២​លាន​រៀល ដល់​ក្រុមការងារ​នោះ​ផង​ដែរ ៕