ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហូត​ដល់​រសៀល​ថ្ងៃនេះ កំណាត់​ផ្លូវ​ចំការ​ដូង​នៅ​តែ​បិទ​ចរាចរ​នៅឡើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​បាន​និយាយ​ថា គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦​នេះ កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង នៅ​តែ​បន្ត​បិទ​ចរាចរ​នៅឡើយ …

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​បាន​និយាយ​ថា គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦​នេះ កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង នៅ​តែ​បន្ត​បិទ​ចរាចរ​នៅឡើយ យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ដដែល ដោយសារ​ស្ថានភាព​ទឹក​នៅ​តែ​បន្ត​លិច​មិន​ទាន់​ស្រក​នៅឡើយ ព្រមទាំង​ហូរ​កាត់​យ៉ាង​ខ្លាំង និង​មិន​អាច​មើល​ដឹង​ថា ចំណុច​ត្រង់​ណា​មាន​ជង្ហុក និង​ចំណុច​ត្រង់​ណា​អត់​ជង្ហុក​នោះ​ទេ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់ពេល​បាន ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​គ្នា ទើប​មិន​អាច​បើក​ឲ្យ​ធ្វើ​ចរាចរ​ទៅ​មក​តាម​ផ្លូវ​នោះ​បាន ។

កំណាត់​ផ្លូវ​លេខ​២១៧​ហៅ​ផ្លូវ​ចំការ​ដូង​នេះ​ត្រូវ​បាន​ទឹក​ជន់​លិច និង​ហូរ​កាត់​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ និង​មាន​ជម្រៅរ​ហូរ​ដល់​ទៅ​១​ម៉ែត្រ គឺ​ចាប់ពី​ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​ជ្រៃ ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម រហូត​ដល់​ត្រង់​ចំណុច​រង្វង់​មូល​ដីក្រហម ស្ថិត​ក្នុងភូមិ​ប្រ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយ​គិត​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែតុលា​មក ។

ប្រភព​ដដែល​បាន​បន្ត​ថា យានយន្ត​គ្រប់​ប្រភេទ និង​អ្នកដំណើរ​ទាំងឡាយ ដើម្បី​គេច​ផុត​ពី​គ្រោះថ្នាក់​ជាយថាហេតុ​នោះ គឺ​បាន​បង្វែរ​ឲ្យ​ទៅ​តាម​ផ្លូវ​វាង​មាន​២​កន្លែង គឺ​វាង​តាម​ផ្លូវជាតិ​លេខ​២ ទៅ​កាន់​ផ្លូវ​លេខ​២៧១​បាន​ដូច​គ្នា ដោយ​ត្រូវ​ចរាចរ​ឆ្លងកាត់​តាម​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​គម្រោង​អភិវឌ្ឍន៍​បឹង​ជើងឯក ។ និង​ទី​២ វាង​តាម​ផ្លូវជាតិ​លេខ​២ ចូល​ទៅ​ផ្លូវ​លេខ​២៧១ ត្រូវ​ចរាចរ​ឆ្លងកាត់​តាម​ស្ពាន​ព្រែក​ថ្លឹង និង​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ខាងជើង​គល់​ស្ពាន​ព្រែក​ជ្រៃ​បាន​ដូច​គ្នា ។

ដោយឡែក​ម្ព​ស់​ទឹក​ជន​ន់​ស្ទឹង​ព្រែក​ត្នោត​បាន​ស្រក​ច្រើន​មែនទែន​ហើយ នៅ​ក្នុង​សង្កាត់​ផ្នែក​ខាងលើ ដូច​ជា​សង្កាត់​ប្រទះ​ឡា​ង​,​សាក់​សំពៅ​, ក្រាំង​ពង្រ និង គង​ន​យ ហើយ​បន្ត​លិច​នៅ​សង្កាត់​ផ្នែក​ខាងក្រោម​ដដែល​មាន​ដូច​ជា សង្កាត់​ព្រែក​កំពឹស​, ទៀន​,​រលួស​, ដង្កោ​, ជើងឯក ជាដើម ប៉ុន្តែ​សង្ឃឹមថា ទឹកនឹង​ឆាប់​ស្រក​ទៅ​វិញ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​នៅ​ឯ​តំបន់​សំខាន់​ៗ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទៀត​ទេ​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ទាក់ទិន​ទៅ​នឹង​ទឹកជំនន់​នោះ មានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​ថ្នាក់ដឹកនាំ​កំពូល​ៗ ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ផ្លូវលំ​ដែល​ត្រូវ​ទឹក​ហូរ​បុក​បណ្ដាល​ឲ្យ​ដាច់​ប្រវែង​ជាង​៤០​ម៉ែត្រ​នៅ​ក្នុងភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ ដែល​បាន​ធ្វើ​ឲ្យ​ទឹកស្ទឹង​ហូរ​ជន​លិច​ដីស្រែ​ចម្ការ ភូមិឋាន​ប្រជាពលរដ្ឋ និង​ផ្លូវថ្នល់​ជា​ច្រើន​ខ្សែ ជា​ពិសេស​កំណាត់​ផ្លូវ​លេខ​២១៧​ហៅ​ផ្លូវ​ចំការ​ដូង​រហូត​មិន​អាច​ធ្វើ​ចរាចរ​បាន ហើយ​នៅ​ក្នុង​ខណៈ​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ផ្លូវ​ដាច់​នោះ សម្ដេច​ក៏​បាន​ជួប​សំណេះសំណាល សាកសួរ​ពី​បញ្ហា​ផ្សេង​ជាមួយ​ក្រុម​អ្នកបច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​ប្រចាំការ​នៅ​ទីនោះ ព្រមទាំង​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​២​លាន​រៀល​ដល់​ក្រុមការងារ​ខាងលើ​នោះ​ផង​ដែរ ៕