ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ម វណ្ណៈ និង​ឌុ​ម កែវ​ដា ប៉ះ​ថៃ​ស្លា.ប់​រស់​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២២ តុលា ខានស្អែក​នេះ ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​របស់​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២២ តុលា ខានស្អែក​នេះ ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​របស់​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ដល់​ថ្ងៃ​កំណត់​ហើយ ។ កីឡាករ​កម្ពុជា​ដែល​ស្ថិត​ក្នុង​ក្ដី​សង្ឃឹម​ខ្ពស់​២​រូប​គឺ រឿ​ម វណ្ណៈ និងឌុ​ម កែវ​ដា នឹង​ក្លាយជា​គូប្រកួត​ស្លាប់​រស់​ដោយ​ចៀស​មិន​ផុត​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រដាល់​ដែល​មានឈ្មោះ​ថា
«​ប្រដាល់​អន្តរជាតិ​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​» បាន​ឈាន​ដល់​ជុំ​ចុង​ក្រោយ​ក្នុង​ការ​សន្សំ​ពិន្ទុ​ហើយ ដោយ​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​នាក់​គឺ​ធ្លាក់​២​នាក់​ដោយ​ស្វ័យប្រវត្តិ​បាត់​ហើយ នៅ​រង់ចាំ​អ៊ុត​មើល​តែ​កីឡាករ​កម្ពុជា​២​នាក់​សម្រាប់​ថ្ងៃ​សៅរ៍​នេះ​ប៉ុណ្ណោះ ។ លោក​ថា ការ​ប្រកួត​នឹង​ក្ដៅ​គគុក ដោយសារ​តែ​កីឡាករ​កម្ពុជា រឿ​ម វណ្ណៈ និង​ឌុ​ម កែវ​ដា សុទ្ធតែ​ត្រូវការ​ឈ្នះ ហើយ​កីឡាករ​ថៃ​ដែល​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​ពួក​គេ​ក៏​ត្រូវការ​ឈ្នះ​ដើម្បី​បាន​ឡើង​។ បើ​ទោះជា​គ្មាន​អ្នក​ណា​ទាយ​ថា​ពួក​គេ​នឹង​ប្រកួត​ខ្លាំង​កម្រិត​ណា ប៉ុន្តែ​ការ​ប្រកួត​អស់ពី​សមត្ថភាព​រៀងខ្លួន​លោក​ថា​នឹង​កើតឡើង​ដោយ​គ្មាន​ការ​បង្ខំ​ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​បាន​ឡើង​ទៅ​កាន់​វគ្គ​ជើងឯក ។ លោក​ថា ការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍​ខាន​ស្អែក​នេះ នឹង​ប្រកួត​យក​តែ​កីឡាករ​កម្ពុជា​ម្នាក់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ និង​កីឡាករ​ថៃ​ម្នាក់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ឱ្យ​ឡើង​ប្រកួត​ផ្ដាច់ព្រ័ត្រ ទើប​ការ​ប្រកួត​កាត់ក្ដី​វា​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឱ្យ​ជំនួប​ប៉ះ​គ្នា​កក្រើក​ញាក់សាច់ ។ ការ​ប្រកួត​ថ្ងៃខានស្អែក កីឡាករ​រឿ​ម វណ្ណៈ មិន​ត្រឹមតែ​ត្រូវការ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ប៉ុណ្ណោះ គឺ​ត្រូវការ​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​ដើម្បី​ប្រជែង​ឱកាស​ក្នុង​ពេល​កីឡាករ ឌុ​ម កែវ​ដា ក្លាយជា​អ្នក​ចាញ់​ការ​ប្រកួត​កីឡាករ​ថៃ ។ ការ​ប្រកួត​សម្រាប់​ជុំ​ចុង​ក្រោយ​នេះ លោក​ថា​កីឡាករ​ឌុ​ម កែវ​ដា អត់​ទាន់​ច្បាស់​ថា​នឹង​បាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​និង​មានសំណាង​ឈ្នះ​កីឡាករ​ថៃ​ទៀត​ទេ ដោយសារ​តែ​កីឡា​ករ​ថៃ​ដែល​ត្រូវ​ប៉ះ​កីឡាករ​រូប​នេះ​ក៏​ត្រូវការ​ឈ្នះ​ដើម្បី​បាន​នាំមុខ​ពិ​ន្ទ​កីឡាករ​ថៃ​ផ្សេង​ទៀត ប្រជែង​យក​ឱកាស​ឡើង​ប្រកួត​ផង​ដែរ​។

អ៊ីចឹង​ហើយ​ការ​ប្រកួត​មួយ​នេះ​លោក​ថា​កីឡាករ​រឿ​ម វណ្ណៈ នៅ​មាន​សង្ឃឹម​ខ្ពស់ បើ​ទោះជា​ពិន្ទុ​របស់​គេ​នៅ​ក្នុង​ពេល​នេះ​ចាញ់​ប្រៀប​ឌុ​ម កែវ​ដា ក៏​ដោយ​។ លោក​និយាយ​ថា ឆ្លងកាត់​ការ​ប្រកួត​ចំនួន​៣​លើក រឿ​ម វណ្ណៈ​ទើបតែ​មាន​៧​ពិន្ទុ ហើយ​កីឡាករ​ឌុ​ម កែវ​ដា គេ​មាន​៩​ពិន្ទុ​។ រវាង​គូ​ទាំង​ពីរ​បើ​កីឡាករ​កម្ពុជា​បាន​ឈ្នះ​ដូច​គ្នា​នោះ រឿ​ម វណ្ណៈ នឹង​ត្រូវ​ហាលអាវ  តែបើ​រឿ​ម វណ្ណៈ​ឈ្នះ ហើយ​ឌុ​ម កែវ​ដា ចាញ់ នោះ​ពួក​គេ​នឹង​មាន​ពិន្ទុ​ស្មើគ្នា ដែល​ឈាន​ទៅ​ប្រជែង​ឱកាស​ឡើង​ដោយ​ជៀស​មិន​ផុត ។ យ៉ាងណាមិញ លោក​ថា កីឡាករ​ឌុ​ម កែវ​ដា នៅ​តែ​មាន​ប្រៀប​ល្អ​ជាង​ដោយសារ​តែ​កីឡាករ​រឿ​ម វណ្ណៈ បើ​មិន​ឈ្នះ​ដោយ​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​ក្នុង​ទឹក​ណាមួយ​នោះ​ទេ គឺ​ទោះជា​មាន​ពិន្ទុ​ស្មើ​កីឡាករ​ឌុ​ម កែវ​ដា ក៏​ឱកាស​ឈ្នះ​នៅ​តែ​ជា​របស់​ឌុ​ម កែវ​ដា​នោះ​ដែរ​។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​រវាង​កីឡាករ​២​គូ​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ខា​រ៉ា​បាវ​នេះ នឹង​ក្លាយជា​ការ​ប្រកួត​ដែល​មិន​អាច​កីឡាករ​ណា​ម្នាក់​នឹង​បោះបង់​សមត្ថភាព​នោះ​ឡើយ ។ 

ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​នេះ​មាន​កីឡាករ​ដំបូង​ទី​ចំនួន​៨​រូប​គឺ​កម្ពុជា​៤​រូប​ដូច​ជា​ម្ចាស់​ខ្សែក្រវាត់ K-Cement ឆៃ សា​រ៉ា មក​ពី​ក្លិប​ក្រសួងការពារជាតិ កីឡាករ​ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក  កីឡាករ​រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ និង​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។ កីឡាករ​ថៃ​រួម​មាន​ជើង​ខ្លាំង​Aram Boy  កីឡាករ Pha  Yalek កីឡាករ Pravit និង​កីឡាករ Yort  Sayam ។ យ៉ាងណាមិញ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​គឺ​មាន​តែ​ឌុ​ម កែវ​ដា និង​រឿ​ម វណ្ណៈ ប៉ុណ្ណោះ​ដែល​ស្ថិត​ក្នុង​ការ​អ៊ុត​មើល​ពី​លទ្ធផល ។

សមាសភាព​សម្រាប់​រសៀល​ថ្ងៃ​សៅរ៍​ខាន​ស្អែកនេះ​រួម​មាន កីឡាករ រឿ​ម វណ្ណៈ ប៉ះ​ប្រកួត​យក​៣​ពិន្ទុ​ចុង​ក្រោយ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Pha Yalek ដើម្បី​ទៅ​កាន់​វគ្គ​បន្ត ។ មួយគូ​ទៀត​គឺ​កីឡាករ​កម្ពុជា ឌុ​ម កែវ​ដា ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Aram Boy ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ពូ​ល​ថៃ ។ ជំនួប​របស់​ពួក​គេ​មានការ​ចាប់អារម្មណ៍​យ៉ាង​ពេញទំហឹង ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​ត្រូវការ​៣​ពិន្ទុ​ដើម្បី​គេច​ចេញពី​ការ​ហាលអាវ​ក្នុង​ពេល​គិត​ពិន្ទុ ។ ជា​ពិសេស​កីឡាករ​កម្ពុជា បើ​អ្នក​ណា​ចាញ់​ថៃ​ជា​ថ្មី​ម្ដងទៀត គឺ​មិន​ខុស​ពី​ធ្លាក់​ស្វ័យប្រវត្តិ​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​ឌុ​ម កែវ​ដា ត្រូវ​បាន​សិទ្ធិ​ពិសេស តែ​ក៏​មិន​អាច​ចាញ់​បាន​ដែរ ។

កីឡាករ រឿ​ម វណ្ណៈ និង​កីឡាករ​ឌុ​ម កែវ​ដា សុទ្ធតែ​អះអាង​ថា ព្រឹត្តិការណ៍​ដណ្ដើម​ពិន្ទុ​របស់​ក្រុមហ៊ុន​«​ខា​រ៉ា​បាវ​»​សម្រាប់​ថ្ងៃខាន​ស្អែក​សំខាន់​សម្រាប់​ពួក​គេ ដោយសារ​ជា​វគ្គ​កាត់ក្ដី​ចុង​ក្រោយ ថា​គេ​បាន​ឡើង​ឬ​មិន​បាន​នៅ​ទីបំផុត​នោះ​។ កីឡាករ​ទាំង​ពីរ​បាន​អះអាង​ថា ពួក​ខ្លួន​ប្រឹងប្រែង​ហ្វឹកហាត់​សំបើម​ណាស់​ក្នុង​រយៈពេល​ត្រៀមខ្លួន​។ យ៉ាងណាមិញ លោក​ញាណ សុធី ហាក់​មិន​ហ៊ាន​រំពឹង​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ទាំង​២​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ប្រកាស​ពី​ការ​ចង់​ឈ្នះ​ឱ្យ​ខាង​តែ​បាន​ដូច​គ្នា ៕