ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ស្រី​ទ្រុឌទ្រោម​ខ្លាំង​ទាមទារ​ការ​ជួសជុល​ថែទាំ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ «​ប្រាសាទ​ស្រី​» គឺជា​ប្រាសាទ​មួយ​មាន​វ័យ​ចំណាស់ ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​ក្នុងស្រុក​កំពង់លែង ។ ប្រាសាទ​នោះ​ស្ថិត​នៅ​វត្ត​ប្រាសាទ ក្នុងភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ «​ប្រាសាទ​ស្រី​» គឺជា​ប្រាសាទ​មួយ​មាន​វ័យ​ចំណាស់ ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​ក្នុងស្រុក​កំពង់លែង ។ ប្រាសាទ​នោះ​ស្ថិត​នៅ​វត្ត​ប្រាសាទ ក្នុងភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ដោយសារ​តែ​វ័យ​ចំណាស់ និង​កត្តា​ធម្មជាតិ ធ្វើ​ឱ្យ​ប្រាសាទ​កាន់តែ​ទ្រុឌទ្រោម​ជា​លំដាប់ ។

លោក​តាន​ត់ ន​ន អាយុ​៧៤​ឆ្នាំ ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ មាន​ប្រសាសន៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ប្រាសាទ​ស្រី​មាន​វ័យ​ចំណាស់ និង​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បើ​គ្មាន​ការ​ថែទាំ​ទេ ប្រាសាទ​នេះ​អាច​នឹង​ដួល​រលំ​ជា​ពុំខាន ។ ដោយសារ​បញ្ហា​នេះ ខ្ញុំ​និង​គណៈកម្មការ​វត្ត​សូម​អំពាវ​ដល់​មន្ទីរ​ពាក់ព័ន្ធ ពិសេស​ក្រសួង​សូម​ដាក់​ឱ្យ​មាន​ឆ្មាំ​ប្រាសាទ​ដើម្បី​មក​ជួយ​ថែរក្សា​ប្រាសាទ​នេះ​ផង ។ កាលពីមុន​ធ្លាប់​មាន​ឆ្មាំ​ប្រាសាទ​ជួយ​ថែរក្សា​ដែរ តែ​ពេល​នេះ​គ្មាន​ទេ ។ កាលពី​អំឡុង​ពេល​មុន​ដាក់​បិណ្ឌ ថ្មី​ៗ​នេះ មាន​ដុះ​ស្មៅ វល្លិ និង​ដើមឈើ​ក្លាយជា​ព្រៃ​ស៊ុបទ្រុប តាំងពី​ក្រោម​រហូត​ដល់​លើ​កំពូល​ប្រាសាទ ហើយ​គណៈកម្មការ​វត្ត​បាន​ជួល​គេ​ឡើង​កាប់​ព្រៃ​ស៊ុបទ្រុប​នោះ​ចេញ ទើប​ឃើញ​មាន​ភាព​ស្រឡះ​បែប​នេះ​» ។

លោក​តាន​ត់ ន​ន អំពាវនាវ​ចំពោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​ឱ្យ​ជួយ​ជួសជុល អភិរក្ស​ប្រាសាទ​ស្រី​ឱ្យ​នៅ​គង់វង្ស​ផង ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង ឱ្យ​ដឹង​ថា ប្រាសាទ​ស្រី​កសាង​ឡើង​ក្នុង​សតវត្ស​ទី​៩ ក្នុង​រចនាបថ​កំពង់ព្រះ គឺ​ជំនាន់ កាល​កសាង​ប្រាសាទ​កំពង់ព្រះ ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ដែរ ។ ប្រាសាទ​នេះ​កសាង​ឡើង​ដោយ​ស្តេច​ស្រី គឺ​ម្ចាស់​ក្ស​ត្រី​ជ័យ​ទេវី ។

ពាក់ព័ន្ធ​ទៅ​នឹង​ឆ្មាំ​ប្រាសាទ ប្រភព​ដដែល​បញ្ជាក់​ថា ឆ្មាំ​ប្រាសាទ បាន​ដាក់​ជិត​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គណៈកម្មការ​វត្ត​មិនដឹង ដោយសារ​តែ​ឆ្មាំ​ទាំងនោះ​មិនសូវ​ទៅ​មើល ព្រោះ​កំពុង​ផ្តោត​ជា​សំខាន់​លើ​ប្រាសាទ ផ្សេង​ៗ ទៀត ហើយ​ពេល​នេះ​កំពុង​កាប់​ឆ្ការព្រៃ​ដែល​ព័ទ្ធ​ជិត​ប្រាសាទ ។

ប្រាសាទ​ស្រី​មានរឿង​ព្រេង​តំណាល​ថា កាល​កសាង​ប្រាសាទ​នេះ គឺ​មាន​ប្រាសាទ​មួយទៀត​ឈ្មោះ​ប្រាសាទ​ប្រុស នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា​ទេ ។ កាល​កសាង​ប្រាសាទ​ទាំង​ពីរ ពួក​ស្រី​ៗ​និង ប្រុស​ៗ​បាន​ភ្នាល់​គ្នា​ថា បើ​ខាង​ប្រុស​ចាញ់​ខាង​ស្រី គឺ​ប្រុស​ៗ​ត្រូវ​ចូល​ទៅ​ដណ្តឹង​ស្រី តែបើ​ប្រុស​ៗ​ឈ្នះ​គឺ​ស្រី​ទៅ​ដណ្តឹង​ប្រុស​។ កាល​ណោះ​ដោយសារ​ចាញ់កល​ល្បិច ស្រី​ៗ ដែល​លួច​បង្ហោះ​ភ្លើងគោម ប្រុស​ៗ​ស្មាន​តែ​ផ្កាយព្រឹក​រះ ក៏​នាំ​គ្នា​ឈប់​សង់​ប្រាសាទ ចំណែក​ស្រី​ៗ​បន្ត​ធ្វើ​រហូត​ដល់​ព្រឹក​រហូត​រួចរាល់ ដូច្នេះ​ហើយ​ទើប​ខាង​ប្រុស​ចាញ់​ខាង​ស្រី ។ ដោយសារ​រឿង​ភ្នាល់​នោះ​ហើយ ទើប​តំណ​ត​មក​សព្វថ្ងៃ​មាន​ប្រពៃណី​ប្រុស​ទៅ​ដណ្តឹង​ស្រី​ធ្វើ​ជា​ប្រពន្ធ ៕