ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរឆក់​២​នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាមេរ៉ា​របស់​ជនជាតិ​ស្វី​ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​ចំនួន​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​កាមេរ៉ា​ថតរូប​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​ចំនួន​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​កាមេរ៉ា​ថតរូប​មួយ​គ្រឿង​ពី​បុរស​អ្នក​ទេសចរណ៍​ជនជាតិ​ស្វី​ស ដែល​កំពុង​តែ​ស្ពាយ​ជាប់​នឹង​ស្មា អូស​បណ្តាល​ឲ្យ​ដួល​ទាំងអស់​គ្នា​នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​២០០ កែង​នឹង​ផ្លូវ​លេខ​៦៣(​ផ្លូវ​ត្រសក់ផ្អែម​) ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ទី​១-​ឈ្មោះ ស្រេង ឆក អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​ទី​២-​ឈ្មោះ យ៉ា​ន់ ឆក អាយុ ២៣​ឆ្នាំ មុខរប​មិន​ពិតប្រាកដ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។ នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​បុរស​ជា​អ្នក​ទេសចរណ៍​ជនជាតិ​ស្វី​សមា្ន​ក់​កំពុង​តែ​ដើរ​តាម​ផ្លូវ​លេខ​២០០​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិច​ទី​កើត នៅ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដោយ​បាន​ស្ពាយ​កាមេរ៉ា​ថតរូប​មួយ​គ្រឿង​ម៉ាក Nikon មួយ​គ្រឿង​ជាប់​នឹង​ស្មា​នោះ​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១N-៨៩២៧ មួយ​គ្រឿង មក​ក្បែរ​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាមេរ៉ា​ពី​បុរស​ជនជាតិ​ស្វី​ស​នោះ​តែ​ម្តង​។ ដោយសា​តែ​ខ្សែ​កាមេរ៉ា​នៅ​ជាប់​នឹង​ស្មា​របស់​បុរស​ជា​ជនបរទេស​រូប​នោះ​ក៏​បណ្តាល​ឲ្យ​អូស និង​ដួល​ទាំងអស់​គ្នា ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង ក៏​រត់​ទៅ​ជួយ​ដេញចាប់​បាន​ភ្លាម​ៗ​ទាំង​ពីរ​នាក់​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង បែកក្បាល​ហូរ​ឈាម​ទើប​ប្រគល់​ទៅ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​រាំង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កាមេរ៉ា​ថតរូប​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​រាំង​ប្រគល់​ឲ្យ​ទៅ​បុរស​បរទេស​រង​គ្រោះ​វិញ ចំណែកឯ​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទាំង​ពីរ​នាក់​ត្រូវ​បាន​ធ្វើការ​សាកសួរ និង​កត់​កំណត់ហេតុ​ដើម​ម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕