ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​ជាង​៥០​ម៉ែត្រ​ទឹក​ហូរ​កាត់​ផ្តាច់ និង​សំណង់​ស្ពានបេតុង​ក៏​រង​ការ​ខូចខាត​ទៀត

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង​៥០​ម៉ែត្រ និង​សំណង់​ស្ពានបេតុង​មួយ​ផ្នែក​ត្រូវ​បាន​បាក់​ខ្ទេច​ដោយសារ​តែ​ទឹកជំនន់​ទន្លេមេគង្គ​ហូរ​កាត់​នា​ពេល​កន្លង​មក​នោះ​។

ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង​៥០​ម៉ែត្រ  និង​សំណង់​ស្ពានបេតុង​មួយ​ផ្នែក​ត្រូវ​បាន​បាក់​ខ្ទេច​ដោយសារ​តែ​ទឹកជំនន់​ទន្លេមេគង្គ​ហូរ​កាត់​នា​ពេល​កន្លង​មក​នោះ​។  ដែល​មាន​ទីតាំង​ស្ថិត​នៅ​ត្រង់​ព្រំប្រទល់​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ជាមួយនឹង​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដោយ​ពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​បាន​នោះ​ទេ​។ អ្នកចម្លង​ទូកដរ​ម្នាក់​ឈ្មោះ  អាន សូត ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​ទួល​គរ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ តុលា ២០១៦​ថា ដោយ​មានការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ស្រុក​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បាន​ជួយ​ចាក់​ផ្លូវ​បេតុង​តាម​ភូមិ​ទន្លេ​បិទ   បន្ត​រហូត​មក​ដល់​ភូមិ​ទួល​ខ្សាច់ មាន​ស្ពានបេតុង​កោង​វែង​ដូច​ឥ​ន្ធ​នូ​ស្អាត និង​មាន​ស្ពានបេតុង​២​ទៀត​នៅ​ព្រែក​តា​ខ្វាន់ ក្នុងភូមិ​របស់​គាត់​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។

អ្នកចម្លង​ទូកដរ​ឈ្មោះ អាន សូត មាន​ប្រសាសន៍​បន្ត​ថា ផ្លូវ​ស្រួល​ជិះ​បាន​ប្រហែល​១​ឆ្នាំ លុះ​មក​ដល់​វេន​ដាក់​បិណ្ឌ​ទី​២​កន្លង​ទៅ ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក  ហូរ​កួច​ត្របាញ់​ដោយ​បណ្តាល​ឲ្យ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​អម​ដោយ​ស្ពានបេតុង​២​សងខាង ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​ដាច់​ខ្ទេចខ្ទី​អស់​។ ជាមួយ​នោះ​ថែម​ទាំង​បាន​បាក់​សំណង់​បេតុង​ក្បាលស្ពាន  ដាច់​ជ្រុះ​បេតុង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​។ ដោយសារ​តែ​ពលរដ្ឋ​ធ្វើ​ដំណើរ​មិនកើត ទើប​គាត់​បាន​ចម្លង​តាម​ទូក​ម៉ាស៊ីន​តូច​មួយ គ្រាន់​នឹង​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ  ចំពោះ​សំណង់​ខាងលើ​នោះ គាត់​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ថា​ប្រសិនបើ​ជួសជុល​ចាក់​ផ្លូវលំ​ដី​ដដែល នៅ​ឆ្នាំ​២០១៧  ពេល​ដែល​ទឹកទន្លេ​ឡើង​មក​ប្រាកដជា​ហូរ​បាក់​ទៀត​ហើយ  សូម​ឲ្យ​ចាក់​ផ្លូវ​បេតុង​រឹង​មាំ  និង​លើក​ឲ្យ​ខ្ពស់​ជាង​ទឹក​។

លោក ផា​ន់ ស៊ី​មឿ​ន អាយុ​៣៧​ឆ្នាំ អ្នកចម្លង​ទូកដរ ប្រាប់​ឲ្យ​ដឹង​ថា  ជាមួយ​នោះ​គាត់​ចង់​ឲ្យ​ថ្នាក់លើ​ជួយ​សាងសង់​ស្ពានបេតុង​តែ​ម្តង​នៅ​ព្រែក​តា​ខ្វាន់​នេះ  សម្រាប់​ជូន​ដល់​អ្នក​ភូមិ​របស់​គាត់​ក៏​ដូច​ជា​ពលរដ្ឋ​ជិត​ឆ្ងាយ​ងាយស្រួល​ធ្វើ​ដំណើរ​។  បើសិនជា​មាន​ស្ពាន​ពលរដ្ឋ​ដែល​មាន​ក្របី អាច​ដឹក​យក​ទៅ​ឲ្យ​ស៊ី​ស្មៅ​នៅ​ខាង​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន​បាន​។ លោក អាន ស៊ី​ណា ប្រធាន​មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ត្រង់​ចំណុច​ដែល​ខូចខាត​ខាងលើ​នោះ​មាន​ប្រវែង​ប្រហែល​ជាង​៥០​ម៉ែត្រ នៅ​ព្រែក​តា​ខ្វាន់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នៅ​ខែមករា​ដើមឆ្នាំ​២០១៧ នៅ​ពេល​ដែល​ទឹកទន្លេ​ស្រក​ក្រុមបច្ចេកទេស  និង​ចុះ​ទៅ​សិក្សា​មើល​ពី​មូលហេតុ​ព្រោះថា​កន្លង​មក​ទី​នេះ​មិន​ដែល​ទឹក​ហូរ​ដាច់​ទេ ដើម្បី​ជួសជុល​ឡើង​វិញ ៕