ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បុក្កតោ​ត្រៀម​ធ្វើ​ឱ្យ​កក្រើក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សល់​មិន​ដល់​១ស​ប្ដា​ហ៍​ទៀត​ទេ ព្រឹត្តិការណ៍​កីឡា​ជាតិ​ដ៏​ធំ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​ទី​២៥ ខែតុលា ​ឆ្នាំ​២០១៦ តទៅ។ ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នឹង​ត្រូវធ្វើ​ឡើង​

រាជធានី​ភ្នំពេញ ៖ នៅ​សល់​មិន​ដល់​១ស​ប្ដា​ហ៍​ទៀត​ទេ ព្រឹត្តិការណ៍​កីឡា​ជាតិ​ដ៏​ធំ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​ទី​២៥ ខែតុលា ​ឆ្នាំ​២០១៦ តទៅ។ ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ២០១៦ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​ដោយ​មាន​កីឡា និង​សិល្បៈ​ចម្រុះ​សម្ដែង​ជូន​ទស្សនា​ផង​ដែរ​។ ក្នុង​នោះ​កីឡា​ល្បុក្កតោ​ត្រូវ​គេ​ប្រកាស​ថា​នឹង​ក្លាយជា​កីឡា​ដ៏​ទាក់ទាញ​មួយ​ដើម្បី​រំលេច​ព្រឹត្តិការណ៍​បើក​កម្មវិធី​ឱ្យ​មាន​ភាព​គគ្រឹកគគ្រេង​។

មានការ​អន្ទះសារ​ចង់​ឃើញ​យ៉ាង​ខ្លាំង ជាមួយនឹង​ពិធី​បើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រកាស​ថា​នឹង​មាន​ទម្រង់​បើក​សម្ពោធ​មិន​ខុស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​នោះ​ទេ ខណៈ​ដែល​ការ​រៀបចំ​ក៏​ដើម្បី​ជា​បទ​ពិសោធន៍​ជា​បណ្ដើរ​ៗ​ដើម្បី​កុំឱ្យ​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ មាន​ភាព​ខ្វះចន្លោះ ។ ពិធី​ដង្ហែ​ភ្លើង​គប់​ដោយ​បណ្តា​កីឡាករ កីឡាការិនី​ជើង​ចាស់ និង​ស្រករ​ក្រោយ​ល្បីឈ្មោះ ក៏​ត្រូវ​គេ​ជ្រើស និង​ធ្វើការ​បង្វឹក​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​មួយ​នេះ​មាន​ភាព​ឥត​ខ្ចោះ​មិន​ចាញ់​ពិធី​បើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​នៅ​ក្រៅប្រទេស ។ អ្នក​ទស្សនា​ពិធី​បើក​សម្ពោធ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ចំនួន​មិន​ក្រោម​៦​ម៉ឺន​នាក់​នោះ​ទេ ដោយសារ​តែ​ការ​បើក​សម្ពោធ​នៅ​ក្នុង​ថ្ងៃ​នោះ ត្រូវ​បាន​រៀបចំ​ទស្សនីយភាព​ប្លែក​ៗ​ជា​ច្រើន​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ កីឡាករ​ល្បុក្កតោ​យ៉ាង​ច្រើន​​កុះករ​ត្រូវ​គេ​ឃើញ​ហ្វឹកហាត់​យ៉ាង​សកម្ម​ដើម្បី​ត្រៀមខ្លួន​បង្អួត​សាធារណជន​នៅ​ថ្ងៃ​បើក​សម្ពោធ ។ ការ​កំណត់​ជ្រើស​យក​កីឡា​នេះ​ជា​ពិសេស​ឱ្យ​លេចធ្លោ​ជាងគេ​សម្រាប់​ពិធី​បើក​សម្ពោធ គឺ​ដោយសារ​តែ​ល្បុក្កតោ​ជា​ប្រភេទ​ក្បាច់គុន​បុរាណ​ខ្មែរ និង​មាន​ចលនា​រស់​រវើក​ដែល​អាច​ទាក់ទាញ​ក្រសែភ្នែក​ដ៏​ច្រើន​នៅ​ក្នុង​ថ្ងៃ​នោះ​បាន​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា ដើម្បី​ធ្វើ​ពិធី​បើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​ជាតិ​នៅ​ថ្ងៃ​ទី​២៨ តុលា ក្រុមការងារ​របស់​លោក​បាន​សហការ​ជាមួយ​កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ ដោយ​រួម​មាន​សិស្សានុសិស្ស និង​កីឡាករ​កីឡាការិនី​ជា​ច្រើន​នាក់​ដើម្បី​សម្ដែង​ក្បាច់គុន​ល្បុក្កតោ​នៅ​ក្នុង​ថ្ងៃ​នោះ​។

លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​បានឱ្យ​ដឹង​ថា សម្រាប់​ការ​បង្ហាញ​ស្នៀតគុន​ល្បុក្កតោ​សម្រាប់​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​នា​ថ្ងៃ​ទី​២៨ តុលា​នោះ មាន​ការ​ចូលរួម​ពី​កងកម្លាំង​ខេមរភូមិន្ទ​មក​ពីសា​លា​នាយទាហាន​សកម្ម និង​សិស្សានុសិស្ស​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​មក​ពីសា​លា​ប៊ែ​ល​ធី​រហូត​ដល់​ជាង​៤០០​នាក់ ទើប​ការ​ហ្វឹក​ហាត់​ត្រូវ​ប្រើ​រយៈពេល​ច្រើន​ថ្ងៃ និង​កាន់តែ​មាន​ភាព​មមាញឹក​លើស​ដើម​នៅ​ពេល​ថ្ងៃ​បើក​សម្ពោធ​កាន់តែ​កៀក​មក​ដល់ ។ លោក​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ថា សហព័ន្ធ​ល្បុក្កតោ​កម្ពុជា​បាន​បញ្ជូន​គ្រូ​ជា​ច្រើន​នាក់​ដែល​ដឹកនាំ​ដោយ​លោកគ្រូ​តា សាន គឹ​ម​ស៊ា​ន និង​លោកគ្រូ​តា ហុ​ក ឈាង​គី​ម ឱ្យ​ធ្វើការ​បង្វឹក​ពី​ក្បាច់គុន​ល្បុក្កតោ​សម្រាប់​សម្ដែង​ដល់​សិក្ខាកាម​ជា​ទាហាន​សកម្ម​ចំនួន​២០០​នាក់ សិស្សានុសិស្ស​២២០​នាក់ និង​កីឡាករ​ជម្រើសជាតិ​ចំនួន​១០​នាក់ ។ លោក​និយាយ​ថា ពិធី​បើក​សម្ពោធ​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ ត្រូវ​តែ​យក​កីឡា​ល្បុក្កតោ​ជា​ចំបង​ដើម្បី​បង្ហាញ​ពី​វប្បធម៌ និង​សិល្បៈ​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​របស់​បុព្វបុរស​ខ្មែរ ។ លោក​ថា ការ​បង្ហាញ​ក្បាច់​គុន​​នេះ មិន​ខុស​ពី​ការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ជា​ប្រជាជន​ខ្មែរ និង​ជនបរទេស ដើម្បី​ផ្សព្វផ្សាយ​ពី​គុន​តម្លៃ​របស់​កីឡា​ជា​ប្រពៃណី​នេះ​។ លោក​ថា ល្បុក្កតោ​ខ្មែរ​បាន​ទទួល​​ការ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្រប​ពេល​ដែល​កីឡា​យុទ្ធ​គុន​នេះ​ក៏​ត្រូវ​បាន​ថ្នាក់ដឹកនាំ​នៃ​កង​យោធពលខេមរភូមិន្ទ​សម្រេច​ដាក់​បញ្ចូល​ជា​ប្រភេទ​យុទ្ធ​គុន​សម្រាប់​ហ្វឹកហាត់​។

លោក វ៉ា​ត់ ចំរើន ធ្លាប់​បាន​លើក​ឡើង​ថា ល្បុក្កតោ​កម្ពុជា​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​តាម​រយៈ​ការ​បង្ហាញ​ក្បាច់គុន​ទ្រង់​ទ្រាយ​​ធំ ដោយ​ក្នុង​ពេល​នោះ​នឹង​មាន​អត្ត​ព​លិ​ក​ចូលរួម​រហូត​ដល់​ច្រើន​ពាន់​នាក់​។ លោក​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ក៏​មិន​ខុស​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​នោះ​ដែរ ដោយ​ខុស​គ្នា​ត្រង់​តែ​រឿង​មិន​មាន​អត្ត​ព​លិ​ក​បរទេស​មក​ចូលរួម​ប្រកួតប្រជែង​ប៉ុណ្ណោះ​។ អ៊ីចឹង​ហើយ​ទើប​លោក និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​បើក​ព្រឹត្តិការណ៍​កីឡា​នេះ​ឱ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ចុងខែ​តុលា​នេះ ដើម្បី​ត្រៀមខ្លួន​ជា​បណ្ដើរ​ៗ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​មែនទែន ។ លោក​ថា អត្ត​ព​លិ​ក​នឹង​បើក​ឆាក​ប្រកួត​នៅ​ថ្ងៃ​ទី​២៥ តុលា សម្រាប់​វិញ្ញាសា​ខ្លះ​ដែល​ក្រ​បញ្ចប់ ហើយ​រហូត​ដល់​ថ្ងៃ​ទី​២៨ តុលា ទើបបាន​បើក​សម្ពោធ​ដោយ​ក្នុង​ពិធី​នោះ​ក្រុម​សិល្បៈ និង​អត្ត​ព​លិ​ក​ជា​ច្រើន​នឹង​ដើរ​ហែ​ជា​ក្បួន​ក៏​ដូច​ជា​សម្ដែង​សម្រាប់​កំដរ​ភ្ញៀវ​ដែល​ធ្វើ​ជា​ភ្ញៀវ​ទស្សនា ។ យ៉ាងណាមិញ លោក​ថា​ព្រឹត្តិការណ៍​បើក​សម្ពោធ​នោះ កីឡា​ល្បុក្កតោ​នឹង​លេចធ្លោ​ជាងគេ​ដោយសារ​តែ​មាន​អ្នក​បង្ហាញ​ក្បាច់គុន​រហូត​ដល់​រាប់រយ​នាក់​មិន​ធ្លាប់​មាននៅ​កម្ពុជា ៕