ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បកស្បែក​មេ​កន្ទុយលេខ​ដកហូត​ប្រាក់​ជិត​៧ម៉ឺ​ន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​ដុះ​ស្លែ​មួយ​កន្លែង​ដ៏​ធំ​នៅ​តាម​ផ្លូវ​បេតុង​ខាងក្រោយ​រោងចក្រ​ស៊ីឡាំង​ហួរ ក្នុងភូមិ​ត្នោត​ជ្រំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​ត្រូវ​

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​ដុះ​ស្លែ​មួយ​កន្លែង​ដ៏​ធំ​នៅ​តាម​ផ្លូវ​បេតុង​ខាងក្រោយ​រោងចក្រ​ស៊ីឡាំង​ហួរ ក្នុងភូមិ​ត្នោត​ជ្រំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​ត្រូវ​នគរបាល និង​អាជ្ញាធរ​ខណ្ឌ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណអភិបាលរង​ខណ្ឌ និង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ចែ សុង បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​២​នាក់​ប្តី​ប្រពន្ធ​ជាមួយ​លុយ​ដុល្លារ​និង​លុយ​ខ្មែរ​សរុប​ជិត​៧​ម៉ឺន​ដុល្លារ ។

មេ​ឆ្នោត​២​នាក់​ប្តី​ប្រពន្ធ​ដែល​ត្រូវ​បាន​ឃាត់​ខ្លូ​ន​នេះ ប្តី​ឈ្មោះ ញឹ​ម កុសល អាយុ​៤៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុខ មួ​ង​ហេង អាយុ​៤៧​ឆ្នាំ​ដូច​គ្នា ។

លោក​អនុសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ បានឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​គឺ​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ខាងលើ​បើក​លួច​កត់​ឆ្នោត​ខុសច្បាប់ ដោយ​ជ្រក​ក្រោម​ឆ្នោត​ខ្មែរ​ដែល​មានច្បាប់​អនុញ្ញាត​។ ដោយហេតុ​នេះ​ហើយ ទើប​នៅ​ថ្ងៃ​ទី​១៧ ខែតុលា លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បន្លំ​ខ្លួន​ចូល​ទៅ​ចាក់​ឆ្នោត ហើយ​លទ្ធផល​បង្ហាញ​ថា ទីតាំង​នេះ​ពិតជា​មាន​ទទួល​កត់​ឆ្នោត​ខុសច្បាប់​ប្រាកដ​មែន​។ លុះ​នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច រួម​ទាំង​អាជ្ញាធរ​ខណ្ឌ​ផង បាន​ចុះ​ធ្វើការ​បង្ក្រាប​តែ​ម្តង ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​ដំបូង​ឡើយ​នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ម្ចាស់​ទីតាំង​បាន​ទាញ​ទ្វារផ្ទះ​ចាក់សោ​ពី​ខាងក្នុង​ពុំ​ឱ្យ​សមត្ថ
កិច្ច​ចូល​ឡើយ ។ លុះ​ប្រមាណ​ជាង​២០​នាទី​ក្រោយមក សមត្ថកិច្ច​បាន​សម្រេចចិត្ត​យក​ម៉ូ​ទ័​រ​ត្រៀម​កាត់​សោ​ចូល​ទៅ​ទើប​ម្ចាស់​ទីតាំង​ព្រម​បើកទ្វារ​ឱ្យ​ចូល ។

ក្នុង​ការ​បង្ក្រាប​នេះ​ដែរ សមត្ថកិច្ច​បាន​រក​ឃើញ​មាន ចុងសន្លឹក​ឆ្នោត​ដែល​ចាក់​សល់​រាប់រយ​សន្លឹក ប៊ិក​ជា​ច្រើន​ដើម ម៉ាស៊ីន​ហ្វា​ក់​១​គ្រឿង កាស្យូ​១៥​គ្រឿង ព្រមទាំង​រក​ឃើញ​លុយ​ដុល្លារ​ជិត​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​លុយ​ខ្មែរ​ជាង​១០​លាន​រៀល​ផង​ដែរ ។

មេ​ឆ្នោត​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕