ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ថ្នាំ​ញៀន​ជាង​14​គីឡូក្រាម​នៅ​ព្រះ​វិហារ វៀតណាម​ចាប់​ខ្មែរ​2​នាក់​នាំ​ចូល​ម៉ា​ទឹកកក​1​គីឡូក្រាម

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ឈ្មោះ គង់ វិច រស់នៅ​ភូមិ​គីឡូ​លេខ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រួម​ជាមួយ​ថ្នាំ​ញៀន​ជាង​១៤​គីឡូក្រាម នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ឈ្មោះ គង់ វិច រស់នៅ​ភូមិ​គីឡូ​លេខ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រួម​ជាមួយ​ថ្នាំ​ញៀន​ជាង​១៤​គីឡូក្រាម នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត នៅ​ថ្ងៃ​ទី​១៧ តុលា  ។

លោក​វរសេនីយ៍ឯក មាឃ សំ​អូន ស្នងការ​រង និង​ជា​នាយការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ថា ជនសង្ស័យ​រកស៊ី​ជួញដូរ​គ្រឿងញៀន រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​២៤​សុង ស្មើនឹង​១៤.៥៤០​គ្រាប់ បើ​គិត​ជា​សាច់​ថ្នាំ​សុទ្ធ​មាន​ប្រមាណ​ជា​១៤​គីឡូក្រាម ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ត្រូវ​សមត្ថកិច្ច​ចាប់​បាន កាលពី​យប់​ថ្ងៃ​ទី​១៥ តុលា កន្លង​ទៅ នៅ​ចំណុច​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ។

លោក​វរសេនីយ៍ឯក​បាន​បញ្ជាក់​ទៀត​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏​សម្បើម​នេះ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​រួច​មក​ហើយ លុះដល់​យប់​ថ្ងៃ​ទី​១៥ តុលា ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ។ ខណៈនោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រថយន្ត​មួយ​គ្រឿង ដែល​បើកបរ​តាម​ផ្លូវជាតិ​លេខ​៩ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ។ រថយន្ត​នេះ​ត្រូវ​បាន​ឆែកឆេរ ក៏​ប្រទះ​ឃើញ​គ្រឿងញៀន​រួម​ទាំង​ដាវ​សា​ម៉ូ​រៃ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ចុះ​ពិនិត្យ​វត្ថុ​តាង​គ្រឿងញៀន​ជាក់ស្តែង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា  លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត  បាន​ឲ្យ​ដឹង​ថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ ជា​ប្រភេទ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​(​យ៉ា​ម៉ា​) ចំនួន​២៤​ដុំ ស្មើនឹង​១៤.៥៤០​គ្រាប់ គិត​ជា​គីឡូ​ជាង​១៦​គីឡូក្រាម បើ​គិត​ជា​ទឹកប្រាក់​លក់​នៅ​ផ្សារងងឹត​ប្រមាណ​ជាង​១​លាន​ដុល្លារ ។ លោក​អភិបាល​ខេត្តព្រះវិហារ បាន​បន្ថែម​ថា សមត្ថកិច្ច​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នឹង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ​នៃ​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ខាងលើ ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តព្រះវិហារ រហូត​ឃាត់​បាន​ថ្នាំ​ញៀន​ដ៏​ធំ​មហិមា​បែប​នេះ ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ ក៏​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ព្រំដែន​កម្ពុជា​ឡាវ ស្ថិត ក្នុងភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ រួម​ទាំង​វត្ថុ​តាង គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) បាន​ប្រមាណ​ជិត​២​គីឡូក្រាម​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ​វិធានការ​ក្តៅ​របស់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​វា​បាន​ស្វិតស្វាញ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ទូទៅ ដែល​បាន​បំពុលបរិយាកាស​សង្គម និង​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​នៅ​តាម​មូលដ្ឋាន ជាក់ស្តែង​គឺ​បញ្ហា​គ្រឿងញៀន​តែ​ម្តង ៕

មន្ដ្រី​នគរបាល​និង​យោធា​ការពារ​ព្រំដែន​ពីរ​នាក់​យក​ម៉ា​ទឹកកក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ត្រូវ​ចាប់ខ្លួន

ខេត្ដរតនគិរី ៖ មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ឈ្មោះ ចាប សា​មៀន និង​មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០២ ឈ្មោះ អាន ប៊ុ​ន​ធី ត្រូវ​បាន​កម្លាំង​ប៉ុស្ដិ៍​៧២១​វៀតណាម សហការ​ជាមួយ​កម្លាំង​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ដោយ​ដកហូត​ថ្នាំ​ញៀន​ម្សៅ​ពណ៌​ស​ចំនួន​១​គីឡូក្រាម​ខណៈ​កំពុង​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម នៅ​ស្រុក​ដាក់​កឺ ខេត្ត​យ៉ា​ឡាវ ។

លោក​វរសេនីយ៍ឯក ងួ​ន សុ​វ​ណ្ណា មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៦២៣ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ថា ឈ្មោះ ចាប សា​មៀន ពិតជា​មន្ត្រី​នគរបាល​នៅ​អង្គភាព​លោក​ប្រាកដ​មែន ៕