ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​អ្នក​ស្លា.ប់​តាម​រយៈ​ប្រពន្ធ​ទាំង​2

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​ឃាតករ​វាយ​សម្លា.ប់ រួច​យក​ខ្សែ​នីឡុង​ចងជើង ព្រមទាំង​យក​ខ្សែ​គោ​ចង​ជាប់​ចង្កេះ

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​ឃាតករ​វាយ​សម្លាប់ រួច​យក​ខ្សែ​នីឡុង​ចងជើង ព្រមទាំង​យក​ខ្សែ​គោ​ចង​ជាប់​ចង្កេះ សណ្តូន​នឹង​ដុំ​ថ្ម​ទម្ងន់​ប្រមាណ​ជាង​១០​គីឡូក្រាម​ទម្លាក់​ពន្លិច​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ហើយ​កាយ​សំរាម​កប់​ពីលើ​ថែម​ទៀត​នោះ រហូត​មក​ដល់មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ តុលា ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ  ។ ស្គាល់​ដោយសារ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​រូប​នោះ​ដល់​ទៅ​ពីរ​នាក់ គឺ​ប្រពន្ធដើម ​និង​ប្រពន្ធចុង រួម​ទាំង​កូន​ផង បាន​ទៅ​តាម​សួរនាំ​ដល់​ប៉ុស្ដិ៍ នគរបាល​សង្កាត់​ចោម​ចៅ និង​បាន​អះអាង​ថា សព​ខាងលើ​គឺជា​ប្ដី​របស់​ពួក​គាត់ ។

ទោះបីជា​បែប​ណា ប្រពន្ធ​ទាំង​២​មិន​បាន ឃើញ​សាកសព​នោះ​ទេ ព្រោះ​ត្រូវ​បាន​អាជ្ញាធរ​បូជា​ទៅ​ហើយ ដោយសារ​ធុំក្លិន​មិន​អាច​រក្សា​ទុក​បាន ប៉ុន្តែ​អាជ្ញាធរ​បាន​រក្សា​ទុក​របស់​មួយ​ចំនួន​របស់​សាកសព ដូច​ជា​រូបថត​សព​មុន​ពេល​បូជា រួម​ជាមួយ​ខ្សែក្រវាត់ និង​សម្លៀក​បំពាក់​ជាដើម ដែល​អាច​ឲ្យ​ប្រពន្ធ​កូន​ជន​រង​គ្រោះ​ស្គាល់​ថា​ ច្បាស់​ជា​ប្ដី​និង​ឪពុក​ប្រាកដ​មែន ។ មានការ​សង្ស័យ​ថា ការ​ស្លាប់​នោះ​អាច​ជា​ការ​ពាក់ព័ន្ធ​ទៅ​នឹង សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ ព្រោះ​ជន​រង​គ្រោះ​បាន បាត់បង់​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង និង​គ្រឿងអលង្ការ​មាស​៥​ជី​ផង​ដែរ ។

ស្ត្រី​ជា​ប្រពន្ធដើម​បាន​ប្រាប់​នគរបាល​ថា ប្តី​ដែល​រង​គ្រោះ​នេះ​ឈ្មោះ កៅ ផា អាយុ​៤៨​ឆ្នាំ ជា​អ្នក​បើករថយន្ត​ឈ្នួល មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​រី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង ។ តាម​ប្រភព​ពី​ប្រពន្ធដើម​ថា កន្លង​មក​ប្តី​គាត់​បើកបរ​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​ពី​ស្វាយ​រៀង​ទៅ​ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ ។ បុរស​ត្រូវ​គេ​សម្លាប់​នោះ​មាន​ប្រពន្ធ​២​នាក់ គឺ​ប្រពន្ធដើម​ឈ្មោះ សៅ សំ​អឿ​ន អាយុ​៤៦​ឆ្នាំ ហើយ​មានកូន​ចំនួន​៤​នាក់ ក្នុង​នោះ​កូនប្រុស​៣​នាក់ និង​កូនស្រី​ម្នាក់ និង​រស់នៅ​ជាមួយ​ប្រពន្ធដើម ។ ចំណែក​ប្រពន្ធចុង​ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត នៅ​ក្នុងភូមិ​តា​ហង់ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ស្នាក់​នៅ​ក្នុងភូមិ​ចុង​ព្រែក ឃុំ​កំពង់​ព្រែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

តាម​ការ​អះអាង​ថា ពេល​នេះ​បាន​បាត់បង់​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-4728 និង​ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៥​ជី​ផង​ដែរ ។
សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ក្នុង​ប្រឡាយ​ទឹក នៅ​ខាងក្រោយ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធដើម​បាន​បន្ត​ថា ប្ដី​របស់​ពួក​គាត់​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ សូ ផា ហៅ អ៊ូ​ក អាយុ​៣០​ឆ្នាំ ដែល​មាន​មុខរបរ​បើកបរ​រថយន្តឈ្នួល​ដែរ និង​មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ជួល​រថយន្ត​ប្ដី​គាត់​ជិះ ដោយ​ប្រាប់​ថា​ទៅ​កាន់​ខេត្តសៀមរាប ទាំង​ទៅ​និង​មក​ក្នុង​តម្លៃ​២៥០​ដុល្លារ ។ បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ក៏​បាន​ចាក​ចេញពីផ្ទះ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ តុលា ខណៈនោះ​រូប​គាត់​ដែល​ជា​ប្រពន្ធដើម​បាន​ទំនាក់ទំនង​សួរនាំ​ប្ដី​តាម​ទូរស័ព្ទ​ជា​ញឹកញយ​ហើយ បាន​ខ​ល​ចូល​និង​ទាក់ទង​គ្នា​បាន​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​ខ​ល​លែង​ចូល ។ 

ប្រភព​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​គាត់​មិន​បានដឹង​ថា ប្ដី​មាន​បញ្ហា​អ្វី​នោះ​ឡើយ ប៉ុន្តែ​គាត់​បាន​សង្ស័យ​ក្នុង​ចិត្ត​ថា​ប្រហែលជា​ប្តី​មាន​បញ្ហា​អ្វី​មិន​ស្រួល​ហើយ និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រមទាំង​បាន​រង់ចាំ​មើលផ្លូវ​ប្ដី​ត្រឡប់​ទៅ​ផ្ទះ​វិញ​រហូត ប៉ុន្តែ​ចិត្ត​មួយ​បាន​គិត​ថា សៀមរាប​មាន​ផ្លូវ​វែង​ឆ្ងាយ​មិន​ងាយ​នឹង​ទៅ​ភ្លាម​ត្រឡប់​វិញ​ភ្លាម​ៗ​បាន​ឡើយ ។

ប្រពន្ធ​និយាយ​ទៀត​ថា ចាប់ពី​ពេល​នោះ​មក​ទូរស័ព្ទ​ខ​ល​លែង​ចូល​រហូត​តែ​ម្ដង ។ លុះដល់​ថ្ងៃ​ទី​១៤ តុលា មាន​ព័ត៌មាន​ផ្សាយ​ថា គេ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​សណ្តូន​ថ្ម​ពន្លិចទឹក​ប្រឡាយ​ទើប​មានការ​សង្ស័យ ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ​មក​ភ្នំពេញ​ដើម្បី​មើល​ក្រែង​ជា​ប្ដី​របស់​ខ្លួន គឺ​ពេល​នោះ​មិន​ទាន់​មានការ​ប្រាកដប្រជា​នៅឡើយ​ទេ ។ ពេល​ទៅ​ដល់​ប៉ុស្ដិ៍​ចោម​ចៅ គាត់​បាន​សាកសួរ​នគរបាល​ពី​ភិនភាគ ហើយ​នគរបាល​បាន​នាំ​ទៅ​បង្ហាញ​ពី​សម្លៀក​បំពាក់ ខ្សែក្រវាត់ និង​រូបថត​សព​ពេល​មិន​ទាន់​បូជា ទើប​គាត់​កំណត់​បាន​ថា​ជា​ប្ដី​របស់​គាត់ ដោយ​សំអាង​ទៅ​លើ ខោអាវ ខ្សែក្រវាត់ ទើប​ស្គាល់​ច្បាស់​ជាក់​ជា​ប្តី​ពិតប្រាកដ​មែន ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយឡែក​ស្ត្រី​ជា​ប្រពន្ធចុង​ក៏​បាន​អះអាង​យ៉ាង​ច្បាស់​ថា បុរស​ដែល​ត្រូវ​គេ​សម្លាប់​នោះ​គឺជា​ប្ដី​របស់​ខ្លួន​ដែរ ដោយ​បាន​ចង្អុល​លើ​សម្លៀក​បំពាក់ និង​ខ្សែក្រវាត់​ ដែល​សមត្ថកិច្ច​ដោះ​ចេញពី​សាកសព ទុក​ឲ្យ​មើល​នោះ​ក្នុង​ស្ថានភាព​ក្ដុកក្ដួល ។

ប្រពន្ធចុង​មិន​បាន​ប្រាប់​ថា គាត់​មានកូន​ជាមួយ​បុរស​ជា​ប្ដី​នោះ​ដែរ​ឬ​អត់​នោះ​ឡើយ ។ ក្រោយ​ពេល​បានដឹង​និង​ស្គាល់​អត្តសញ្ញាណ​សាកសព នគរបាល​បាន​ធ្វើការ​សាកសួរ​ប្រពន្ធ​ និង​កូន​ដើម្បី​ស្វែងរក​ពន្លឺ​ខ្លះ​ៗ​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​ឃាតករ ។

ច្បាស់​ណាស់​ថា ខណៈ​សាកសព​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​ការ​ទំនាក់ទំនង​មុន​ពេល​ស្លាប់ អាច​រក​ឃើញ​ឃាតករ​មិន​ខាន​ឡើយ ប្រ​សិន​សមត្ថកិច្ច​ព្យាយាម ៕