ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ! ក្មេងស្រីម្នាក់ ជិះម៉ូតូបុកឡានទើបទិញ មិន​ទាន់ធ្វើស្លាកលេខ ស្រាប់តែម្ចាស់ឡាន បោះសោរ​ឱ្យ ហើយទារ ៥ម៉ឺនដុល្លារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជារឿងហួសចិត្តមួយ ដែល​ក្មេងស្រីម្នាក់ បានជិះម៉ូតូ បុករថយន្ត HILUX REVO ១គ្រឿង ទើបទិញ មិនទាន់ទាំងធ្វើស្លាកលេខផង។…

ភ្នំពេញ៖ ជារឿងហួសចិត្តមួយ ដែល​ក្មេងស្រីម្នាក់ បានជិះម៉ូតូ បុករថយន្ត HILUX REVO ១គ្រឿង ទើបទិញ មិនទាន់ទាំងធ្វើស្លាកលេខផង។ ម្ចាស់បានបោះសោរប្រគល់រថយន្តឲ្យ រួចទារប្រាក់ ៥ម៉ឺនដុល្លារ​។ ទីបំផុត ខាងក្មេងស្រី សង ១០០ដុល្លារ ក៏ត្រូវ​ម្ចាស់រថយន្ត ទទួលយក រួចហែកលុយចោល និងដាក់បណ្ដាសា។

​រថយន្តនោះ រងការខូចខាត ដោយក្រពឹតទ្វារ និងបែកកញ្ចក់​មើលក្រោយម្ខាង​។ ភ្លាមៗនោះ ត្រូវបានម្ចាស់ប្រគល់រថយន្តឲ្យនាងតែម្ដង រួចបានទារប្រាក់ពីនាងចំនួន ៥ម៉ឺនដុល្លារ ដើម្បីយកទៅទិញរថយន្តថ្មីវិញ​។

ក្មេងស្រី ដែលជិះម៉ូតូបុកឡាននោះ បាន​អង្វរម្ចាស់រថយន្ត និងប្រាប់ថា នាងគ្មានប្រាក់ទេ ព្រោះឪពុក​ម្ដាយនាងក្រ។ តែម្ចាស់រថយន្តខឹងខ្លាំងណាស់ មិនព្រមឡើយ និងដឹងតែទារយក ៥ម៉ឺនដុល្លារនោះប៉ុណ្ណោះ។ ដោយសារទាល់គំនិតរកគិតមិនចេញ គ្មានលទ្ធភាព ទើបនាងអង្គុយស្រែកទ្រហ៊ោយំតែម្ដង។

ប៉ុន្តែក្រោយពេលមានការសម្របសម្រួលគ្នា ខាងក្មេងស្រីជំទង់ មានលទ្ធភាពសងត្រឹម ១០០ដុល្លារ។ ពេល​នោះ ខាងភាគីម្ចាស់រថយន្ត ព្រមទទួលយក។ បន្ទាប់មក ក៏ហែកលុយ ១០០ដុល្លារនោះ ចោល និងដាក់បណ្ដាសា​ទៅលើក្មេងស្រីនោះថា «ឲ្យឯង រលាយខ្សុល ឲ្យឯងជិះទៅងាប់ និងគេបុក» រួចក៏ឡើងជិះរថយន្ត​ចាកចេញទៅបាត់។

សកម្មភាពរបស់ស្រ្តីម្ចាស់ឡាននោះ បានធ្វើឲ្យមហាជន ហាក់មានការហួសចិត្តគ្រប់ៗគ្នា ដោយអ្នកខ្លះបាននិយាយថា រឿងគ្រោះថ្នាក់ចរាចរណ៍ គ្មាននរណាចង់ឲ្យកើតឡើងទេ ហើយបើជ្រុល ជាទទួលយកលុយបញ្ចប់រឿងហើយ ចាំបាច់ហែកលុយចោល និងដាក់បណ្ដាសាគ្នាធ្វើអីទៀត។

ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ត្រង់ចំណុចផ្លូវខ្វែង ស្ថិតនៅក្នុងបុរីពិភពថ្មី ក្នុង​ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីជំទង់ខាងលើ បានជិះម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HL-9890 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច​។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុល​ទៅបុកចំចំហៀងរថយន្តម៉ាក HILUX REVO ពណ៌ស មិនមាន​ស្លាកលេខ ដែលកំពុងបើកបរធ្វើដំណើរ ក្នុងទិសដៅពីជើង ទៅត្បូង។

ប្រភពដដែលបានប្រាប់​បន្ត​ថា ពេលនោះ បានបណ្ដាលឲ្យរថយន្តម៉ាក HILUX VIGO នេះ រងការខូចខាត ក្រពឹតទ្វារមុខខាងស្ដាំ និងបែកកញ្ចក់មើលក្រោយចំហៀងខាងស្ដាំ ១ផងដែរ។ ចំណែកឯក្មេងស្រីជំទង់ បាន​ដួលម៉ូតូ រងរបួស​ ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទាមទារប្រាក់ចំនួន ៥ម៉ឺនដុល្លារ និងប្រគល់រថយន្តទៅឲ្យក្មេងស្រី យកទៅជួសជុល និង​ប្រើប្រាស់តែម្ដង។

ប្រភពខាងលើ បាន​បន្ថែមទៀតថា ម្ចាស់រថយន្តធ្វើបែបនេះ ក៏ព្រោះតែរថយន្តរបស់គាត់ ទើបនឹងទិញពីឃ្លាំងថ្មី ស្រឡាង ពុំទាន់ទាំងធ្វើស្លាកលេខនៅឡើយ ហើយខណៈដែលគាត់បើកចេញពីផ្ទះ យកទៅធ្វើស្លាកលេខ ក៏ជួបរឿងបែបនេះ។

ប៉ុន្តែក្មេងស្រីជំទង់ឯណោះវិញ បានសុំអង្វរឲ្យម្ចាស់រថយន្ត លើកលែងឲ្យ ដោយនាងនិយាយថា ​នាងគ្មានប្រាក់ទេ ព្រោះឪពុកម្ដាយនាងក្រ​។ តែពេលនោះ ម្ចាស់រថយន្ត មិនព្រមឡើយ ដឹងតែទារយក ៥ម៉ឺនដុល្លារ ទើប​នាងទាល់គំនិត រកគិតមិនចេញ ហើយអង្គុយស្រែកយំខ្លាំងៗតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោរ បានចុះទៅកាន់ទីនោះ ហើយបានឱ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា។ លុះក្រោយមក ខាងម្ចាស់រថយន្ត បានចុះថ្លៃពី ៥ម៉ឺនដុល្លារ មកនៅត្រឹម ៤ពាន់ដុល្លារវិញ​។

ប៉ុន្តែក្មេងស្រី បានហៅក្រុមគ្រួសារ ឲ្យមកជួយដោះស្រាយ និងមានលទ្ធភាពត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ ដើម្បីជួយថ្លៃជួសជុលរថយន្ត។ លុះក្រោយពីការចរចា​គ្នាយ៉ាងយូរ ទើបខាងស្រ្តី ជាម្ចាស់រថយន្ត ព្រមទទួលយក ១០០ដុល្លារនោះ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែក្រោយពីទទួលយកគាត់បាននិយាយថា ជាលុយក្លែងក្លាយ​។ បន្ទាប់មក ក្រុមគ្រួសារគាត់ បានចាប់នាំគាត់​ចេញពីកន្លែងកើតហេតុ រួចគាត់ ក៏ហែកលុយនោះចោល និងដាក់បណ្ដាសា​ទៅក្មេងស្រីជំទង់ ដែលជិះម៉ូតូបុករថយន្តគាត់នោះ ថា «ឲ្យឯង រលាយខ្សុលនិងឲ្យនាងឯង ជិះទៅងាប់ និងគេបុក»។ បន្ទាប់មក ស្ត្រីម្ចាស់ឡាននោះ ក៏ឡើងជិះឡានទៅបាត់ស្រមោល​៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ