ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កាហ្វេ​អាច​មាន​ផល​មិនល្អ​ដល់​ចង្កេះ​របស់​អ្នក ឬទេ?

7 ឆ្នាំ មុន

កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ចាំបាច់​សម្រាប់​បុគ្គល​ដែល​មាន​ការងារ​មមាញឹក​ច្រើន ព្រោះ​វា​អាច​ផ្តល់​ថាមពល​បន្ថែម​ទៀត​ដល់​អ្នក​ក្នុង​ការ​បញ្ចប់​ការងារ​ពេញ​មួយ​ថ្ងៃ ។ ទោះជា​យ៉ាងណា​ក្តី ជាតិ​កាហ្វេ​អីុន​ដែល​មាន​

កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ចាំបាច់​សម្រាប់​បុគ្គល​ដែល​មាន​ការងារ​មមាញឹក​ច្រើន ព្រោះ​វា​អាច​ផ្តល់​ថាមពល​បន្ថែម​ទៀត​ដល់​អ្នក​ក្នុង​ការ​បញ្ចប់​ការងារ​ពេញ​មួយ​ថ្ងៃ ។ ទោះជា​យ៉ាងណា​ក្តី ជាតិ​កាហ្វេ​អីុន​ដែល​មាន​ក្នុង​ភេសជ្ជៈ​សំណព្វចិត្ត​របស់​អ្នក​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ឈឺចង្កេះ ឬ​បង្កើន​ការ​ឈឺចង្កេះ ។ គ្មាន​ភស្តុ​តាង​ណាមួយ​ដែល​បង្ហាញ​ពី​ការ​ទាក់ទង​ដោយ​ផ្ទាល់​នៃ​ការ​ទទួលទាន​កាហ្វេ និង​ការ​ឈឺចង្កេះ​ទេ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជាតិ​កាហ្វេ​អុ​ី​ន​អាច​បណ្តាល​ឲ្យ​យើង​ឈឺចង្កេះ​បាន ។ មិន​ថា​វា​ជា​ភាព​តានតឹង ការ​រលាក ជំងឺ​នៃ​ការ​គេង ឬ​ការ​ថប់​បារម្ភ កាហ្វេ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ទាំងនេះ​កាន់តែ​អាក្រក់ និង​ជា​លទ្ធផល​បញ្ហា​ឈឺចង្កេះ​នឹង​កើត​មាន​ឡើង ។

ភាព​តានតឹង​កើនឡើង
វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​ជាតិ​កាហ្វេ​អុ​ី​ន​គឺជា​ភ្នាក់ងារ​រំញោច​មួយ និង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកមាន​សកម្មភាព​កាន់តែ​ខ្លាំង​។ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​គ្នា​ដឹង​ទេ​ថា ការ​ទទួលទាន​កាហ្វេ​ធ្វើ​ឲ្យ​ក្រពេញ Adrenaline ធ្វើការ​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ ។ ការ​ទទួលទាន​កាហ្វេ​នៅ​ពេល​ព្រឹក​អាច​ធ្វើ​ឲ្យ​កម្រិត​នៃ​ភាព​តានតឹង ឬ​អ៊័​រ​ម៉ូ​ន cortisol របស់​អ្នក​កើនឡើង​ពេញ​មួយ​ថ្ងៃ ។ នៅ​ក្នុង​ស្ថានភាព​នេះ សាច់ដុំ​របស់​អ្នក​អាច​រមួល បណ្តាល​ឲ្យ​សរសៃប្រសាទ​នៅ​បរិវេណ​ចង្កេះ​របស់​អ្នក​អាច​រលាក​បាន ជា​លទ្ធផល​អ្នក​នឹង​មាន​បញ្ហា​ឈឺចង្កេះ ។

ការ​រលាក ជំងឺ​រលាក​សន្លាក់ និង​ការ​ឈឺចង្កេះ
ការ​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​ដ៏​ច្រើន​អាច​បង្ក​ឱ្យ​មានការ​រលាក ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ការ​ទ​ទូល​ទាន​កាហ្វេ​ពី​កម្រិត​មធ្យម​ទៅ​កម្រិត​ខ្ពស់​មានការ​ទាក់ទង​ជាមួយនឹង​ការ​កើនឡើង​ដំណើរការ​រលាក​ក្នុង​រាង​កាយ​។​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់​បាន​រក​ឃើញ​ពី​ការ​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ការ​ទទួលទាន​កាហ្វេ និង​កត្តា​ធ្វើ​ឲ្យ​មានការ​ឈឺសន្លាក់​ម្រាមដៃ ហើយ​លទ្ធផល​នៃ​ការ​សិក្សារ​បាន​បង្ហាញ​ថា​ជំងឺ​រលាក​សន្លាក់​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ឈឺចង្កេះ ។ ការ​ទទួលទាន​កាហ្វេ ៤​ពែង ឬ​ច្រើន​ជាង​នេះ​ជា​រៀងរាល់ថ្ងៃ អាច​បង្កើន​ឱកាស​ទ្វេ​ដង​ក្នុង​ការ​កើត​ជំងឺ​រលាក​សន្លាក់​។ ដូច្នេះ​ពួក​គេ​បាន​សន្និដ្ឋាន​ថា ការ​ទទួលទាន​កាហ្វេ​អាច​ជា​កត្តា​ហានិភ័យ​ថ្មី​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​រលាក​សន្លាក់ ។

ជំងឺ​គេង​មិន​លក់
ការ​គេង​មាន​ភាព​ចាំបាច់​ដើម្បី​ធានា​ឱ្យ​បាន​ថា​រាង​កាយ​របស់​អ្នក​បាន​សម្រាក និង​មាន​ថាមពល​ឡើង​វិញ​សម្រាប់​ថ្ងៃ​បន្ទាប់ ។ ប៉ុន្តែ សម្រាប់​អ្នក​ទទួលទាន​ជាតិ​កាហ្វេ​អីុ​ន​ច្រើន​ពេក អាច​មាន​បញ្ហា​នៅ​ពេល​គេង ។ យោង​តាម​ការ​សិក្សា ការ​គេង​មិន​បាន​គ្រប់គ្រាន់ (​គុណភាព​នៃ​ការ​គេង​) អាច​បង្កើន​ឱកាស​ក្នុង​ការ​កើត​ជំងឺ​ឈឺចង្កេះ ។ ការ​សិក្សា​មួយ​ទៀត​ក៏​បាន​រក​ឃើញ​ថា ក្មេង​ជំទង់​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ ១៦ ឆ្នាំ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ឈឺចង្កេះ​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី ។

ជំងឺ​ថប់​បារម្ភ  អារម្មណ៍​ផ្លាស់​ប្តូរ
ជាតិ​កាហ្វេ​អុ​ី​ន​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឥទ្ធិពល​ទៅ​លើ​អារម្មណ៍​របស់​អ្នក ។ ជាតិ​កាហ្វេ​អុ​ី​ន​ក្រោម ២០០ មី​ល្លី​ក្រាម​អាច​បង្កើន​អារម្មណ៍ និង​ជំរុញ​ស្មារតី​របស់​អ្នក ប៉ុន្តែ​បើ​អ្នក​ទទួលទាន​ជាតិ​កាហ្វេ​អុ​ី​ន​លើស ២០០ មី​ល្លី​ក្រាម​ពិតជា​អាច​នាំ​អ្នកមាន​អារម្មណ៍​អវិជ្ជមាន ។ ជំងឺ​ថប់​បារម្ភ និង​ការ​ភ័យ​ព្រួយ​មានការ​ទាក់ទង​ទៅ​នឹង​ការ​ទទួលទាន​កាហ្វេ​ក្នុង​កម្រិត​ខ្ពស់ ជា​លទ្ធផល​វា​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​ឈឺចង្កេះ​ដែល​ទាក់ទង​នឹង​ជំងឺ​ដោយសារ​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ។ សមាគម​ជំងឺ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​របស់​អា​មេ​រិ​កបាន​ណែនាំ​ថា អ្នក​ដែល​មាន​បញ្ហា​ថប់​អារម្មណ៍​និង​ការ​ឈឺចាប់​គួរ​កាត់​បន្ថយ​ការ​ទទួលទាន​កាហ្វេ​ដោយសារ​វា​បង្កើន​ជាតិ​អាស៊ីត រំខាន​ដល់​ដំណេក​របស់​អ្នក និង​ធ្វើ​ឲ្យ​ជំងឺ​ថប់​បារម្ភ​កាន់តែ​មាន​សភាព​អាក្រក់ ៕