ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះសាមសិប នឹងក្លាយជាដែកឆក់ភ្ញៀវទេសចរ តាមដងទន្លេមេគង្គ ក្នុងទឹកដីខេត្តក្រចេះ

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ៖ ភ្ញៀវទេសចរ នឹងប្រាកដភ្ញាក់​ផ្អើល និងកោតសរសើរមិនខាន នៅពេលដែលធ្វើដំណើរទៅដល់​សហគមន៍អេកូទេសចរណ៍កោះសាមសិប (៣០) ដែលស្តិតក្នុងភូមិ​ចំនួន៣ នៃឃុំ​អូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ​។…

ខេត្តក្រចេះ៖ ភ្ញៀវទេសចរ នឹងប្រាកដភ្ញាក់​ផ្អើល និងកោតសរសើរមិនខាន នៅពេលដែលធ្វើដំណើរទៅដល់​សហគមន៍អេកូទេសចរណ៍កោះសាមសិប (៣០) ដែលស្តិតក្នុងភូមិ​ចំនួន៣ នៃឃុំ​អូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ​។

អ្វីៗដែលមាននៅក្នុងតំបន់នោះ គឺជាតំបន់ធម្មជាតិ ដែលស្រស់បំព្រម មើលទៅជ្រុងណា ក៏ជក់ចិត្ត និងទាក់ទាញ​មែនទែនតែម្តង។ ហេតុដូច្នេះហើយ ទើបភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ដែលបានទៅដល់ទីនោះ សុទ្ធតែបង្ហាញ​នូវអារម្មណ៍ស្រស់ស្រាយ កោតសរសើរ និងចាត់ទុកតំបន់សហគមន៍ទេសចរណ៍កោះសាមសិប ជាដែកឆក់ ថ្ពក់យកបេះដូងភ្ញៀវទេសចរ សម្រាប់ពេលនេះ ក៏ដូចជាទៅថ្ងៃអនាគត។

លោក អ៊ូ សុខា អនុប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប បានឱ្យដឹងថា សហគមន៍ បង្កើតទើប​តែ​បាន​ប្រហែលជាកន្លះឆ្នាំ ក៏គាប់ជួនផ្ទុះកូវីដ១៩តែម្តង។ ដូច្នេះហើយ ភ្ញៀវទេសចរ​ ដែលមកដល់សហគមន៍នេះ នៅមានកម្រិតទាបនៅទ្បើយ។ ប៉ុន្តែក្រោយពេល ដែលរាជរដ្ឋាភិបាល សម្រេចបើកប្រទេសទ្បើង​វិញ ចរន្តភ្ញៀវទេសចរ ក៏ចាប់ផ្តើមមានជាបណ្តើរៗ។

លោកអនុប្រធានសហគមន៍ បានអះអាងថា មិនយូរនោះទេ តំបន់នេះ នឹងក្លាយជាតំបន់ទេសចរណ៍ ដែលគួរឲ្យទាក់ទាញមិនខាន ឬអាចនិយាយថា វានឹងក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរ​ សំខាន់ភ្ញៀវទេសចរ ដែលចូលចិត្តសម្រស់ធម្មជាតិពិតៗ ព្រោះនៅតំបន់នេះ គឺជាតំបន់ធម្មជាតិទាំងស្រុង ពុំមានការកែឆ្នៃនោះទ្បើយ។

យ៉ាងណាក៏ដោយ លោកថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍អេកូទេសចរណ៍កោះសាមសិប មិនទាន់មានរៀបចំជាផ្ទះសំណាក់ សម្រាប់ទទួលភ្ញៀវទេសចរ​នៅទ្បើយទេ ប៉ុន្តែភ្ញៀវ អាចបោះតង់ ដេកតាមឆ្នេរខ្សាច់ ដែលលាតសន្ធឹងវែងអន្លាយ លាយទ្បំទៅដោយទឹកថ្លាឈ្វេង និងរុក្ខជាតិពណ៌ខៀវស្រងាត់ មើលទៅត្រជាក់ចិត្តមែនទែនតែម្តង។

លោកបានបន្ថែមថា មូលហេតុដែលយើងមិនទាន់មានផ្ទះសំណាក់ សម្រាប់ភ្ញៀវនោះ គឺដោយសារតែបញ្ហា​កូវីដនេះឯង។

យ៉ាងណាក៏ដោយ លោក អ៊ូ សុខា បានផ្តើមនូវការអំពាវនាវភ្ញៀវទេសចរអញ្ជើញទៅកាន់តំបន់សហគមន៍​អេកូទេសចរកោះសាមសិប នោះលោកអ្នកនឹងជំពប់ភ្នែកនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល​នៅតំបន់នោះមិនខាន​។

លោកថ្លែងអំណរគុណ​ដល់ភ្ញៀវទេសចរ ដែលបានទៅសម្រាកកម្សាន្តនៅសហគមន៍របស់លោកជាបន្តបន្ទាប់ បន្ទាប់ពីកូវីដ១៩ ស្ងប់ស្ងាត់ ហើយចំនួនភ្ញៀវទេសចរ​ កើនទ្បើង គួរឲ្យកត់សម្គាល់។

ផ្តើមពីនោះ លោករំពឹងថា មិនយូរនោះទេ ភ្ញៀវទេសច​នឹងទីកាន់តំបន់នេះ កាន់តែច្រើនទ្បើងៗមិនខាន។

លោកអនុប្រធានសហគមន៍រូបនោះបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ជីវភាពប្រជាសហគមន៍ សំខាន់គ្រួសារ​លោកតែម្តង ដែលមុននេះ ប្រកបមុខរបរធ្វើស្រែចំការតែមួយមុខ ដែលធ្វើឲ្យកម្រិតជីវភាពនៅទាប។ ប៉ុន្តែពេលចូលសហគមន៍ គាត់ក៏មានមុខរបរសេវាកម្មទេសចរណ៍បន្ថែមទៀត ហើយអាចនិយាយថា ជីវភាពបានកើនមួយកម្រិតទៀត។

លោកថា គាត់មានទូកដឹកទេសចរណ៍មួយគ្រឿង ហើយនឹងអាចរកកម្រៃបានពីជាង ១០ម៉ឺន ទៅ ២០ម៉ឺនរៀល ក្នុងមួយសប្តាហ៍ ហើយកម្រៃ ដែលលោកទទួលបាននេះ គឺបង់ឲ្យខាងសហគមន៍ប្រមាណ ២០%។

លោកបន្តថា កម្រៃដែលលោកទទួលបាននៅពេលនេះ ហាក់នៅតិចតួចនៅទ្បើយ ព្រោះភ្ញៀវមិនទាន់មានច្រើន តែទៅថ្ងៃខាងមុខ លោកសង្ឃឹមថា ចំណូលទទួលបានពីសហគមន៍ នឹងមានការកើនទ្បើងមិនខាន។

យ៉ាងណាក៏ដោយ កម្រៃខាងលើនេះ ក៏បានរួមចំណែកដល់ការចំណាយក្នុងគ្រួសារលោកផងដែរ ឬអាចនិយាយថា បានសម្រាលការលំបាកក្នុងគ្រួសារ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ