ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សាច់​កោះទន្សាយ រំលេច​សម្រស់​គួរ​ឱ្យ​ទាក់ទាញ​ចង់ទៅ​​បោះ​តង់​លំហែចិត្ត

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត និង​បន្តដំណើរ​តាម​ផ្លូវទឹក​ឆ្ពោះទៅ​ប៉ែក​ខាងលើ នៃ​ដង​ទន្លេមេគង្គ សំបូរ​ទៅ​ដោយ​ព្រៃ​លិច​ទឹក​នៃ​តំបន់​រ៉ា​ម​សារ និង​កោះ​ខ្សាច់ ជា​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​អ្នកទេសចរ​បែប​លំហែ​។ ហើយ​ជា​រើ​យ​ៗ

ខេត្តស្ទឹងត្រែង ៖ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត និង​បន្តដំណើរ​តាម​ផ្លូវទឹក​ឆ្ពោះទៅ​ប៉ែក​ខាងលើ នៃ​ដង​ទន្លេមេគង្គ សំបូរ​ទៅ​ដោយ​ព្រៃ​លិច​ទឹក​នៃ​តំបន់​រ៉ា​ម​សារ និង​កោះ​ខ្សាច់ ជា​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​អ្នកទេសចរ​បែប​លំហែ​។ ហើយ​ជា​រើ​យ​ៗ គេ​ឃើញ​អ្នកទេសចរ​បែប​លំហែ​បាន​ប្រើប្រាស់​តង់ ដើម្បី​បោះ​ជា​ជំរុំ​លើ​កោះ​ខ្សាច់ បន្ទាប់​មក​អាំងត្រី​ធម្មជាតិ ដុត​មាន់​ស្រែ ច្រៀង​រាំ លេង​ទឹក ស្តាប់​សម្លេង​សត្វ​នៅ​ពេល​យប់ ក្រោម​ពន្លឺ​ច័ន្ទ​។

កោះទន្សាយ ជា​កោះ​មួយ​ស្ថិត​ក្នុង​ចំណោម​កោះ​ជា​ច្រើន​ផ្សេង​ទៀត ដែល​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ស្រ​ដៀង​ៗ​គ្នា ស្ថិត​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដែល​ជា​ស្រុក​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ និង​ធន់​ធាន​មច្ឆា​ជាតិ​ក៏​ជាទី​តាំង​រមណីយដ្ឋាន អេកូ​ទេសចរណ៍ មួយ នៅ​តាម​បណ្ដោយ​ទន្លេមេគង្គ​លើ​ផង​ដែរ ។

បើ​តាម​លោក លី មី​ណា អភិបាលស្រុក​មួយ​នេះ បាន​បញ្ជាក់​ថា សក្តានុពល​ធម្មជាតិ​ទាំងនេះ បាន​អំណោយផល​ល្អ​ទៅ​លើ​វិស័យ​ទេសចរណ៍ ហើយ​អាជ្ញាធរ​ស្រុក​កំពុង​ជំរុញ​ឲ្យ​ប្រជា​សហគមន៍​យកចិត្តទុកដាក់​អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​មន្ទីរ​ទេសចរណ៍​ធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​បម្រើសេវា​កម្ម​ទេសចរណ៍​ជូន​ភ្ញៀវ​មានការ​ពេញចិត្ត ពេល​បាន​មក​ទស្សនា​ម្ដង​ហើយ ឱ្យ​ចង់​មក​ម្ដងទៀត​។

លោក​បន្ត​ថា ជាមួយ​គ្នា​នេះ ប្រជា​សហគមន៍​ទាំងអស់​ត្រូវ​លើកកម្ពស់​សេវាកម្ម​គ្រប់​បែប​យ៉ាង​សម្រាប់​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ទាំង​វិស័យ​ដឹក​ជញ្ជូន ការ​រៀបចំ​លក់ដូរ​អាហារ​មាន គុណភាព អនាម័យ រសជាតិ​ឆ្ងាញ់ និង​ការ​ស្នាក់​នៅ​ប្រកបដោយ​សុវត្ថិភាព​។

ពាក់ព័ន្ធ​ផ្នែក​សេវាកម្ម អនុប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​សែន​ជ័យ លោក សាន ម៉ៅ អ្នក​ទទួល​សេវា​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ប្រជា​សហគមន៍​តែងតែ​ប្រឹងប្រែង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ស្រុក និង​មន្ទីរ​ទេសចរណ៍ ព្រោះថា កិច្ច​ការងារ​ប្រកប​សេវាកម្ម​ទេសចរណ៍​នេះ សមាជិក​សហគមន៍​តែងតែ​ទទួល​បានការ​បណ្ដុះបណ្ដាល​រួច​មក​ហើយ ដូចនេះ​អ្វី​កំពុង​តែ​អនុវត្ត គឺ​បាន​យកចិត្តទុកដាក់ ទាំង​ផ្នែក​សេវាកម្ម​ដឹក​ជញ្ជូន ទាំង​ផ្នែក​ទទួល​សេវាកម្ម​ម្ហូបអាហារ ការ​ស្នាក់​នៅ និង​ការ​ធានា​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឲ្យ​ពេញចិត្ត​។

អនុប្រធាន​សហគមន៍​ដដែល​នេះ បាន​បន្ត​ថា ការ​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ មាន​ដូច​ជា សេវាកម្ម​ជិះទូក ដោយ​ទូក​១​គ្រឿង​តម្លៃ​៤​ម៉ឺន​រៀល ទាំង​ទៅ​និង​ត្រឡប់​មក​វិញ ដែល​អាច​ជិះ​បាន​ចាប់ពី​៤-៧​នាក់ ផ្ទះ​ស្នាក់​តម្លៃ​ក្នុង​ម្នាក់​៤​ដុល្លារ​ក្នុង​មួយ​យប់ ដែល​អាច​គេង​បាន​ចំនួន​៣​នាក់ តង់​សម្រាប់​បោះជំរុំ​គេង​លើ​ខ្សាច់​១​តម្លៃ​៤​ម៉ឺន​រៀល​ក្នុង​មួយ​យប់ អាច​គេង​បាន​ចំនួន​២​នាក់​។ ចំណែក​ម្ហូបអាហារ ក្នុង​មួយ​ពេល​តម្លៃ​៤​ដុល្លារ​ក្នុង​ម្នាក់ ។

លោក ស៊ី​ន សុភា សមាជិក​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ បាន​ទទួលយក​ការ​ក្រើនរំលឹក​នេះ ព្រោះ​ជា​កិច្ចការ​ប្រចាំ​គ្រួសារ​របស់​យើង នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​ការ​លក់ដូរ​ក៏​បាន​ប្រាក់​ចំណូល​ដោយ​ប្រយោល​ពី​វិស័យ​ទេសចរណ៍​នេះ​ផង​ដែរ​។

លោក​ទទួលស្គាល់​ថា ភ្ញៀវ​ទេសចរ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បើក​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​របស់​យើង​មក​លេង​កម្សាន្ត​ជា​ហូរហែ នេះ​ហើយ​ជា​ការ​ជំរុញ​ឲ្យ​វិស័យសេដ្ឋកិច្ច​មានការ​រីក​ចម្រើន​ឡើង​វិញ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​។

ទាក់ទិន​តំបន់​រមណីយដ្ឋាន​បុរី​អូរ​ស្វាយ​សែន​ជ័យ ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ភាគច្រើន គឺ​និយម​បោះ​តង់​នៅ​កោះ​ខ្សាច់ ដែល​អាច​ទស្សនា​សត្វ​ស្លាប​រាប់រយ​ប្រភេទ​នៅ​តាម​ដង​ទន្លេមេគង្គ ពេល​ថ្ងៃ​លិច​ក៏​ដូច​ជា​ថ្ងៃ​រះ ទស្សនា​ព្រៃ​លិច​ទឹក មាន​ដើម​រំ​ចេ​ង ក្រែង រាំង ដើម​ជ្រៃ ថ្ម​ប៉ប្រះ​ទឹក ថ្មកំបោ ពំនូក​ខ្សាច់​សប្បុ​ស ដែល​ជា​ធន់​ធាន​សក្តានុពល​ធម្មជាតិ អំណោយផល​ទៅ​លើ​វិស័យ​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​លេង​កម្សាន្ត​ម្តង​ហើយ​ចង់​មក​ម្តងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ