រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ឈ្មោះហេង វ៉ាន់ថា អាយុ២៨ឆ្នាំ ជាកីឡាករប្រដាល់របស់យោធា ស្នាក់នៅក្នុងអគារស្តាតចាស់ ឋានៈព្រិន្ទបាលឯក មានស្រុកកំណើតនៅភូមិស្រែតាលោន ឃុំស្រែតាលោន ស្រុកកំពុងត្របែក ខេត្តព្រៃវែង ត្រូវបានប៉ូលិសចាប់ខ្លួន ខណៈឆក់ខ្សែ.កពីប្រុស-ស្រីប្តីប្រពន្ធនៅតាមផ្លូវ ប៉ុន្តែរត់មិនរួច ។
ពេលឆក់ខ្សែ.កភ្លាមៗ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធបានទៅប្តឹងសមត្ថកិច្ចឱ្យតាមចាប់ខ្លួនជនសង្ស័យម្នាក់នេះក្នុងចំណោម២នាក់ ដែលព្យាយាមរត់គេចខ្លួន ។ ប្តីប្រពន្ធទាំង២នាក់ ប្តីឈ្មោះចាន់ កុមារ ហៅវ៉ា អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះមួង ផល្លា អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ និងមានកូនតូចអាយុ១ឆ្នាំម្នាក់ទៀតជិះជាមួយ។ ម៉ូតូដែលជនរងគ្រោះជិះម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1AT-1996 ធ្វើដំណើរចេញពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ (ហៅមន្ទីរពេទ្យសម្ពពក្រុង) ក្នុងបំណងទៅផ្ទះតាមមហាវិថីសហព័ន្ធរុស្ស៊ី ។ ពេលកំពុងជិះក៏មានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក FTR ពាក់ស្លាកលេខ ភ្នំពេញ 1AT-8571 ចូលកៀកឆក់ខ្សែ.កប្រពន្ធ ហើយព្យាយាមរត់គេចខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ មីនា ២០១១ នៅក្បែរវត្តទឹកថ្លា ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ខ្សែ.កនោះមានទម្ងន់៥ជីប្លាទីន ។
ភ្លាមៗនោះ គាត់ក្រឡេកឃើញប៉ូលិសចរាចរណ៍នៅលើផ្លូវក្បែរនោះក៏ប្តឹងឱ្យជួយចាប់ចោរ ហើយប៉ូលិសក៏ប្រកាសតាមវិទ្យុទាក់ទងទៅសមត្ថកិច្ចគ្រប់គោលដៅឱ្យជួយតាមស្ទាក់ជនឆក់ខ្សែ.ក ។ ចំណែកបុរសរងគ្រោះក៏ដឹកប្រពន្ធទៅទុកសិន ហើយទៅដឹកមិត្តភក្តិម្នាក់ទៀតមកតាមរកជនល្មើស ពេលកំពុងតាមរកជាមួយមិត្តភក្តិស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក FTR កំពុងអង្គុយធ្វើសោម៉ូតូនៅកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវភ្នំពេញ-ហាណូយ ក៏ទូរស័ព្ទទៅប្រាប់ប៉ូលិស ឱ្យមកជួយចាប់…មិនយូរប៉ុន្មានប៉ូលិសមកដល់ចាប់ខ្លួន ហើយបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ ៕
ចែករំលែកព័តមាននេះ