ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ថ្មើ​ជើង​លើ​ស្ពាន​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បើក​ដំណើរការ​វិញ​ហើយ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អ្នកដំណើរ​ថ្មើ​ជើង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក បាន​បើក​ឲ្យ​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២២​នេះ ក្រោយ​ភាគី​ថៃ​បិទ​ជាង​២​ឆ្នាំ ព្រោះតែ​វិបត្តិ​កូ​វី​ដ​១៩ ប៉ុន្តែ​សម្រាប់​តែ​អ្នក​ប្រើប្រាស់​

ខេត្តបន្ទាយមានជ័យ ៖ អ្នកដំណើរ​ថ្មើ​ជើង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក បាន​បើក​ឲ្យ​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២២​នេះ ក្រោយ​ភាគី​ថៃ​បិទ​ជាង​២​ឆ្នាំ ព្រោះតែ​វិបត្តិ​កូ​វី​ដ​១៩ ប៉ុន្តែ​សម្រាប់​តែ​អ្នក​ប្រើប្រាស់​លិខិតឆ្លងដែន និង​ប័ណ្ណ​ឆ្លង​ព្រំដែន​តែ​ប៉ុណ្ណោះ​។

ហើយ​អ្នកស្រុក​បាន​ចេញ​-​ចូល​ទៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មិន​ដាច់​នៅ​ព្រឹក​នេះ ព្រោះតែ​ចង់​ដឹង​ពី​ស្ថានការណ៍​ពិតប្រាកដ​ស្តី​ពី​ការ​បើក​ឲ្យ​ដំណើរការ​ច្រក​ទ្វារ​អន្តរជាតិ​នៃ​ប្រទេស​ទាំង​២​ឡើង​វិញ​។

អ្នកមាន​ប័ណ្ណ​ឆ្លង​ព្រំដែន Border Pass ហាក់​សប្បាយចិត្ត ព្រោះ​ភាគី​ថៃ​មិន​តម្រូវ​លក្ខខណ្ឌ​ច្រើន​ដូច​អ្នក​ប្រើប្រាស់​លិខិតឆ្លងដែន Pass Port នោះ​ទេ​។ ចំពោះ​អ្នក​ប្រើប្រាស់​កាត​ចេញចូល​ដី​ថៃ​ព្រឹក​វិល​ល្ងាច​ទៅ​ប្រកប​របរ​ផ្សេង​ៗ​នៅ​ផ្សារ​រុង​ក្លឿ Immigration Card ភាគី​ថៃ​នៅ​មិន​ទាន់​មានការ​អនុញ្ញាត​ឲ្យ​ឆ្លង​ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ​នៅឡើយ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​កម្ពុជា បំរើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ដំបូង​នៃ​កា​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ ភាគច្រើន​ជា​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ និង​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន Border Pass បាន​ឆ្លង​ព្រំដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ​តិចតួច​មិន​ដល់​១០០​នាក់​ទេ ហើយ​ក៏​គ្មាន​កម្មករ​អូស​រទេះ​ឆ្លង​ទៅ​មក​នៅឡើយ​ដែរ ខណៈ​ជនបរទេស​ឆ្លង​ព្រំដែន​ពី​ថៃ​មក​កម្ពុជា ក៏​មាន​ចំនួន​តិចតួច​ដូច​គ្នា ព្រោះ​នេះ​ជា​ថ្ងៃ​ដំបូង​។

មានកា​លើក​ឡើងជា​ច្រើន​ពី​ពលរដ្ឋ​ដែល​ភាគច្រើន​ជា​កម្មករ​អូស​រទេះ ចង់​ឲ្យ​ភាគី​ថៃ​មានការ​សម្របសម្រួល​អនុញ្ញាត​ដល់​អ្នក​ប្រើប្រាស់​កាត​ឆ្លង​ព្រំដែន​ផង គឺ Immigration Card ព្រោះ​ភាគច្រើន​នៃ​អ្នក​ចេញ​-​ចូល​ទៅ​ប្រកប​របរ​នៅ​ផ្សារ​រុង​ក្លឿ ប្រើប្រាស់​ប័ណ្ណ​នេះ ម្យ៉ាង​ដោយសារ​វិបត្តិ​កូ​វី​ដ ពួក​គាត់​ជួប​បញ្ហា​ជីវភាព​ខ្លាំង​ណាស់​។

ចំពោះ​លក្ខខណ្ឌ​វិញ ៖ គឺ​អ្នកដំណើរ​ដែល​អាច​ចេញ​-​ចូល​ប្រទេស​ថៃ​បាន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ត្រូវ​មាន​ឯកសារ​ធ្វើ​ដំណើរ និង​អនុវត្តន៍​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

១- សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​៖
-​ត្រូវ​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ ThAILAND PASS (https://tp.consular.go.th) មុន​៤៨​ម៉ោង
-​ត្រូវ​មាន​ឯកសារ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស
-​ត្រូវ​មាន​លិខិតឆ្លងដែន (​មាន​សុពលភាព​)
-​ត្រូវ​ទិញ​កញ្ចប់​ធានា​រ៉ាប់រង​ចំនួន​១០,០០០​ដុល្លារ ស្មើនឹង​៥០​ដុល្លារ ក្នុង​១​ខែ (​អាច​ធ្វើ​ដំណើរ​បាន​ទូ​ទាំង​ប្រទេស​ថៃ​)​។

២- អ្នកដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ៖
-​ត្រូវ​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ THAILAND PASS តាម (https//tp.consular.go.th) មុន​៤៨​ម៉ោង
-​ត្រូវ​មាន​លិខិតឆ្លងដែន PAss Port (​មាន​សុពលភាព​)
-​ត្រូវ​ទិញ​កញ្ចប់​ធានា​រ៉ាប់រង​ចំនួន​១០,០០០​ដុល្លារ ស្មើនឹង​៥០​ដុល្លារ​ក្នុង​១​ខែ​។
-​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​ប្រទេស​ថៃ​ចំនួន​៥​ថ្ងៃ
-​ត្រូវ​មាន​ឯកសារ​បញ្ជាក់​សុខភាព​កូ​វី​ដ​១៩​ចេញ​ដោយ​ក្រសួងសុខាភិបាល​នៃ​ប្រទេស​សាមី មុន​ធ្វើ​ដំណើរ​៧២​ម៉ោង (​អាច​​ធ្វើ​ដំណើរ​បាន​ទូ​ទាំង​ប្រទេស​ថៃ​)​។

៣- សម្រាប់​អ្នក​ធ្វើ​ដំណើរ​រយៈពេល​ខ្លី​ប័ណ្ណ​ព្រំដែន (Border Pass) ៖
-​មិន​ចាំបាច់​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ THAILAND PASS ទេ
-​ត្រូវ​មាន​ប័ណ្ណ​ព្រំដែន Border Pass (​មាន​សុពលភាព​)
-​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​បាន​តែ​រយៈពេល​៣​ថ្ងៃ
-​ករណី​សង្ស័យ​មាន​មេរោគ​កូ​វី​ដ​១៩ មិន​អនុញ្ញាត​ឲ្យ​ចូល
-​អាច​ធ្វើ​ដំណើរ​បាន​តែ​ក្នុង​តំបន់​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង MOU (​ខេត្ត​ស្រះ​កែវ​-​ប្រា​ជី​ន​បូ​រី​)​។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ដដែល​នេះ អាជ្ញាធរ​ខេត្ត​-​ស្រុក​-​ក្រុង​ជាប់​ព្រំដែន​បន្ទាយ​មាន​ជ័យ​, ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រះ​កែវ​, អារញ្ញ បាន​ជួប​ចាប់ដៃ​គ្នា​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ក្នុង​ការ​បើក​ឲ្យ​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​ខាងលើ​។

អាជ្ញាធរ​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ថៃ​ឱ្យ​មានការ​យោគយល់​លើ​ចំណុច​មួយ​ចំនួន ជា​ពិសេស​លើ​បញ្ហា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ដែល​កន្លង​មក​បាន​ស្នាក់​នៅ​ទីនោះ ហើយ​ភាគច្រើន​ឯកសារ​ដាច់​សុពលភាព​។ ដោយឡែក​បញ្ហា​មួយ​ចំនួន​ទៀត ដែល​ថ្នាក់​ក្រោម​មិន​អាច​សម្រេច​បាន ភាគី​ថៃ​ថា បាន​និង​កំពុង​ប្រជុំ​ដោះស្រាយ​បន្ថែម និង​មួយ​ចំនួន​បញ្ជូន​ទៅ​ថ្នាក់លើ ដើម្បី​សម្រេច​។

គួរ​បញ្ជាក់​ថា ឆ្លើយ​តប​នឹង​សំណើរ​របស់​អាជ្ញាធរ​កម្ពុជា សុំ​ឲ្យ​មានកា​យោគយល់​ដល់​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ករណី​ឯកសារ​ផុត​សុពលភាព​នោះ ភាគី​ថៃ​ក៏​បាន​លើក​ឡើង​ថា ចំពោះ​អ្នក​ផុត​សុពលភាព​មុន​បិទ​ព្រំដែន ហើយ​មិន​បាន​វិល​ត្រឡប់ គេ​នឹង​ផាកពិន័យ​ទៅ​តាម​ច្បាប់ ប៉ុន្តែ​បើ​ក្រោយ​បិទ​ព្រំដែន អាជីវករ​ផុត​សុពលភាព គេ​នឹង​អនុគ្រោះ ហើយ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​វិល​ចូល​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៧ ជា​រៀង​រាល់​ខែ ដោយ​មិន​យក​ប្រាក់​១​បាត​ឡើយ ដើម្បី​ឲ្យ​ធ្វើ​ឯកសារ​ថ្មី​នៅ​ប្រទេស​កំណើត​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ