ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ និង ឡុ​ង សុ​ភី ប៉ះ​ថៃ​យប់​ថ្ងៃ​សុក្រស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សុក្រ​ទី​១៤ តុលា ស្អែកនេះ កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ផា​ន់ គ្រាន់ និង ឡុ​ង សុ​ភី នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ K-Cement​ជា​ថ្មី​នៅ​លើ​សង្វៀន​ទូរទស្សន៍

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សុក្រ​ ទី​១៤ តុលា ស្អែកនេះ កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ផា​ន់ គ្រាន់ និង ឡុ​ង សុ​ភី នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរ​​ជាតិ K-Cement​ជា​ថ្មី​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដើម្បី​រំលេច​នូវ​ការ​ចាប់អារម្មណ៍ ។ គេ​មិន​ទាន់​ដឹង​ថា រវាង​កីឡាករ​កម្ពុជា​ទាំង​ពីរ​នឹង​មាន​វាសនា​យ៉ាង​ដូចម្ដេច​នោះ​ទេ ដោយសារ​តែ​សមាសភាព​ថៃ​ដែល​ត្រូវ​ប៉ះ​ជាមួយ​ក៏​មិនមែន​ជើង​ថ្មី និង​មិន​ធ្លាប់​មាន​ប្រវត្តិ​ស៊ីជើង​ខ្លាំង​របស់​កម្ពុជា ។

កីឡាករ ផា​ន់ គ្រាន់ ជើង​ខ្លាំង​ប្រចាំ​ក្លិប​គជសារ​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Super Chhai ដែល​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ។ ជំនួប​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​គេ​មើលឃើញ​ថា​នឹង​បែក​ផ្កាភ្លើង​នៅ​លើ​សង្វៀន ដោយសារ​តែ​ពួក​គេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​មុខមាត់ និង​ក្រេ​ឌី​ត ។ គូ​នេះ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៨១​លើក ឈ្នះ​៦៧​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក​ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​ដល់​១២១​លើក ឈ្នះ​១០៣​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក​។ កីឡាករ​កម្ពុជា​បាន​ប្រកាសប្រាប់​ថា​នឹង​ប្រឹង​យកឈ្នះ​កីឡាករ​ថៃ​ឱ្យ​ខាង​តែ​បាន ដោយសារ​តែ​មុន​ផ្គូផ្គង​លោក​ហ្វឹកហាត់​ច្រើន​នៅ​លើ​សង្វៀន​ក្នុង​ក្លិប ។ យ៉ាងណា​ក៏​ដោយ​កីឡាករ​ថៃ​ក៏​មាន​ជំនឿ​ចិត្ត​បែប​នេះ​ផង​ដែរ ដោយសារ​តែ ​Super Chhai ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ផង ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត និង​ផ្អែក​តាម​ថ្វីដៃ​ដែល​កីឡាករ​ថៃ​ធ្វើ​បាន​នា​ពេល​កន្លង​មក ។

កីឡាករ ឡុ​ង សុ​ភី ឯណោះ​វិញ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ Thai Oulek នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ។ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​តំណែង​គូ​ឯក ដោយ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​អួត​រៀងខ្លួន​ថា​ពួក​គេ​នឹង​ប្រឹង​យកឈ្នះ​ឱ្យ​បាន​។ គេ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​សម្រាប់​ការ​ប្រកួត​នេះ​នៅឡើយ​ទេ ដោយសារ​តែ​គេ​មើលឃើញ​ថា ភាគី​ម្ខាង​ៗ​សុទ្ធតែ​មាន​មហាជន​ទទួលស្គាល់​ថា ​ខ្លាំង​ដូច​គ្នា ។ គាប់​ជួន​ការ​ប្រកួត​ចុង​ក្រោយ​រប​ស់ឡុង សុ​ភី ជួន​ក៏​បាន​លទ្ធផល​ល្អ និង​ជួន​ក៏​បាន​លទ្ធផល​អវិជ្ជមាន​នោះ​ផង ទើប​ការ​ប្រាកដ​ចិត្ត​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​កីឡាករ​ថៃ​មួយ​រយ​ភាគរយ​ហាក់​ប្រែប្រួល​។ កីឡាករ​ថៃ Thai Oulek ត្រូវ​បាន​ប្រកាស​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​បទ​ពិសោធន៍​របស់​គេ​ក៏​មិន​ណ​យ​ណាស់​ដែរ ។ ឡុ​ង សុ​ភី ធ្លាប់​ប្រកួត​១២៩​លើក ឈ្នះ​៩៧​លើក ចាញ់​២៤​លើក និង​ស្មើ​៨​លើក ខណៈ​កីឡាករ​ថៃ​ជា​គូប្រកួត​ធ្លាប់​ឡើង​រេញ​បាន​១០៨​លើក ឈ្នះ​៩០​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​បាន​អះអាង​ថា នៅ​ថ្ងៃ​សុក្រ​នេះ គូប្រកួត​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​សុទ្ធតែ​មាន​កេរ្តិ៍​ឈ្មោះ ដូច្នេះ​លោក​មិន​អាច​ប៉ាន់​ស្មានថា​អ្នក​ណា​នឹង​ឈ្នះ​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ដែល​លោក​ផ្គូផ្គង​ក៏​លោក​បាន​ដាក់​ល្អ​ៗ​ឱ្យ​ពួក​គេ​ប៉ះ​គ្នា ។ លោក​មាន​ទំនុកចិត្ត​លើ​កីឡាករ​កម្ពុជា​ច្រើន​ជាង ប៉ុន្តែ​បើ​ឱ្យ​លោក​ប្រាកដ​ចិត្ត​ថា​កីឡាករ​ផា​ន់ គ្រាន់ និង​ឡុ​ង សុ​ភី ពិតជា​ឈ្នះ​មួយ​រយ​ភាគរយ​ក៏​លោក​មិន​ហ៊ាន​ជឿជាក់​នោះ​ទេ ។ លោក​ថា មាន​តែ​ចាំ​អ៊ុត​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ ទើប​អាច​ដឹង​លទ្ធផល​ក្នុង​ជំនួប​ដ៏​ក្ដៅ​គគុក​របស់​កីឡាករ​ខ្មែរ និង​ថៃ​ទាំង​ពីរ ៕