ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​វឌ្ឍ​ឆ្នេរ​ខ្សាច់​ក្បាល​កោះ​ដាច់​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេស​ចរណ៍

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អាជ្ញា​ធរ​ខណ្ឌ​ប្ញស្សី​កែវ បាន​ដាក់​បទ​បញ្ជា​ទៅ​សាលា​សង្កាត់​កោះ​ដាច់​ ធ្វើ​យ៉ាង​ណា​រៀបចំ​អភិ​វឌ្ឍ​ឆ្នេរ​ខ្សាច់​ក្បាល​កោះ​ដាច់​ឱ្យ​ក្លាយ​ទៅ​ជា​ តំបន់​ទេស​ចរណ៍សំរាប់​រាជ​ធានី​ភ្នំពេញ ឱ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។ នេះ​ជា​ប្រសាសន៍​លោក​ឃ្លាំង ហួត ជំនួយ​ការ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ជា​អភិ​បាល​ខណ្ឌ​ប្ញស្សី​កែវ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ធ្នូ ខណៈ​ពេល​​រូប​លោក​ដឹក​នាំ​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខណ្ឌ​ប្ញស្សី​កែវ​​ ទៅ​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជ​ការ​នៅ​សង្កាត់​កោះ​ដាច់ ដែល​ទើប​ត្រូវ​បាន​កាត់​បញ្ចូលមក​ក្នុង​រាជ​ធានី​ភ្នំពេញ។

រាជ​ធានី​ភ្នំពេញ ៖ អាជ្ញា​ធរ​ខណ្ឌ​ប្ញស្សី​កែវ បាន​ដាក់​បទ​បញ្ជា​ទៅ​សាលា​សង្កាត់​កោះ​ដាច់​ ធ្វើ​យ៉ាង​ណា​រៀបចំ​អភិ​វឌ្ឍ​ឆ្នេរ​ខ្សាច់​ក្បាល​កោះ​ដាច់​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេស​ចរណ៍សំរាប់​រាជ​ធានី​ភ្នំពេញ ឱ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។ នេះ​ជា​ប្រសាសន៍​លោក​ឃ្លាំង ហួត ជំនួយ​ការ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ជា​អភិ​បាល​ខណ្ឌ​ប្ញស្សី​កែវ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ធ្នូ ខណៈ​ពេល​​រូប​លោក​ដឹក​នាំ​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខណ្ឌ​ប្ញស្សី​កែវ​​ទៅ​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជ​ការ​នៅ​សង្កាត់​កោះ​ដាច់ ដែល​ទើប​ត្រូវ​បាន​កាត់​បញ្ចូលមក​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក​ឃ្លាំង ហួត ​ថ្លែង​ថា យោង​តាម​ព្រះ​រាជ​ក្រឹត្យ និង​អនុ​ក្រឹត្យ​ក្នុង​ការ​កាត់​ឃុំ​កោះ​ដាច់​ឱ្យ​ទៅ​ជា​សង្កាត់ ក្នុង​រាជ​ធានី​ភ្នំពេញ គឺ​ជា​នយោ​បាយ​ថ្មី​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហុ៊ន សែន ក្នុង​ការ​អភិ​វឌ្ឍ​រាជ​ធានី​ភ្នំពេញ។ នេះ​ជា​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏​ដូច​ជា​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ វា​ជា​មោទន​ភាព​ណាស់​ លោក​នឹង​ធ្វើ​អ្វី​​មួយ​ដើម្បី​​ឱ្យ​សង្កាត់​កោះ​ដាច់​ប្រែ​មុខ​មាត់​ថ្មី មាន​ការ​អភិ​វឌ្ឍ​ក្លាយ​ជា​តំបន់​ទេស​ចរណ៍​ដ៏​មាន​សោភ័ណ​ភាព​ដែល​ទាក់​ទាញ​ដល់​ភ្ញៀវ​បរ​ទេស ហើយ​ប្រជា​ពល​រដ្ឋ​មាន​ជីវ​ភាព​ធូរ​ធារ។

លោក​ឃ្លាំង​ហួត អភិ​បាល​ខណ្ឌ​ប្ញស្សី​កែវ​បាន​ឱ្យ​ដឹង​ថា សង្កាត់​កោះ​ដាច់​មាន​ឆ្នេរ​ខ្សាច់​ មាន​ទឹក​ថ្លា​ដូច​សមុទ្រ និង​​ខ្យល់​អាកាស​បរិ​សុទ្ធ​សំរាប់​ភ្ញៀវ​ទេស​ចរ​ទៅ​កំសាន្ត និង​ហែល​ទឹក​លេង​មិន​ចាញ់​ខេត្ត​ទេស​ចរ​នានា​ទេ។ ដោយ​ឡែក​ចុង​កោះ​ដាច់​​ ចៅ​សង្កាត់​ត្រូវ​ចលនា​ប្រជា​ពល​រដ្ឋ​ឱ្យ​បង្កើត​ជា​សមា​គម​តម្បាញ ហើយ​បង្កើត​កន្លែង​សំរាប់​តាំង​ផលិត​ផល​សំរាប់​ភ្ញៀវ​ទេស​ចរ និង​មាន​ការ​បង្ហាញ​ពី​ប្រវត្តិ​នៃ​កីតម្បាញ​ជូន​ភ្ញៀវ​ទេស​ចរ។ លោក​ឃ្លាំង​ ហួត ​​បាន​ដាក់​បទ​បញ្ជា​ឱ្យ​ចៅ​សង្កាត់​កោះ​ដាច់​ចុះ​រៀបចំ​ឆ្នេរ​ខ្សាច់​ក្បាល​​កោះ​ឱ្យ​មាន​សោ​ភ័ណ​ភាព មាន​ចំណត​រថយន្ត បង្គន់​អនា​ម័យ ដើម្បី​ឱ្យ​ប្រជា​ជន​​ទៅ​ទស្សនា​​ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិ​សុទ្ធ​។

លោក​ឃ្លាំង​ ហួត បាន​ឱ្យ​ដឹង​ថា កន្លង​មក​ឆ្នេរ​ខ្សាច់​មាន​ការ​ខ្វះ​ខាត​ច្រើន ហើយ​ត្រូវ​រៀបចំ​ឡើង​វិញ​ធ្វើ​យ៉ាង​ណា​ឱ្យ​តំបន់​នេះ​ក្លាយ​ជា​តំបន់​ទេស​ចរ​របស់​រាជ​ធានី​ភ្នំពេញ ឱ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ហើយ​ប្រជា​ជន​មាន​ជីវ​ភាព​ធូរ​ធារ។ មុន​ដំបូង​ដាក់​ផែន​ការ​ ហើយ​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា​ធ្វើ​ប្លង់​យើង​ចាត់​ចែង​សុំ​យោបល់​ពី​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ដាក់​គ្រឿង​ចក្រ​មក​ធ្វើ​តែ​ម្តង។ ទោះ​ជា​យ៉ាង​ណាក្តី ជា​ជំហាន​ដំបូង​សាលា​រាជ​ធានី​ភ្នំពេញ​មាន​គំរោង​ស្ថាបនា​ផ្លូវ​ ព្រោះ​ផ្លូវ​មាន​សារ​សំខាន់​ណាស់។
នៅ​ក្នុង​ឱកាស​ចុះ​សំណេះ​សំណាល​​នេះ លោក​អភិ​បាល​​ខណ្ឌ​បាន​សន្យា​ធ្វើ​អគារ​ស្នាក់​ការ​​សង្កាត់ និង​ប៉ុស្តិ៍​រដ្ឋ​បាល​នៅ​ពេល​ឆាប់​ៗ​នេះ ព្រម​ទាំង​​នាំ​អំណោយ​ជា​​ភេសជ្ជៈ និង​ថវិកា​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​គណ​បក្ស​ប្រជា​ជន​ សណ្តាប់​ធ្នាប់​សង្កាត់ នគរ​បាល​ប៉ុស្តិ៍​ ជា​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​​ស្និទ្ធ​​ស្នាល​ជា​មួយ​មូល​ដ្ឋាន។

សង្កាត់​កោះ​ដាច់​ជា​សង្កាត់​ស្ថិត​នៅ​លើ​កោះ​ មាន​ភូមិ​ចំនួន​៥ ប្រជា​ពល​រដ្ឋ​រស់​នៅ​ចំនួន​៣.០៥៤​គ្រួសារ មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១២.៧៦៧​នាក់ រស់​នៅ។ សង្កាត់​នេះ​មាន​កំពង់​ដ​ចំនួន​៥ ដែល​កំពង់​ដ​ចំនួន​២​ឆ្លង​ទៅ​សង្កាត់​ព្រែក​លៀប និង​កំពង់​ដ​២​ទៀត​ឆ្លង​ទៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ប្ញស្សី​កែវ និង​កំពង់​ដ​មួយ​ឆ្លង​ទៅ​ឃុំ​ពុក​ប្ញស្សី​ ស្រុក​ខ្សាច់​កណ្តាល។ តាម​ការ​ឱ្យ​ដឹង​​ពី​ចៅ​សង្កាត់​ ប្រជា​ពល​រដ្ឋ​ចំនួន​៦០% រស់​នៅ​ប្រកប​មុខ​របរ​តម្បាញ និង​មាន​ឆ្នេរ​ខ្សាច់​ក្បាល​កោះ​ជា​តំបន់​សំរាប់​ភ្ញៀវ​ធ្វើ​ដំណើរ​ទៅ​ទេស​ចរ និង​ហែល​ទឹក​លេង៕