ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១០ភ្ញៀវ​ទេស​ចរ​តំបន់​អឺរ៉ុប​កើន​ឡើង​ជាង​ឆ្នាំ២០០៩ ខេត្ត​ពោធិ៍​សាត់​មាន​រមណី​យ​ដ្ឋាន​ធម្មជាតិ​សំរាប់​កំសាន្ត​១២កន្លែង

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ​ខេត្ត​ពោធិ៍​សាត់​ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ មាន​ចំងាយ​១៨៦​គីឡូ​ម៉ែត្រ​ពីរាជ​ធានី​ភ្នំ​ពេញ​ ។ ខេត្ត​នេះ​មាន​ស្រុក​ចំនួន​៦​គឺ​ស្រុក​ក្រគរ ​ភ្នំ​ក្រវាញ​ បាកាន​ កណ្តៀង វាល​វែង និង​ក្រុង​ពោធិ៍​សាត់​ ហើយ​​សំបូរ​ស្តុក​ស្តម្ភ​ដោយ​សម្បត្តិ​ធម្ម​ជាតិ​មាន​ភ្នំ​ ព្រៃ​ឈើ​ ថ្មកែវ​ ទឹក​ធ្លាក់ ល្បាក់​ទឹក​ ក្រវាញ និង​បឹង​ទន្លេ​សាប​ដែល​សំបូរ​ត្រី​ទឹក​សាប​​ចំរុះ ។​ នេះ​ជា​សក្តា​នុពល​មួយ​នៃ​វិស័យ​ទេស​ចរណ៍ ​ហើយរមណីយ​ដ្ឋាន​ធម្ម​ជាតិ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង

ខេត្ត​ពោធិ៍​សាត់​ ៖ ​ខេត្ត​ពោធិ៍​សាត់​ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ មាន​ចំងាយ​១៨៦​គីឡូ​ម៉ែត្រ​ពីរាជ​ធានី​ភ្នំ​ពេញ​ ។ ខេត្ត​នេះ​មាន​ស្រុក​ចំនួន​៦​គឺ​ស្រុក​ក្រគរ ​ភ្នំ​ក្រវាញ​ បាកាន​ កណ្តៀង វាល​វែង និង​ក្រុង​ពោធិ៍​សាត់​ ហើយ​​សំបូរ​ស្តុក​ស្តម្ភ​ដោយ​សម្បត្តិ​ធម្ម​ជាតិ​មាន​ភ្នំ​ ព្រៃ​ឈើ​ ថ្មកែវ​ ទឹក​ធ្លាក់ ល្បាក់​ទឹក​ ក្រវាញ និង​បឹង​ទន្លេ​សាប​ដែល​សំបូរ​ត្រី​ទឹក​សាប​​ចំរុះ ។​ នេះ​ជា​សក្តា​នុពល​មួយ​នៃ​វិស័យ​ទេស​ចរណ៍ ​ហើយរមណីយ​ដ្ឋាន​ធម្ម​ជាតិ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​បំរើ​​ការ​កំសាន្ត​របស់​ភ្ញៀវ ​។

លោក​ញ៉ូវ សុង ប្រធាន​មន្ទីរ​ទេស​ចរណ៍​ឱ្យ​ដឹង​ថា​ នៅ​ខេត្ត​ពោធិ៍​សាត់​មាន​កនែ្លង​លេង​កំសាន្ត​ចំនួន​១២ គឺ​រម​ណីយដ្ឋាន​ធម្ម​ជាតិ​ទឹក​ធ្លាក់​ច្រក​ល្អៀង​ ល្បាក់​កំរោញ​ បូជនីយ​ដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​​សាស្ត្រ​ឧកញ៉ា​ឃ្លាំង​មឿង​ សហ​គមន៍​កំពង់​ហ្លួង​ ទឹក​ជ្រោះ​អូរ​ដា​ ភ្នំ​លាំង​ត្រាច ភ្នំ​បាយ​ឃ្លះ​ ភ្នំ​បាក់​ត្រា​ កោះ​ថាស​ កោះ​សំពៅ​មាស​ ទំនប់​ទឹក​ដំណាក់​អំពិល​ និង​ទំនប់​ឈើ​តោក​ ។​ កន្លែង​ដែល​គេ​និយម​ទៅ​លេង​ខ្លាំង​ជាង​គេ គឺ​រម​ណីយ​ដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង​ កំពង់​ហ្លួង​ កោះ​ថាស​ កោះ​សំពៅ​មាស​ បូជនីយ​ដ្ឋាន​ឧកញ៉ា​ឃ្លាំង​មឿង​ ល្បាក់​កំរោញ ទំនប់​ឈើ​តោក​ និង​ទំនប់​ទឹក​ដំណាក់​អំពិល​ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ជ្រោះ​ ម្លប់​ព្រៃ​ព្រឹក្សា​ ត្រឈឹង​ត្រឈៃ​ ជិះ​ទូក​កាណូត​កំសាន្ត​ និង​ស្ពាន​យោល​ ។ ខេត្ត​ពោធិ៍​សាត់​មាន​សណ្ឋា​គារ​ចំនួន​៤ ផ្ទះ​សំណាក់​ចំនួន​១៧ ភោជ​នីយ​​ដ្ឋាន​ចំនួន​២៣ និងខារ៉ា​អូ​ខេ​ចំនួន​១៧ ​។ ខណៈ​​ពេល​ដែល​សណ្ឋា​គារ​ ប៉ ជូ ​របស់​លោក​ឧកញ៉ា​ទុយ​ គី​ ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​កំពស់​៧​ជាន់​​ស្មើជាង​២០០​បន្ទប់​សាង​សង់​មិន​ទាន់​រួច​ សព្វ​ថ្ងៃ​នេះ​មាន​តែ​សណ្ឋា​គារ​ពោធិ៍​សាត់ សេន​​ជូ​រី​ទេ​ដែល​ធំ​ជាង​គេ​មាន​៥០​បន្ទប់​ ឯ​សណ្ឋា​គារ​ភ្នំពេជ្រ​មាន​៣០​បន្ទប់​ ឋាន​សួគ៌​ថ្មី​៣០​បន្ទប់​ និង​​វិមាន​ទិព្វ​១៦​បន្ទប់​ ។ ចំពោះ​​តំលៃ​មិន​ខុស​គ្នា​ទេ​ គឺ​ពី​១២​ដុល្លារ​ទៅ​១៥​ដុល្លារ​ក្នុង​មួយ​យប់ ​។

លោក​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​រយៈ​ស្ថិតិ​របស់​សណ្ឋា​គារ​ និង​ផ្ទះ​សំណាក់​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១០​នេះ​មាន​ភ្ញៀវ​ទេស​ចរ​បរទេស​​ចូល​មក​ទស្សនា​ខេត្ត​ពោធិ៍​សាត់​​សរុប​ចំនួន​១.៤៩៩​នាក់​ ស្រី​៥០៥​នាក់​ ក្នុង​នោះ​មាន​ភ្ញៀវ​មក​ពី​២៩​ប្រទេស​​ ប៉ុន្តែ​ភ្ញៀវ​​ដែល​ច្រើន​ជាង​គេ​គឺ​ជន​ជាតិ​បារាំង​ បន្ទាប់​មក​អូស្ត្រា​លី​ និង​អង់​គ្លេស​គឺ​ស្មើ​នឹង​១៧៣,៦៣%​ បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០០៩​​មាន​តែ​៨៦៣​នាក់ ​។ ចំណែក​ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក​មាន​២០២.៤៧៥​នាក់​ ស្មើ​នឹង​១១៨,៦៦%​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៩​ មាន​តែ​១៧០.៦២៦​នាក់​ប៉ុណ្ណោះ​ ។​ ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០១០​នេះ​មាន​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ក្នុង​ការ​ដើរ​លេង​កំសាន្ត​កន្លែង​នានា​ក្នុង​ខេត្ត​សរុប​១៥៧​លើក​ បណ្តាល​ឱ្យ​ស្លាប់​៣៩​នាក់ ស្រី​៧​នាក់​ របួស​ធ្ងន់​១៤៥​នាក់​ ស្រី​៣៣​នាក់​ និង​របួស​ស្រាល​៧៧​នាក់​ ស្រី​២៥​នាក់ ​។

បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បាន​សហការ​ជំរុញ​គណៈ​កម្ម​ការ​គ្រប់​គ្រង​រមណីយ​ដ្ឋាន​ និង​លើក​ផែន​ការ​រៀប​ចំ​ទទួល​ភ្ញៀវ​ឱ្យ​បាន​ល្អ​ បើ​កកិច្ច​ប្រជុំ​ណែ​នាំ​ដល់​ម្ចាស់បំរើ​វិស័យ​ទេស​ចរណ៍​ និង​រម​​ណីយ​ដ្ឋាន​ទេស​ចរណ៍​ ព្រម​ទាំង​បាន​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​បន្ត​«កម្ពុជា​ព្រះ​រាជា​ណា​ចក្រ​អច្ឆរិយៈ»​និង​​ចលនា​ប្រលង​ប្រណាំង​ «ទីក្រុង​ស្អាត​ រមណីយ​ដ្ឋាន​ស្អាត​ សេវា​ល្អ» ៕