ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កម្ពុជា​ជួប​ឡាវ​មុនគេ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup 2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​AFF Suzuki Cup2016​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ជួប​ប្រកួត​មុនគេ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​AFF Suzuki Cup2016​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ជួប​ប្រកួត​មុនគេ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ នេះ​បើ​យោង​តាម​គេហទំព័រ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផ្សព្វផ្សាយ​នា​ពេល​ថ្មី​ៗកន្លង​មកនេះ​។

ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ​លើក​នេះ​ត្រូវ​បាន​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​និយាយ​ថា មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​សម្រាប់​ក្រុម​កម្ពុជា ។ សូ​ម្បី​តែ​លោក​Lee Tae Hoon ដែល​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​បារម្ភ​ផង​ដែរ​ព្រោះ​លោក​យល់​ថា​ពួក​គេ​សុទ្ធតែ​បានដឹង​ពី​ទម្រង់​លេង​របស់​ក្រុម​កម្ពុជា​អស់ហើយ ដូច្នេះ​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ទម្រង់​លេង​ជា​ថ្មី ។ ម្យ៉ាងវិញទៀត ថ្វី​ដ្បិតតែ​ការ​លេង​របស់​ក្រុម​កម្ពុ​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ​មានការ​រីក​ចម្រើន​ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែរ​ជា​ពិសេស​ការ​ប្រើ​ល្បឿន និង​ការ​គ្រប់គ្រង​បាល់​។ តាម​ការ​វាយតម្លៃ​ជា​ទូទៅ ក្នុង​ចំណោម​ក្រុម​ទាំង​៣​ដែល​កម្ពុជា​ត្រូវ​ជួប​គឺ​ក្រុម​ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ មាន​តែ​ក្រុម​ឡាវ​ប៉ុណ្ណោះ​ដែល​កម្ពុជា​បារម្ភ​ជាងគេ​ព្រោះ​ក្រុម​នេះ​មិន​ត្រឹមតែ​មាន​ទម្រង់​លេង​ល្អ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​មាន​ល្បឿន​លឿន​ទៀត​ផង ។ ក្រុម​កម្ពុជា និង​ក្រុម​ឡាវ​ធ្លាប់​ជួប​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ និង​ធ្លាប់​ចាញ់​-​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង ។

នៅ​ក្នុង​តារាង​កាលវិភាគ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ តុលា មាន​លេង​២​ប្រកួត​គឺ​ក្រុម​ព្រុយ​ណេ ជួប​ក្រុម​ទី​ម័​រ​ខាងកើត នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល និង​ក្រុម​កម្ពុជា ជួប​ក្រុម​ឡាវ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ។ ថ្ងៃ​ទី​១៨ តុលា ក្រុម​ទី​ម័​រ​ខាងកើត ជួប​ក្រុម​ឡាវ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល និង​ក្រុម​កម្ពុជា ជួប​ក្រុម​ព្រុយ​ណេ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២១ តុលា ក្រុម​ឡាវ ជួប​ក្រុម​ព្រុយ​ណេ​នៅ​ទី​លា​RSN Stadium ឬ​ស្សី​កែវ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ។ ចំណែក​ក្រុម​កម្ពុជា​ជួប​ក្រុម​ទី​ម័​រ​ខាងកើត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ដូច​គ្នា។

មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យ​ដឹង​ថា សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ឡាវ​សម្រាប់​កន្លែង​មាន​ដំបូល​លក់​អស់ហើយ ចំណែក​កន្លែង​អត់​ដំបូល​ក៏​លក់​ជិត​អស់ហើយ​ដែរ ៕