ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ថ្មើរជើង​សន្ធរ​ម៉ុ​ក​ស្ថាបនា​រួចរាល់ គ្រោង​សម្ពោធ​ឆាប់​ៗ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្ពាន​អាកាស​ថ្មើរជើង​សន្ធរ​ម៉ុ​ក ស្ថិត​ក្នុង​ខណ្ឌទួលគោក គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ខណៈ​ដែល​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នេះ បាន​ស្ថាបនា​រួចរាល់​

រាជធានី​ភ្នំពេញ ៖ ស្ពាន​អាកាស​ថ្មើរជើង​សន្ធរ​ម៉ុ​ក ស្ថិត​ក្នុង​ខណ្ឌទួលគោក គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ខណៈ​ដែល​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នេះ បាន​ស្ថាបនា​រួចរាល់​១០០%​ហើយ ដើម្បី​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពិសេសប្អូន​ៗ កូនក្មួយ​សិស្សានុសិស្ស​បាន​ដើរ​ឆ្លងកាត់ ដែល​អាច​កាត់​បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​។

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​នៅព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា​ថា ស្ពាន​អាកាស​ថ្មើរជើង​សន្ធរ​ម៉ុ​ក​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

ការដ្ឋាន​នេះ​ស្ថាបនា​បាន​រួចរាល់​១០០%​ហើយ គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្អូន​ៗ កូនក្មួយ​សិស្សានុសិស្ស​ដើរ​ឆ្លងកាត់ ព្រោះថា​ស្ពាន​ថ្មើរជើង​មួយ​នេះ​បាន​ហោះ​លើ​មហាវិថី​ធំ​ៗ២​ខ្សែ និងនៅ​លើ​ចំណុចប្រសព្វ​ផ្លូវបែក​ជា​៤ ដែល​មាន​អ្នក​ដើរ​ឆ្លងកាត់​ច្រើន ។ ដោយ​មើលឃើញ​ពីបញ្ហា​នេះ ទើប​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឱ្យ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​នេះ​ឡើង ។

យុវជន​ម្នាក់​ឈ្នោះ ហ៊ុន ពេជ្រ​ធន់​នរៈ បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ថា បន្ទាប់​ពី​មាន​ស្ពានមួយ​នេះ​ហើយ ពួក​គេ​មាន​ភាព​ងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​ឆ្លងកាត់ ដោយ​ជួយ​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ជាយថាហេតុ និង​មិនបាច់​រង់ចាំ​ស្តុ​ប​មិនចំណាយពេល​យូរ​ដូច​ជា​ពេល​ដែល​មិន​ទាន់​មាន​ស្ពាន​អាកាស ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ក៏​បាន​ថ្លែង​អំណរគុណ​រាជរដ្ឋាភិបាល និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​កសាង ​ស្ពាន​អាកាស​នេះ ជា​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​នៅ​តំបន់​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។

សូម​បញ្ជាក់​ថា ស្ពាន​អាកាស​ថ្មើរជើង​នៅ​មុខ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក ត្រូវ​បាន​សាងសង់​នៅ​លើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស គឺ​សាងសង់​កាត់​ទទឹង​មហាវិថី​ម៉ៅ​សេ​ទុង​២​ខ្សែ និង​កាត់​ទទឹងមហាវិថី​កម្ពុជា​ក្រោម​២​ខ្សែ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​តាម​ស្ពាន​នេះ​ដោយ​សុវត្ថិភាព ទោះ​ពួក​គេ​មក​ពី​ទិស​ខាង​ណា​ក៏​ដោយ ។

មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៤​កន្លែង​ហើយ ក្នុង​នោះ​រួម​មាន នៅ​តំបន់​ជម្ពូ​វ័ន ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ចំនួន​២​កន្លែង នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ងមាន​១​កន្លែង និង​នៅ​ផ្សារ​ដើម​គមាន​១​កន្លែង​ទៀត ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ការ​ចុង​កក្កដា ឆ្នាំ​២០២០​កន្លង​មកនេះ ក្រោម​វត្តមាន​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ