ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រីជាន់ខ្ពស់​កីឡា​ស្នើ​ឱ្យ​គាំទ្រ​ព្រឹត្ដិ​កាណ៍​កីឡា​ជាតិ​លើក​ដំបូង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មានឈ្មោះ​ថា ការ​ប្រកួត​កីឡា​ជាតិ ឬ National Game នឹង​ត្រូវ​លេច​ឡើងជា​លើក​ដំបូង​ហើយ ។

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មានឈ្មោះ​ថា ការ​ប្រកួត​កីឡា​ជាតិ ឬ National  Game នឹង​ត្រូវ​លេច​ឡើងជា​លើក​ដំបូង​ហើយ ។ ជាមួយនឹង​វត្ត​មានការ​ប្រកួត​ដ៏​កម្រ​មាន​នេះ មន្ត្រី​កីឡា​ជាន់ខ្ពស់​គឺ​លោក វ៉ា​ត់ ចំរើន បាន​ប្រកាស​ជា​ចំហ​ឱ្យ​ចូលរួម​គាំទ្រ​ការ​ប្រកួត​ទាំងមូល​ដើម្បី​លើកទឹកចិត្ត​ដល់​គម្រោង​បណ្ដុះបណ្ដាល​ធនធាន​អត្ត​ព​លិ​ក​សម្រាប់​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ឱ្យ​ទទួល​បាន​ជោគជ័យ ។

មានការ​ប្រកាស​ច្រើន​ដង​មក​ហើយពី​ព្រឹត្តិការណ៍​កីឡា​ជាតិ ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៥ តុលា រហូត​ដល់​ថ្ងៃ​ទី​៥ វិច្ឆិកា ដែល​នឹង​ប្រមូលផ្ដុំ​អត្ត​ព​លិ​កលើ​គ្រប់​ប្រភេទ​កីឡា​ឱ្យ​ចេញ​ប្រកួត​គ្នា​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ការ​ជ្រើសរើស​ជើង​ខ្លាំង​នៅ​ក្នុង​វិស័យ​កីឡា​ជា​ទ្រង់​ទ្រង់​ធំ​មិន​ធ្លាប់​មាន ។ យោង​តាម​កិច្ចប្រជុំ​ស្ដី​ពី​ការ​រៀបចំ​ព្រឹត្ដិការណ៍​កីឡា​ជាតិ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា កន្លង​ទៅ គឺ​នឹង​តម្រូវ​ឱ្យ​ប្រើ​ថវិកាជាតិ​ត្រឹមតែ​១​លាន​ដុល្លារ​ស្មើនឹង​៤.០០០​លាន​រៀល​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​ការ​ចំណាយ​ដែល​ជា​បន្ទុក​របស់​រដ្ឋ​នេះ អ្នក​រៀបចំ និង​អត្ត​ព​លិ​ក​ក៏​ទទួល​បាន​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន​២០​ម៉ឺន​ដុល្លារ​បន្ថែម​ផង​ដែរ​ពី​ក្រុមហ៊ុន​ដើម្បី​ចាត់ចែង​ព្រឹត្តិការណ៍​កីឡា​ដែល​ផ្ដើម​បង្កើត​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​ភាពរលូន​ទៅ​មុខ ។ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ដោយ​មន្ត្រី​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា នា​គ្រានោះ​បាន​អះអាង​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​ចាប់ផ្ដើម​ប្រារព្ធ​ជាលើក​ដំបូង​នេះ អនុញ្ញាត​ឱ្យ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​មាន​លទ្ធភាព​ចូលរួម​ប្រកួត​នៅ​ក្នុងអំឡុងពេល​នោះ ។ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា កីឡាករ​-​កីឡាការិនី​នៅ​គ្រប់​សហព័ន្ធ​នឹង​ត្រូវ​ចូលខ្លួន​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​សមាសភាព​អ្នកចូលរួម​សម្រាប់​ព្រឹត្តិការណ៍​ទាំងមូល គឺ​មក​ពី​គ្រប់​ខេត្ត​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​ធនធាន​កីឡាករ​-​កីឡាការិនី​សុទ្ធតែ​វ័យក្មេង​ដែល​អាច​បណ្ដុះ​ទៅ​គឺ​ត្រូវ​នឹង​បរិបទ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ទទូច​ឱ្យ​មហាជន​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​ជាតិ ដែល​នឹង​ចាប់ផ្ដើម​នៅ​អំឡុង​ចុងខែ​តុលា​នេះ​។ លោក​ថា ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​នៅ​រៀង​រាល់​២​ឆ្នាំ​ម្ដង ដោយ​រំពឹង​ថា​នឹង​មាន​ធនធាន​កីឡាករ​-​កីឡាការិនី​កាន់តែ​ច្រើន​ចូលរួម​ប្រកួតប្រជែង ។ កីឡាករ​-​កីឡាការិនី​នឹង​ក្លាយជា​ធនធាន​កាន់តែ​ប្រសើរ​តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​មួយ​នេះ ដើម្បី​ត្រៀមខ្លួន​ដណ្ដើម​មេដាយ​ជូន​ជាតិ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡាស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ។ ព្រឹត្តិការណ៍​កីឡា​ជាតិ នឹង​ក្លាយជា​ការ​ជំរុញ​ឱ្យ​យុវវ័យ​បន្ត​ប្រឹងប្រែង​នៅ​តាម​ក្លិប និង​ក្នុង​សហព័ន្ធ​ច្រើន​ឡើង​ជាង​មុន ដើម្បី​ទទួល​បាន​ឱកាស​ចេញ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​លើ​ទឹកដី​កម្ពុជា ។ លោក​ទទូច​ឱ្យ​មហាជន​ចូលរួម​លើកទឹកចិត្ត​ក្នុង​ពេល​កីឡាករ​-​កីឡាការិនី ម្នាក់​ៗ​បើក​ការ​ប្រកួត​គ្នា ដោយនៅ​ថ្ងៃ​ទី​២៥ តុលា ខាង​មុខ កម្ពុជា​នឹង​បើក​ព្រឹត្តិការណ៍​នេះ ឱ្យ​មាន​ភាព​គគ្រឹកគគ្រេង​នោះ​ផង ដើម្បី​បង្ហាញ​សាធារណ​ជនជាតិ និង​អន្តរជាតិ ឱ្យ​ឃើញច្បាស់​ថា អត្ត​ព​លិ​ក​កម្ពុជា​សុទ្ធតែ​បាន​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។

លោក រាជ សូ​ផែន ប្រធាន​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​អះអាង​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ កីឡាករ​ប្រដាល់​ស្ទើរ​គ្រប់​ប្រភេទ​ទម្ងន់​នឹង​ឡើង​ប្រកួត​គ្នា​។ ព្រឹត្តិការណ៍​មួយ​នេះ​ទទួល​ជោគជ័យ​ទៅ​បាន​ក៏​ត្រូវ​ពឹងផ្អែក​លើ​ការ​ចូលរួម​គាំទ្រ​ពី​សំណា​ក់​មហាជន​ខ្មែរ​ផង​ដែរ ។ លោក​ថា ការ​ប្រកួត​កីឡា​ជាតិ​ដែល​កាន់តែ​កៀក​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​នេះ នឹង​បើកឱកាស​ឱ្យ​អត្ត​ព​លិ​ក​ជា​កីឡាករ​ប្រដាល់​ក្មេង​ៗ​បាន​ឡើង​ប្រកួត​ខុស​ពី​ការ​ប្រដាល់​លើ​រេញ ដោយសារ​តែ​កម្ពុជា​ត្រូវ​បណ្ដុះ​កីឡាករ​ខ្លាំង​ៗ​ឱ្យ​ចំ​នឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​តែ​ម្ដង ដើម្បី​កុំឱ្យ​ហួស​អាយុ និង​កម្លាំង ។ ការ​ប្រកួត​កីឡា​ជាតិ​នៅ​ថ្ងៃ​ទី​២៥ តុលា​នេះ នឹង​ផ្ដោត​ភាគច្រើន​តែ​លើ​កីឡាករ​ក្មេង​ៗ​ប៉ុណ្ណោះ ដោយសារ​ឆ្នាំ​២០២៣ ក្នុង​ពេល​កម្ពុជា​ប្រារព្ធ​ធ្វើ​ស៊ី​ហ្គេ​ម គឺ​មាន​រយៈពេល​៧​ឆ្នាំ​ទៀត ដែល​ចាំបាច់​ត្រូវ​តែ​ថ្លឹងថ្លែង​វ័យ​កីឡាករ​-​កីឡាការិនី​ជា​ជើងឯក​ដែល​ចម្រាញ់​បាន​ពី​ព្រឹត្តិការណ៍​នេះ អាច​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​បាន ។ លោក​ថា ការ​បើកឱកាស​ឱ្យ​អត្ត​ព​លិ​ក​វ័យក្មេង​ចូលរួម​ប្រកួត​ច្រើន នឹង​រុញ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ធនធាន​កីឡា​ច្រើន​ប្រភេទ​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ។ លោក​បញ្ជាក់​ថា ការ​បង្កើត​ព្រឹត្តិការណ៍​កីឡា​ជាតិ មាន​គោលបំណង​តែ​មួយ​គត់ គឺ​ស្វែងរក​ធនធាន​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​លោក​ទទូច​ឱ្យ​មានការ​ចាប់អារម្មណ៍​គាំទ្រ​កាន់តែ​ច្រើន​ពី​សំណាក់​មហាជន ជា​ពិសេស​អ្នក​ស្រឡាញ់​កីឡា​នៅ​ពេល​ការ​ប្រកួត​ចាប់ផ្ដើម ។ លោក​និយាយ​ថា​៖ «​ដោយសារ​ស៊ី​ហ្គេ​ម​យើង​ធ្វើ​ម្ចាស់ផ្ទះ អ៊ីចឹង​វិញ្ញាសា​កីឡា​ប្រភេទ​ណា​ក៏​យើង​អាច​កំណត់​ជា​វិញ្ញាសា​របស់​ស៊ី​ហ្គេ​ម​បាន​ដែរ ទើប​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ត្រូវ​តែ​ពង្រឹង​តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ជាតិ ឬ National Game » ។ លោក​ថា នេះ​ជា​ព្រឹត្តិការណ៍​ស្រ​ដៀង​នឹង​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ដោយ​គ្រាន់តែ​មិន​មាន​កីឡាករ និង​កីឡាការិនី​បរទេស​ចូលរួម​ប៉ុណ្ណោះ​។ អ៊ីចឹង​ហើយ​ទើប​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​មានការ​ប្រកាស​ថា ថវិកា​សម្រាប់​ចំណាយ​ពេញ​មួយ​ព្រឹត្តិការណ៍​ត្រឹមតែ​៤.០០០​លាន​រៀល ឬ​១​លាន​ដុល្លារ​ប៉ុណ្ណោះ គឺ​នៅ​ទាប​ជាង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​របស់​ប្រទេស​ជិតខាង​ឆ្ងាយ ។ ទោះបី​យ៉ាងណា ថវិកា​ដែល​កំណត់​ឱ្យ​ចំណាយ​នោះ ក៏​មានការ​ប៉ាន់​ស្មានថា​នឹង​គ្រប់គ្រាន់​ផង​ដែរ ដោយសារ​តែ​ពេល​កន្លង​មក គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​ធំ​ៗ គឺ​តម្រូវ​ឱ្យ​ចំណាយ​ថវិកា​តិច​ជាង​នេះ​ទៅ​ទៀត ។  

លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ការ​សាទរ​នៅ​ចំពោះ​មុខ​លោក​អគ្គនាយក​កីឡា និង​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បន្ទាប់​ពី​ឃើញ​កីឡាករ​-​កីឡាការិនី​ភាគច្រើន​មានការ​ត្រៀមខ្លួន ដែល​មាន​ន័យ​ថា​កម្ពុជា​មិន​ខ្វះ​ធនធាន​អត្ត​ព​លិ​ក​វ័យក្មេង​ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ទេ ។ លោក​រំពឹង​ថា ការ​ប្រកួត​ដែល​កាន់តែ​កៀក​មក​ដល់​នា​ពេល​នេះ នឹង​ទទួល​ជោគជ័យ ហើយ​រកបាន​អត្ត​ព​លិ​ក​ល្អ​គ្រប់​ប្រភេទ​កីឡា​ដើម្បី​យក​ទៅ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ឱ្យ​កាន់តែ​ខ្លាំង​បើ​ទោះជា​ថវិកា​ចំណាយ​សម្រាប់​ព្រឹត្តិការណ៍​គឺ ត្រឹមតែ​៤​ពាន់​លាន​រៀល​ក្ដី ៕