ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង ទទួលបានជ័យលាភី ជាខេត្តទី១ដំបូង បានបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ ស្វាយរៀង ជាខេត្តទី១ ក្នុងចំណោម ២៥ រាជធានីខេត្ត ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ថាបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) លើកដំបូង…

ខេត្តស្វាយរៀង៖ ស្វាយរៀង ជាខេត្តទី១ ក្នុងចំណោម ២៥ រាជធានីខេត្ត ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ថាបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) លើកដំបូង ពោលគឺមានបង្គន់អនាម័យប្រើប្រាស់​គ្រប់ខ្នងផ្ទះ នៅឆ្នាំ២០២២នេះ ទោះបីប្រឈមការឆ្លងកូវីដ១៩ ក៏ដោយខេត្តស្វាយរៀង អាចធ្វើបាន។ នេះបើតាម​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រីបានប្រកាសបែបនេះ ក្នុងឱកាសដែលលោក​​អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់​ជាផ្លូវការ ស្តីពី ខេត្តស្វាយរៀង ជាខេត្ត​បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ពិធីនេះ បានធ្វើឡើង នៅវិមានឯករាជ្យ ខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ។

លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ​យុទ្ធសាស្រ្ដជាតិ ផែនការសកម្មភាពជាតិ និងផែនការសកម្មភាពខេត្ត ដើម្បីសម្រេចឲ្យបាន គោលដៅ អភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពគឺ «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅតាមសហគមន៍ជនបទ មានលទ្ធភាពទទួលសេវាផ្តត់ផ្គង់ទឹកស្អាត និងការរស់នៅ ក្នុងបរិស្ថាន ដែលមានអនាម័យល្អ ប្រកបដោយនិរន្តរភាព»។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងបន្តអនុវត្តនូវផែនការ យុទ្ធសាស្រ្ដជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥ និងផែនការសកម្មភាព​ជាតិជំហានទី២ ស្ដីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទឆ្នាំ ២០១៩-២០២៣ ស្របតាមយុទ្ធសាស្រ្ដ​ចតុកោណ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន​ បានបន្តទៀតថា យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ បានឲ្យដឹងថា ឆ្នាំ២០២២ អត្រាប្រជាជនមានប្រភពទឹក កែលម្អប្រើប្រាស់មាន៨០% ចំណែកឯអត្រាប្រជាជនមានបង្គន់អនាម័យកែលម្អប្រើប្រាស់មាន ៨០% និងគ្រួសារប្រមាណ ៨៩% ប្រើប្រាស់ឧបករណ៍ផ្សេងៗ សម្រាប់លាងសម្អាតដៃនៅក្នុងបរិវេណផ្ទះ។

ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យកខេត្តគោលដៅ ចំនួន៥ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រៃវែង និងខេត្តកណ្ដាល ឲ្យក្លាយជាខេត្ត ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏បានផ្ដល់អនុសាសន៍ ឲ្យអភិបាលរងរាជធានី ខេត្ត ក្រុមការងារពាក់ព័ន្ធអង្គការ​ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញបន្តកៀរគរគ្រប់ធនធាន​ចូលរួមគាំទ្រ​វិស័យផ្គត់ ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីសម្រេចឲ្យបានតាមផែនការយុទ្ធសាស្រ្ដជាតិ ដែលបាន​កំណត់ថា នៅឆ្នាំ២០២៥ សម្រេចឲ្យបាន ៩០% និងនៅឆ្នាំ២០៣០ សម្រេចឲ្យបាន ១០០% ។

លោក​រដ្ឋមន្រ្ដី បានលើកឡើងថា សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅ​ទូទាំងប្រទេស ដែលនៅទីសាធារណៈ ជាទីលំហ ឬទីកន្លែង ដែលមានចរន្តខ្យល់ចេញ ចូលល្អ និងការចូល​រួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាព នៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែងនូវកាតព្វកិច្ច​ពាក់ម៉ាស់។

បន្ទាប់ពីរបាយការណ៍របស់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារផ្គត់ផ្គង់ទឹក និងអនាម័យ​ជនបទខេត្តស្វាយរៀង ស្ដីពី វឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទរួចមក លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណ និងសាទរ ចំពោះសមិទ្ធផលដែលសម្រេចបាន ជាពិសេសវឌ្ឍនភាព វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រុម​ការងាររបស់ក្រសួង និងអង្គការដៃគូ និងវិស័យឯកជនផ្សេងៗទៀត។ រហូតមកដល់ពេលនេះ នៅទូទាំង​ខេត្តស្វាយរៀង មាន ៦៩០ភូមិ , ឃុំ/សង្កាត់ចំនួន ៨០ និងក្រុង/ស្រុកចំនួន ៨ សម្រេចបានអត្រាអនាម័យ ១០០% រីឯអត្រាប្រជាជនមានប្រភពទឹកកែលម្អប្រើប្រាស់មាន ៩៩.៤% ទឹកសុវត្ថិភាពប្រើប្រាស់មានចំនួន ៨៨.៦% និងគ្រួសារ ដែលមានឧបករណ៍ប្រើប្រាស់ សម្រាប់លាងសម្អាតដៃ ក្នុងបរិវេណផ្ទះ មាន ១០០%៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ