ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមី​ដ៏​អច្ឆរិយ​​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ត្រូវបាន​​​មហាជន​ជឿ​ថា ​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​តែងតែមាន​ជំនឿ​លើ​អារក្ខ អ្នកតា បដិមា រូបសំណាក និង​ជឿ​លើ​អបិយ​ជំនឿ​ផ្សេង​ៗ​ទៅ​តាម​តំបន់​ដែល​ខ្លួន​រស់នៅ ដែល​នេះ​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​កើត​មាន​តាំងពី​បរម​បុរាណ​មក តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​នៅ​កណ្តាល​ក្រុង​ទេសចរណ៍ សៀមរាប…

រាជធានី​ភ្នំពេញ ៖ តាម​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​តែងតែមាន​ជំនឿ​លើ​អារក្ខ អ្នកតា បដិមា រូបសំណាក និង​ជឿ​លើ​អបិយ​ជំនឿ​ផ្សេង​ៗ​ទៅ​តាម​តំបន់​ដែល​ខ្លួន​រស់នៅ ដែល​នេះ​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​កើត​មាន​តាំងពី​បរម​បុរាណ​មក តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​នៅ​កណ្តាល​ក្រុង​ទេសចរណ៍ សៀមរាប នោះ​គឺ​ទីតាំង​សក្ការបូជា​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ដែល​មាន​មនុស្ស​ម្នា​ចេញចូល​មិន​ដាច់​ក៏​ព្រោះតែ​ទីនោះ​ជាទី​តាំង​ដ៏​ស័ក្តិសិទ្ធិ និង​មាន​ប្រវត្តិ​បែប​អច្ឆរិយ​តែ​មួយ​គត់​ដែល​ប្រជាជន​ខ្មែរ​បាន​ទៅ​ដល់ទី​នោះ​ហើយ​មិន​អាច​រំលង​ដោយ​មិន​គោរព​បូជា​បាន​ឡើយ ។

នៅ​ក្បែរ​ព្រះរាជ​ដំណាក់​ព្រះមហាក្សត្រ ចំ​កណ្តាល​ទីក្រុង​សៀមរាប ជាទី​អាសនៈ​យ៉ាង​ល្អ​ស្អាត​សម្រាប់​តម្កល់​រូបសំណាក​ធ្វើ​ពី​សំរឹទ្ធ​សុទ្ធ​ចំនួន​ពីរ​ព្រះ​អង្គ រូបសំណាក​ដែល​មាន​កម្ពស់​ខ្ពស់​មាន​ព្រះ​នាម​ថា​ព្រះ​អង្គ​ចេក និង​រូបសំណាក​ដែល​មាន​កម្ពស់​ទាប​ជាង​បន្តិច​មាន​នាម​ព្រះ​អង្គ​ចម ដែល​រូបសំណាក​មួយ​ៗ​មាន​ទម្ងន់​ជាង​១៥០​គីឡូក្រាម ហើយ​រូប​ទាំង​ពីរ​នេះ​អ្នកស្រុក​តែង​យល់​ថា​ជា​បងប្អូន​បង្កើត​នឹង​គ្នា ។

រូបសំណាក​ទាំង​ពីរ​នេះ​ត្រូវ​អ្នក​សៀមរាប​និង​មហាជន​ទូទៅ​ជឿ​ថា​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ត្រូវ​បាន​រក​ឃើញ​ជា​ថ្មី ដោយ​ក្រុម​មន្ត្រី​អភិរក្ស​អង្គរ​នៅ​ក្នុង​ឆ្នាំ​១៩៥០ ។ ក្រុម​មន្ត្រី​ជំនាញ​មាន​ជំនឿ​ថា តាំងពី​ដើម​មក​រូបសំណាក​ទាំង​ពីរ​នេះ​គឺ​បាន​តម្កល់​នៅ​ក្នុង​ប្រាសាទអង្គរវត្ត​ក្នុង​សម័យកាល​ដ៏​រុងរឿង តែ​បាន​បាត់បង់​នៅ​ពេល​ដែល​ប្រាសាទ​នេះ​ត្រូវ​បោះបង់​ក្នុង​សម័យ​សង្គ្រាម​ជាមួយ​សៀម ។

គ្រប់​គ្នា​សុទ្ធតែ​បានដឹង​អំពី​បារមី​ដ៏​ស័ក្តិ​សិ​ទិ្ធ​របស់​រូបសំណាក​ទាំង​ពីរ​នេះ ប៉ុន្តែ​អាច​ស្រពេចស្រពិល​អំពី​ប្រវត្តិ​របស់​រូបសំណាក​ទាំង​ពីរ​នេះ ។ រូបសំណាក​ទាំង​ពីរ​នេះ​ធ្លាប់​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​លោក​ឧត្តមសេនីយ៍​ផ្តាច់​ការ​ម្នាក់​គឺ​ដាប ឈួ​ន បន្ទាប់​មក​ក៏​ធ្លាក់​ដល់​ដៃ​កងទ័ព​ខ្មែរក្រហម​នាំ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្ទឹង​សៀមរាប​អស់​ពេល​៥​ឆ្នាំ ។ ចុង​ក្រោយ​រូបសំណាក​ដ៏​មាន​បារមី​នេះ​បាន​ត្រឡប់​មក​ទីតាំង​ដើម​វិញ​ជា​ថ្មី​ម្តងទៀត ។ មហាជន​គ្រប់​គ្នា​មាន​ជំនឿ​ថា បដិមា​ទាំង​ពីរ​នេះ​តែងតែ​ការពារ​ទឹកដី​ខេត្តសៀមរាប​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ និង​ជួយ​ការពារ​មហាជន​ដែល​មក​បួងសួង​សុំ​សេចក្តីសុខ​និង​ឱ្យ​សម្រេចសេចក្តី​ប្រាថ្នា​ជា​និច្ច ។

សព្វ​ថ្ងៃនេះ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ជាទី​តាំង​សក្ការៈ​សម្រាប់​ផ្តល់​នូវ​សេចក្តីសុខ ជោគវាសនា និង​លាភ​សំណាង​ទៅ​កាន់​គូ​ស្វាមីភរិយា​ថ្មី និង​ប្រជាជន​ក្នុង​ខេត្តសៀមរាប រួម​នឹង​ប្រជាជន​កម្ពុជា​គ្រប់​រូប​ដែល​បាន​ចូល​ទៅ​បន់ស្រន់​ប្រាថ្នា​សុំ​សុខសួស្តី ។

ទោះជា​យ៉ាងណា​ចាប់តាំងពី​ប្រទេស​ជាតិ​បាន​រង​នូវ​ឥទ្ធិពល​នៃ​ការ​គំរាមកំហែង​ដ៏​ខ្លាំងក្លា​របស់​មេរោគ​កូ​វី​ដ​-១៩​មក ទីតាំង​សក្ការៈ​ព្រះ​ចេក​ព្រះ​អង្គ​ចម​ក៏​បាន​ថមថយ​មិនឃើញ​មាន​មហាជន​ចូល​ទៅ​បន់ស្រន់​គគ្រឹកគគ្រេង​ដូច​មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​ទេ តែ​ក៏​គង់​មាន​អ្នក​ចូល​ទៅ​បែ​បន់​មិនសូវ​ដាច់​នោះ​ដែរ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំ​ៗ​មាន​ដូច​ជា បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យអុំទូក មាន​មនុស្ស​មក​គោរព​បូជា​ជា​ហូរហែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ