ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិដើមភាគតិចគួយ កំពុងកែប្រែជីវភាពរស់នៅ​តាមរយៈការបង្កើតសហគមន៍អេកូទេសចរណ៍

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ លោក ញាន ផន បានថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​​ថា ទោះជាសហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ ដែលស្ថិតនៅក្នុងភូមិឆ្វាង ឃុំសំអាង…

ខេត្តស្ទឹងត្រែង៖ ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ លោក ញាន ផន បានថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​​ថា ទោះជាសហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ ដែលស្ថិតនៅក្នុងភូមិឆ្វាង ឃុំសំអាង ស្រុកថាទ្បាបរិវាត់ ខេត្តស្ទឹងត្រែង ទើបតែបង្កើតទ្បើង អំទ្បុងខែកក្កដា ឆ្នាំ២០២០ តែអ្វីជាមោទនភាព សម្រាប់បងប្អូនជនជាតិដើមភាគតិចគួយ គឺបងប្អូនបានយល់ដឹងអំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ លះបង់បាននូវមុខរបរបរបាញ់សត្វ ការកាប់ព្រៃឈើដែលជាមុខរបរជាប្រពៃណីរបស់ពួកគាត់ ហើយងាកមក​ចាប់យករបរផ្សេងៗតាមការណែនាំរបស់អាជ្ញាធរ មន្ត្រីជំនាញ ដោយផ្តោតសំខាន់លើ​សេវាកម្មទេសចរណ៍។

លោកប្រធានសហគមន៍ បានអះអាងថា ក្រោយបង្កើតសហគម ន៍រួមទាំងមានការណែនាំអប់រំជាបន្តបន្ទាប់ មកដល់ពេលនេះ បងប្អូនជនជាតិដើមភាគតិចគួយ ដែលជាប្រជាសហគមន៍ បានលះបង់ទាំងស្រុងមុខរបរ​បាញ់សត្វ និងអាជីវកម្មព្រៃឈើ ដែលធ្វើឲ្យធនធានធម្មជាតិនៅទីនេះ ត្រូវបានថែរក្សា និងអភិរក្ស ដែល​អំណោយ​ផលដល់ការងាររបស់សហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ។

លោកបន្តថា ក្រៅពីការបង្កបង្កើនផលដំណាំកសិកម្ម ការដើរបេះផ្លែ ឬស្លឹករុក្ខជាតិ ដើម្បីលក់នៅទីផ្សារ បងប្អូនយើង កំពុងទទួលបានកម្រៃជាបន្តបន្ទាប់​ពីសេវាកម្មទេសចរណ៍ ហើយទោះបីបច្ចុប្បន្ននេះ ទទួល​បាន​តិចតួច តែវាបាន និងកំពុងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

លោក ញាន ផន បានរៀបរាប់ថា តំបន់សហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ រួមមាន រូងសត្វប្រជៀវ ដែលមានប្រជៀវរាប់ពាន់​ម៉ឺនក្បាល មានល្អាងសត្វទន្សង ល្អាងអូនបង ផ្លូវភ្ជាប់និស្ស័យ ដែលទ្បើង​ដល់កំពូលភ្នំ ឬហៅថា សមុទ្រឈើ។ ទន្ទឹមនោះ ក៏មានល្អាងឥសីសំណាក់ធម៌ ដែលមាន​ជណ្តើរទ្បើង និងល្អាងលោកសឹង្ហ។

លោកថា ល្អាងទាំងអស់នោះ គឺសុទ្ធសឹងមានសក្តានុពលលើវិសយ័ទេសចរណ៍ ហើយភ្ញៀវទេចរ និងមាន​ការភ្ញា​ក់ផ្អើលកោតសរសើរមិនខាន ប្រសិនមកកាន់សហគមន៍នេះ។

លោកបន្តថា ក្រៅពីសក្តានុពលទេសចរដូចរៀបរាប់ខាងលើ ក៏នៅមានបណ្តាសត្វព្រៃមួយចំនួនទៀត កំពុង​រស់​នៅក្នុងតំបន់ព្រៃនៃសហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ មានដូចជាសត្វអន្សោង រួមនឹងសត្វព្រៃ​ជាច្រើន​ទៀត។

ទាក់ទងចំនួន​ភ្ញៀវទេសចរ ទៅកាន់តំបន់​នោះ លោកប្រធានសហគមន៍ បាន​បញ្ជាក់​ថា មុនពេលកូវីដ វាយ​លុក គឺមានភ្ញៀវមកលេងច្រើន គួរសមដែរ ដែលក្នុងមួយថ្ងៃ មានពី ៣០ ទៅ ៣៥នាក់។ ក្រោយផ្ទុះ​កូវីដ គឺពុំសូវមានភ្ញៀវច្រើននោះទេ។ ប៉ុន្តែក្រោយបើកប្រទេសទ្បើងវិញ ភ្ញៀវទេសចរ មកកាន់ទីនេះ មានចំនួន​កើន​ទ្បើងជាបន្តបន្ទាប់ សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវប្រមាណជាង ១០០០នាក់។

លោក ញាន ផន លើកទ្បើងថា តាមរយសហគមន៍នេះ បងប្អូនជនជាតិដើភាគតិចគួយយើង ទទួលបាន​ផល​ប្រយោជន៍យ៉ាងច្រើន សំខាន់ចំណូលទាក់ទងនឹងសេវាកម្ម​ទេសចរណ៍​។ ទោះបីចំណូល​មិនទាន់​បាន​ច្រើន ដោយមួយថ្ងៃ បានត្រឹមជាង ២ម៉ឺនរៀល តែពួកគាត់ពេញចិត្តណាស់ ព្រោះវាជាចំណូល​បំពេញ​បន្ថែម​លើមុខរបររបស់ពួកគាត់។

លោកប្រធានសហគមន៍ រំលឹកទ្បើងវិញថា ពេលមិនទាន់បង្កើតសហគមន៍ បងប្អូនជនជាតិដើម​ភាគតិច​គួយយើង ប្រកបមុខរបរស្រែចំការ បរបាញ់សត្វ អាជីវកម្មព្រៃឈើ ជាដើម តែក្រោយមានសហគមន៍ ពួកគាត់​បានយល់ដឹង ហើយបោះបង់ចោលរបរបរបាញ់សត្វ កាប់ព្រៃឈើ ហើយងាកមកចូលរួមជាមួយ​សហគមន៍ ​ក្នុងសេវាកម្មទេសចរ និងស្រែចំការឬកសិកម្ម។

លោកអះអាងថា ក្រោយមានសហគមន៍ និយាយរួមបទល្មើសព្រៃឈើ បរបាញ់សត្វ ត្រូវបានកាត់បន្ថយ​ស្ទើរតែទាំងស្រុង។ យ៉ាងណាក៏ដោយ លោកថា អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ដែលនៅសេសសល់​ខ្លះៗនោះ គឺសុទ្ធសឹងជាជនចំណាកស្រុក។

លោក ក៏លើកជាសំណូមពរផងដែរ ដល់ស្ថប័នពាក់ព័ន្ធ ជួយបំពាក់នូវសម្ភារៈមួយចំនួន ដល់សហគមន៍ ដូចជា សុំភ្លើងបំភ្លឺនៅល្អាងសត្វប្រជៀវ និងល្អាងដទៃទៀត ដែលបង្កភាពងាយស្រួលដល់ភ្ញៀវ​ចូល​ទស្សនា។ កសាង​ក្យូស​បន្ថែមទៀត ដើម្បីភ្ញៀវសម្រាកនិងការងារបណ្តុះបណ្តាលដល់ប្រជាសហគមន៍​បន្ថែម​ទៀត។

ចំពោះមុខម្ហូបប្រចាំត្រកូល សម្រាប់ប្រជាសហគមន៍វិញ លោក ញាន ផន បញ្ជាក់ឲ្យដឹងថា មានច្រើន​ ដូចជា ចិញ្ចែវ អន្លក់ស្តៅ ផ្កាចំហួយ ជាដើម ខណៈដែលមុខម្ហូបទាំងអស់នោះ មានរសជាតិប្លែក និងឈ្ងុយ​ឆ្ងាញ់ពិសារជក់ចិត្ត ហើយភ្ញៀវ ដែលចង់ពិសារមុខម្ហូបទាំងនោះ គឺចាំបាច់ត្រូវកំម្មង់មុន ទើបបានពិសារ ព្រោះថា នៅទីនេះ មិនទាន់មានការរៀបចំនូវអាហារដ្ឋាន ឬកន្លែងលក់ម្ហូបអាហារ ឲ្យបានគ្រប់គ្រាន់​នៅទ្បើយទេ។

យ៉ាងណាក៏ដោយ លោកអំពាវនាវភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទៅលេងនៅតំបន់អេកូទេសចរណ៍ ភ្នំជម្រក​សត្វ ព្រោះថា តំបន់នោះ ពោរពេញទៅដោយធនធានធម្មជាតិ ស្រស់ស្អាត ប្រកបដោយ​សក្តានុពល​ទេស​ចរណ៍ ដែលមិននឹកស្មានដល់នោះទ្បើយ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ