ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់ប្តូរមេពន្ធដារ ៦ខណ្ឌ នៅភ្នំពេញ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យ៉ាងហោចណាស់ មេពន្ធដារ ចំនួន ៦ខណ្ឌ ក្នុងចំណោម ១៤ខណ្ឌ នៅរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរ និងតែងតាំងថ្មី។…

ភ្នំពេញ៖ យ៉ាងហោចណាស់ មេពន្ធដារ ចំនួន ៦ខណ្ឌ ក្នុងចំណោម ១៤ខណ្ឌ នៅរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរ និងតែងតាំងថ្មី។ ក្នុងនោះ រួមមាន៖ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ​ដង្កោ។ ប្រធានសាខាពន្ធដារខ្លះ ដល់អាយុចូលនិវត្តន៍ និងខ្លះទៀត ផ្ទេរពីខណ្ឌមួយ ទៅកាន់ខណ្ឌមួយទៀត។​

​ពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌ ចំនួន ៦ បានធ្វើឡើង នារសៀល​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយកនៃ​អគ្គនាយកដ្ឋានពន្ធដារ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងការ​តែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌទាំង ៦​នេះ លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​ណែនាំឱ្យប្រធានថ្មីនៃសាខាពន្ធដារទាំង ៦រូប ត្រូវយកចិត្តទុកដាក់ ក្នុងការ​បំពេញ​ការងារលើការ​ប្រមូល​ពន្ធ​ចូលរដ្ឋ​។

លោក បញ្ជាក់ថា មេដឹកនាំ ត្រូវតែមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ។​ មេដឹកនាំ​ត្រូវតែមានលក្ខណៈច្នៃប្រឌិ តធ្វើយ៉ាងណា ប្រមូលពន្ធ ចូលរដ្ឋឲ្យបានកាន់តែកើនឡើង។ ថ្នាក់ដឹក​នាំ​ពន្ធដារ បើ​មានបញ្ហា ត្រូវតែដោះស្រាយ កុំទុកឲ្យរឿងរ៉ាវកាន់តែធំ ថ្នាក់ដឹកនាំសាខាពន្ធដារ ត្រូវតែមាន​ការច្នៃប្រឌិត និងកែទម្រង់នៃការដឹកនាំ។ បើមិនមានការច្នៃប្រឌិត និងកែទម្រង់ទេ គឺមានតែផ្លាស់ប្ដូរចេញ។

គួរបញ្ជាក់ថា មន្ត្រីរាជការពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ០៦ រូប ដែលត្រូវកែសម្រួលភារកិច្ច និងតែងតាំង ​រួមមាន៖ ១. លោកស្រី គា រ៉ាមី បច្ចុប្បន្ន អនុប្រធានសាខា​ពន្ធដារ​ខណ្ឌដូនពេញ ជាប្រធានសាខាពន្ធដារខណ្ឌមានជ័យ ជំនួសលោក នួន ថេរី ដែលចូលនិវត្តន៍។ ២. លោក យិន ចិន្តាវុឌ្ឃ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌទួលគោក ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា ជំនួស​លោក ប៊ុត ណុច ដែលទទួលភារកិច្ចថ្មី។ ៣. លោក អេង ធីតា បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌដង្កោ ជាប្រធាន​សាខាពន្ធដារ ខណ្ឌទួលគោក ជំនួសលោក យិន ចិន្តាវុឌ្ឍ ដែលទទួលភារកិច្ចថ្មី។ ៤- លោក សែម សាខន បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជាប្រធានសាខាពន្ធដារខណ្ឌឬស្សីកែវ ជំនួស​លោក ឆាយ សុវណ្ណា ដែលទទួលភារកិច្ចថ្មី។ ៥. លោក មុត ណុច បច្ចុប្បន្ន ប្រធានសាខាពន្ធដារ​ខណ្ឌ ៧មករា ជាប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជំនួសលោក សែម សាខន ដែលទទួលភារកិច្ចថ្មី។ ៦. លោក ឆាយ សុវណ្ណ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌឬស្សីកែវ ជាប្រធានសាខាពន្ធដារខណ្ឌដង្កោ ជំនួស លោក អេង ធីតា ដែលទទួលភារកិច្ចថ្មី។

​នៅក្នុងពិធីនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់​អាជ្ញាធរ​ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ​ ត្រូវសហការអោយបានល្អជាមួយសាខាពន្ធដាខណ្ឌទាំងអស់ ដើម្បី​ឱ្យការងារគៀងគរ ប្រមូលពន្ធចំណូលចូលរដ្ឋ កាន់តែល្អប្រសើរ។ ពោលគឺបើមានបញ្ហាអ្វីមួយ ត្រូវរួមគ្នា​​ ដោះស្រាយ ព្រោះថា ការអភិវឌ្ឍន៍មូលដ្ឋាន គឺពឹងផ្អែកលើថវិកាចំណូលរបស់ពន្ធដានេះហើយ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រមូលពន្ធ បើមានបញ្ហាខុសឆ្គងណាមួយ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែរួមសហការគ្នាជាមួយសាខាពន្ធដា ដើម្បីសម្រួលលើការប្រមូលពន្ធនេះ ឲ្យបានល្អប្រសើរ​។ ការប្រមូលពន្ធ គឺដើម្បីយកថវិកាទាំងនោះ មកធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើង​ទាំងអស់គ្នា។ ដូច្នេះយើងត្រូវតែរួមគ្នា ដើម្បីសម្រួលលើកិច្ចការងារនេះឲ្យបានល្អប្រសើរ​។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមក យើងបានអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះ​បីជា​​​យ៉ាងណាក្តី លោកនូវតែជំរុញឲ្យបន្តសកម្មភាពនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយកម្ពុជា នឹងក្លាយជា​ប្រទេស ​មានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយក​ដ្ឋានពន្ធដារ នៅក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណ​ចំពោះអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលតែងតែផ្តល់ការសហការជាមួយ សាខាពន្ធដារ តាមបណ្ដាខណ្ឌ និងមន្រ្តីពន្ធដារផ្សេងទៀត នាពេលកន្លងមក បានល្អ​។

លោក ក៏បានណែនាំឱ្យអាជ្ញាធររាជធានី​ខណ្ឌ សង្កាត់ បន្តជួយសាខាពន្ធដារ ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីងាយស្រួលលើការប្រមូលពន្ធចូលរដ្ឋ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ