ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិញ្ញាសា​ថ្មី ហែល​ទឹក​ជើង​ទា ជា​គោលដៅ​សម្រាប់​ដណ្ដើម​មេដាយ​ពី​ស៊ី​ហ្គេ​ម​នៅ​វៀតណាម

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក កំពុង​តែ​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​លើ​វិញ្ញាសា​ថ្មី​គឺ​ហែល​ទឹក​ជើង​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក កំពុង​តែ​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​លើ​វិញ្ញាសា​ថ្មី​គឺ​ហែល​ទឹក​ជើង​ទា​(Fin Swimminjg)​ទៅ​ដល់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​របស់​ខ្លួន​ចំនួន​៦​នាក់ ដើម្បី​ត្រៀម​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២២​នៅ​ប្រទេស​វៀតណាម ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ។

លោក ហែម ថុ​ន​ពន្លឺ គ្រូបង្វឹក​កីឡាហែលទឹក​ជើង​ទា​បានឱ្យ​ដឹង​ថា វិញ្ញាសា​ថ្មី​ហែល​ទឹក​ជើង​ទា នេះ​​ទាមទារ​ឱ្យ​​មានការ​ហ្វឹកហាត់​ខ្លាំង​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង គឺ​ព្រឹក​៣​ម៉ោង ល្ងាច​៣​ម៉ោង ។ ចំពោះ​លក្ខណៈ​បច្ចេកទេស​ហ្វឹកហាត់​វិញ​មាន​បែងចែក​ជា​ពីរ​គឺ ទី​១​ហែល​ជា​លក្ខណៈ​Bi Fin ដោយ​ហែល​លក្ខណៈ​សេរី​ពាក់​បំពង់ មិន​អនុញ្ញាត​ឱ្យ​ងើបមុខ​នោះ​ទេ ។

ទី​២​ហែល​ជា​លក្ខណៈ​Surface​ត្រូវ​បំពាក់​ជើង​ទា​ធំ​ដូច​កន្ទុយ​ត្រី មិន​តម្រូវ​ឱ្យ​ហែល​នោះ​ទេ​គឺ​គោះ​ជើង​សុទ្ធ និង​មាន​ពាក់​បំពង់​ដកដង្ហើម​ដូច​គ្នា ។ គ្រូបង្វឹក​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​Fin Swimming​ជា​វិញ្ញាសា​ថ្មី​បំផុត​សម្រាប់​កម្ពុជា ឯការ​ហ្វឹកហាត់​គឺ​ជួប​ការ​លំបាក​ខ្លាំង​មិន​ដូច​ហែល​ទឹក​ធម្មតា​នោះ​ទេ ។ កីឡាករ កីឡាការិនី​ត្រូវ​ប្រើ​ជើង​គោះ​ទឹក​រាល់ថ្ងៃ​រហូត​ដល់​ថ្នាក់​មាន​រលាត់​ស្បែកជើង​ដោយសារ​តែ​ពាក់​ជើង​ទា​ច្រើន​ពេក ។ រីឯ​សម្ភារ​ហ្វឹកហាត់​វិញ​ក៏​នៅ​មានការ​ខ្វះខាត ដោយសារ​តែ​ការ​បញ្ជា​ទិញ​ជើង​ទា​មិន​ទាន់​មក​ដល់ ។ ប៉ុន្តែ​បច្ចុប្បន្ន​យើង​ទទួល​បានការ​ឧបត្ថម្ភ​សម្ភារ​ជើង​ទា​Bi Fin​នេះ​ចំនួន​៥​គូ​ពី​សហព័ន្ធ​កីឡាហែលទឹក​សិង្ហ​បូ​រី​។ ដោយឡែក​សម្ភារ​SurFace​អត់​ទាន់​មាន​នោះ​ទេ​។

លោក ហែម ថុ​ន​ពន្លឺ បញ្ជាក់​ថា សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​វៀតណាម​គឺ​ក្រុម​កីឡាហែលទឹក​កម្ពុជា​នៅ​សល់​ពេល​ហ្វឹកហាត់​ត្រឹមតែ​ជាង​៣០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ វា​ជា​រយៈពេល​ដ៏​ខ្លី​បំផុត​។ ដោយសារ​តែ​វា​ជា​វិញ្ញាសា​ថ្មី​បំផុត ដូច្នេះ​គ្រូបង្វឹក​នៅ​មិន​ទាន់​មានបទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាត់ មាន​តែ​ខិតខំ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​គន្លឹះ​ថ្មី​ៗ​មក​បង្ហាត់​ដល់​កូនក្រុម​ប៉ុណ្ណោះ ។​

ទោះបី​នេះ​ជា​វិញ្ញាសា​ថ្មី​សម្រាប់​កម្ពុជា ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួតប្រជែង​លើក​ដំបូង​នៅ​ស៊ី​ហ្គេ​ម​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​គ្រូបង្វឹក​ហែល​ទឹក​ជើង​ទា​កម្ពុជា​រូប​នេះ បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ថា ពួក​គេ​ពិតជា​ធ្វើ​បាន​លទ្ធផល​ល្អ ហើយ​ក៏​ជា​ឆ្នាំ​ដែល​ត្រូវ​វាស់​ស្ទង់​កម្រិត​ប​ច្ចេ​ទេស​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។ ចំពោះ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ហែល​ទឹក​ជើង​ទា​ទាំង​៦​នាក់ មាន​កីឡាករ​ចំនួន​៤​នាក់​គឺ​កីឡាក​រលឹម កែវ​ឧត្តម​,​កីឡាក​រលឹម សុខវឌ្ឍន៍​ន​ន្ទ​,​កីឡាករ​ទួន ទិ​ត្យសត្យា និង​កីឡាករ​ឆោម ច័ន្ទ​ថុ​ន និង​កីឡាការិនី​ពីរ​រូប​ទៀត​គឺ​កាំ​ង ម៉ុ​យ​នី​ន និង​ឃឺ​ន ប៊ុ​ន​ពេជ្រ​មរកត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ