ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​កំពុង​ជួសជុល​ប្រាសាទបន្ទាយស្រី

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អ្នកជំនាញ​បុរាណវិទ្យា​ពីរ​រូប​រួម​នឹង​ពលករ​ជាង​២០​នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ដំណើរការ​ជួសជុល​ខ្លោងទ្វារ​ទី​៣ ផ្លូវ​ចូល​ខាងកើត នៃ​ប្រាសាទ​បន្ទាយ​ស្រី​។ ដំណើរការ​ជួសជុល​នេះ​ក្នុង​គោលបំណង​ធំ​ៗ​ចំនួន​ពីរ គឺ​

ខេត្តសៀមរាប ៖ អ្នកជំនាញ​បុរាណវិទ្យា​ពីរ​រូប​រួម​នឹង​ពលករ​ជាង​២០​នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ដំណើរការ​ជួសជុល​ខ្លោងទ្វារ​ទី​៣ ផ្លូវ​ចូល​ខាងកើត នៃ​ប្រាសាទ​បន្ទាយ​ស្រី​។ ដំណើរការ​ជួសជុល​នេះ​ក្នុង​គោលបំណង​ធំ​ៗ​ចំនួន​ពីរ គឺ​កាត់​បន្ថយ​ការ​ខូចខាត​ផ្ទាំង​សិលាចារឹក​ទាំង​សងខាង​ស្ថិត​នៅ​លើ​ស៊ុមទ្វារ​នៃ​ច្រកចូល​កណ្តាល​ខាងកើត​ពី​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​ប្រចាំ​ថ្ងៃ និង​សង្គ្រោះ​រចនាសម្ព័ន្ធ​ប្រាសាទ​ដែល​កំពុង​រង​ហានិភ័យ ។

បន្ទាប់​ពី​ទទួល​អនុសាសន៍​ណែនាំ​ពី​ក្រុម​អ្នកជំនាញ​អា​ដ​ហុ​ក របស់​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ពេល​ទស្សនកិច្ច​របស់​អ្នកជំនាញ​នៅ​ប្រាសាទបន្ទាយស្រី និង​សេចក្តីណែនាំ​ជា​លាយ​ល័ក្ខណ៍​អក្សរ កាលពី​ថ្ងៃ​ទី​៤​និង​៥ ខែមិថុនា ឆ្នាំ​២០១៥​កន្លង​មក នាយកដ្ឋាន​បាន​ផ្តើម​កិច្ចការ​បន្ទាន់ ដែល​ទាក់ទង​នឹង​អនុសាសន៍​នោះ គឺ​គម្រោង​ទី​១ ជួសជុល​ច្រកចូល​ខាងជើង​នៃ​ខ្លោងទ្វារ​ខាងកើត​ក្នុង​កំពែង​ទី​៣ មុន​នឹង​បិទ​ច្រកចូល​កណ្តាល​ដើម្បី​ការពារ​សិលាចារឹក​សងខាង​មេ​ទ្វារ ឯ​គម្រោង​ទី​២ គឺ​លើក​ថ្ម​ដែល​ធ្លាក់​រាយ​ប៉ាយ​នៅ​កំពែង​ថ្មបាយក្រៀម​ជ្រុង​និរតី​ប្រមាណ​៧​ម៉ែត្រ ។

នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុវត្ត​គម្រោង​ជួសជុល​នេះ​ក្រោម​ប្រាក់​ចំណាយ​ទាំងស្រុង​ពី​អាជ្ញាធរ​ជាតិ​អប្សរា សម្រាប់​ការ​ជួសជុល​ចំនួន​ពីរ​កន្លែង​ត្រង់​រចនាសម្ព័ន្ធ​ប្រាសាទ​ដែល​ខូចខាត ដោយ​ប្រើ​រយ​:​ពេល​នៃ​ការ​ជួសជុល​ចំនួន​៥​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៦ ។

លោក​សា​រ៉ា​យ គឹ​ម​ហួល បុរាណ​វិទូ បាន និង​កំពុង​ដឹកនាំ​ដំណើរ​នៃ​ការ​ជួសជុល​ដោយ​ផ្អែក​លើ​បច្ចេកទេស និង​បទ​ពិសោធន៍​លើ​ការងារ​ជួសជុល​ប្រាសាទ​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ទ្រុឌទ្រោម​រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ និង​ភាគ​ខ្លះ​នៃ​កំពែង​ប្រាសាទ គឺ​បណ្តាល​មក​ពី​កត្តា​ធម្មជាតិ គួប​ផ្សំ​នឹង​អាយុកាល​ដ៏​យូរលង់​នៃ​សំណង់​នេះ ពោល​គឺ​មួយ​ភាគ​នៃ​សំណង់​រង​ការ​បំផ្លាញ​ដោយ​ការ​រលំ​បាក់​នៃ​ដើមឈើ ពិសេស​គឺ​ប្ញ​ស​នៃ​ដើមឈើ ធំ​ៗ បាន​ចាក់​បំ​ប៉ើង​គ្រឹះ​បណ្តាល​ឲ្យ​មានការ​ស្រុត ទ្រេត​និង​ប្រេះ​ចេញពី​ទម្រង់​ដើម ។

គម្រោង​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​ខ្លោងទ្វារ និង​កំពែង​ថ្មបាយក្រៀម​គឺ​អនុវត្ត ដោយ​ផ្នែក​ៗ​ត្រង់​ចំណុច​ដែល​មានការ​ខូចខាត រង​ហានិភ័យ​ខ្ពស់​ដែល​នឹង​ប៉ះពាល់​ដល់​សុវត្ថិ​ភាព​ជុំវិញ ។ រាល់​បច្ចេកទេស​នៃ​គ្រប់​ដំណាក់កាល នី​មូ​យ​ៗ ធ្វើ​ឡើង​ដោយ សន្សឹម​ៗ និង​ប្រុង​ប្រយ័ត្ន​ដល់​ការ​បែកបាក់​ដុំ​ថ្ម​ប្រាសាទ​កំឡុង​ពេល​មានការ​រុះរើ​ថ្ម និង​ពេល​រំកិល​ថ្ម​ចេញពី​ស្រទាប់​ដើម ហើយ​បន្ទាប់​ពី​រុះរើ​ថ្ម​អ​សុវត្ថិភាព​មួយ​ផ្នែក​តូច​នៃ​ជញ្ជាំង និង​គ្រោង​ពង្រឹង​គ្រឹះ​ដែល​រង​ការ​ស្រុត​ឲ្យ​មាន​ភាពរឹងមាំ​ឡើង​វិញ ចំណែក​ថ្ម​ដែល​បាន​រុះរើ​កន្លង​មក​គឺ​តម្រូវការ​ចាំបាច់​ក្នុង​ការ​ជួសជុល និង​រៀប​បញ្ចូល​នៅ​ទីតាំង​ដើម​ស្រប​តាម​កម្រិត​កម្ពស់​ដែល​បុរាណ​បាន​កំណត់ ។

ដូច្នេះ​រាល់​បច្ចេកទេស​នៃ​ការ​ជួសជុល​ទាំង​អម្បាលម៉ាន គឺ​អ្នកជំនាញ​បាន​តោង​គោរព​ខ្ជាប់ខ្ជួន​នូវ​ការ​រក្សា​ទម្រង់​ដើម​របស់​សំណង់​ដោយ​គិត​អំពី​ការ​ប្រើប្រាស់​បច្ចេកទេស​បុរាណ​ឡើង​វិញ រួម​ទាំង​សម្ភារ​និង​ប្រវត្តិ​នៃ​សំណង់​ជាដើម​។ ហេតុនេះ​ហើយ​គ្រប់​ដំណើរ​នៃ​ការ​ចល័ត និង​រុះរើ​ថ្ម​គឺ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​រាល់​ការ​បែកបាក់​ថ្ម​ដោយ​ប្រការ​ណាមួយ ព្រមទាំង​ពិនិត្យ​ល្អិតល្អន់​លើ​ស្លាកស្នាម​បុរាណវិទ្យា​ទាំងឡាយ ដែល​ស្ថាបត្យករ​ជំនាន់​ដើម​បាន​កំណត់ និង​សាងសង់​ដើម្បី​ជា​អំ​ណា​ង​ក្នុង​ការ​បន្ត​ជួសជុល​តាម​ទម្រង់​ដើម ។

អ្នកជំនាញ​បុរាណវិទ្យា​រូប​នេះ​រៀបរាប់​ថា តាម​ពិត​ទៅ រចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​នៃ​ប្រាសាទ​ដ៏​ចំណាស់​ដែល​មាន​អាយុកាល​តាំងពី​សតវត្ស​ទី​១០​មកនេះ មានការ​ទ្រុឌទ្រោម​ច្រើន តែ​ការ​ជួសជុល​គឺ​ធ្វើ​ឡើង​ទៅ​លើ​ចំណុច​ដែល​មាន​ហានិភ័យ​ខ្ពស់​ជា​អាទិភាព ។

ប្រាសាទបន្ទាយស្រី មានឈ្មោះ​ដើម​ថា ឦ​ស្វរ​បុ​រៈ សាងសង់​ឡើង​ក្នុង​ឆ្នាំ​៩៦៧​នៃ​គ​ស ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៥ ។ ប្រាសាទ​នេះ​ត្រូវ​បាន​រក​ឃើញ និង​អភិរក្ស​ឡើង​វិញ​ដោយ​បារាំង​តាំងពី​ឆ្នាំ​១៩១៦ ។ ចាប់ពី​ឆ្នាំ​១៩២៤​មក សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​ធ្វើការ​ត្រួស​ត្រាយព្រៃ និង​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ ។ នៅ​ឆ្នាំ​១៩៣១-១៩៣៦ ការ​ជួសជុល​ទ្រង់ទ្រាយ​ធំ តាម​បច្ចេកទេស​អាណា​ស្ទី​ឡូ ក៏​បាន​ចាប់ផ្តើម​ឡើង​ដែល​ដឹកនាំ​ដោយ​លោក Henry Marchal ដោយ​យក​លំនាំ​តាម​ការ​ជួសជុល​ប្រាសាទ​ខាងត្បូង​នៃ Prambanan នៅ​ផ្នែក​កណ្តាល​កោះ​ជ្វារ​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ការ​ជួសជុល​ពេល​នោះ គឺ​ធ្វើ​ឡើង​ទៅ​លើ​ប្រាសាទ​កណ្តាល និង​រចនាសម្ព័ន្ធ ខ្លះ​ៗ តែ​នៅ​មាន​រចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត ដែល​មិន​ទាន់​បាន​ជួសជុល ហើយ​ទាមទារ​ការ​អភិរក្ស​ជួសជុល​ជា​បន្ត​ទៀត ៕