ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ធំ​១​ខ្នង ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ហ្មត់​គ្មាន​សល់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​ទាំងស្រុង កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ម៉ោង​ជិត​២​ទៀប​ភ្លឺ នា​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​ទាំងស្រុង កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ម៉ោង​ជិត​២​ទៀប​ភ្លឺ នា​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​។

ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មានឈ្មោះ រួន អឿ​ង អាយុ​៥៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆាន អាយុ​៤១​ឆ្នាំ មានកូន​ចំនួន​៥​នាក់ ក្នុង​នោះ​ប្រុស​៤​នាក់ និង​ស្រី​ម្នាក់ សុទ្ធតែ​នៅ​ក្នុង​បន្ទុក​។ ហើយ​អគ្គិភ័យ​នេះ បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ពេល​មាន​អគ្គិភ័យ​កើតឡើង បើ​ទោះជា​កម្លាំង​ជួរ​មុខ រួម​មាន​យោធា និង​នគរបាល​ការពារ​ព្រំដែន ក៏​ដូច​ជា​ពលរដ្ឋ បាន​នាំ​គ្នា​ខ្នះខ្នែង​ទៅ​ជួយ​ពន្លត់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ឡើយ ព្រោះថា​ព្រះ​អគ្គី​បាន​ឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ​។ ម្យ៉ាង​ឡាន និង​គោ​យន្ត​កន្ត្រៃ​ដឹក​ទឹក​លក់​របស់​អ្នកស្រុក ក៏​មិន​អាច​ជួយ​បាន​ដែរ ព្រោះ​គ្រប់​គ្នា​កំពុង​តែ​លង់លក់​ក្នុង​ដំណេក លុះ​ពេល​ដឹង ទម្រាំ​ទៅ​បូមទឹក​ពី​ស្រះ​យក​មក​ពន្លត់​នោះ គឺ​ហួសពេល​អស់​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា យ៉ាងណា​ក៏​ដោយ ក្រោយ​ពេល​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ គេ​ក៏​បានឃើញ​លោក​វរសេនីយ៍ឯក ឡុ​ង សំណាង មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សួរសុខទុក្ខ​គ្រួសារ​រង​គ្រោះ និង​បាន​នាំ​យក​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត រួម​មាន ៖ អង្ករ​៥០​គីឡូក្រាម​, មី​២​កេស​, ត្រីខ​២​យួរ​, ទឹកបរិសុទ្ធ​១០​យួរ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ជូន​ដល់​គ្រួសារ​រង​គ្រោះ​នេះ​។

ក្រៅពី​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត​នោះ ចៅអធិការ​វត្ត​ថ្ម​រមៀល​លិច​ព្រះ​នាម​រ៉ែ​ន​ស៊ី​ណាត ក៏​បាន​ផ្តល់​អំណោយ​ដល់​គ្រួសារ​នេះ​នៅ​អង្ករ​១០០​គីឡូក្រាម​, មី​, ត្រីខ​, ចាន​, ឆ្នាំង​, ចង្ក្រានហ្គាស់ និង​ថវិកា​ចំនួន​២០០​ដុល្លារ​ផង​ដែរ​។

ករណី​អគ្គិភ័យ​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ទាំងស្រុង​នៅឡើយ​ទេ ប៉ុន្តែ​លោក​វរសេនីយ៍ឯក ឡុ​ង សំណាង លើក​ឡើង​ដោយ​យោង​សំដី​អ្នកស្រុក​ថា អាច​សង្ស័យ​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ព្រោះ​នៅផ្ទះ​កើតហេតុ មាន​បើក​សិប្បកម្ម​កែ​ច្នៃ​ឈើ ហើយ​មាន​កម្ទេច​ឈើ​ជា​ច្រើន​ដែល​ជា​ហេតុ​អាច​បង្ក​ឱ្យទៅ​ជា​អគ្គិភ័យ​បាន បើសិន​ទុ​ស្សេ​ចរន្តអគ្គិសនី​មែន​នោះ​។

លោក​មេបញ្ជាការ​រូប​នេះ​បន្ត​ថា បាន​ជូនដំណឹង​ទៅ​លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត​រួច​ហើយ ដើម្បី​សុំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រក​ការ​ពិត​នៃ​ហេតុការណ៍​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ