ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដើរលេងរបស់ពលរដ្ឋពេលចូលឆ្នាំកន្លងមកនេះបង្កើតលំហូរចរន្តសេដ្ឋកិច្ចជាតិប្រមាណ ៥៥០ លានដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូចគេដឹងហើយថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេល ៣ ថ្ងៃ និងថ្ងៃអាទិត្យ ១ ថ្ងៃទៀត…

រាជធានីភ្នំពេញ ៖ ដូចគេដឹងហើយថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេល ៣ ថ្ងៃ និងថ្ងៃអាទិត្យ ១ ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី ១៤-១៧ ខែមេសា ឆ្នាំ ២០២២ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន ៥,១៧ លាននាក់បានដើរកម្សាន្ត ។ បើតាមក្រសួងទេសចរណ៍ក្នុងចំណោមអ្នកដើរកម្សាន្តខាងលើនេះបានចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥,៣៦៧,១១៥ ដុល្លារ ក្នុងនោះ ទេសចរជាតិប្រមាណ ២៦៤ លានដុល្លារ និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧ លានដុល្លារ ។

ក្រសួងបានបញ្ជាក់ថា អ្នកទេសចរបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស គឺមានអ្នកទេសចរស្នាក់នៅចាប់ពី ១ យប់ មានប្រមាណ ៤០%  ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ ២៨%, ជាក្រុម ៥% និងបុគ្គល ៦% និងទេសចរកម្សាន្តវិលល្ងាច មានប្រមាណ ៦០% ។ ប្រភពផ្លូវការរបស់រដ្ឋខាងលើបញ្ជាក់ថា ទេសចរស្នាក់នៅចាប់ពី ១ យប់ ចំណាយសរុបប្រមាណ ១៨៦ លានដុល្លារដែលធ្វើដំណើរជាគ្រួសារចំណាយជាមធ្យមប្រមាណ ១៦១ ដុល្លារក្នុងថ្ងៃ ស្មើនឹង ៤០២ ដុល្លារក្នុងដំណើរកម្សាន្តមួយលើកនោះ ។ ទេសចរជាក្រុមចំណាយជាមធ្យមប្រមាណ ២៩៤ ដុល្លារក្នុងមួយថ្ងៃ ស្មើនឹង ៧៣៥ ដុល្លារក្នុងដំណើរកម្សាន្តម្តងនោះ ។ ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ ៤៥ ដុល្លារក្នុងថ្ងៃ ស្មើនឹង ១០៨ ដុល្លារសម្រាប់ការដើរកម្សាន្តមួយលើកនោះ រីឯទេសចរកម្សាន្តវិលល្ងាចចំណាយសរុបប្រមាណ ៧៨ លានដុល្លារ ចំណាយម្នាក់ជាមធ្យមប្រមាណ ២៤ ដុល្លារក្នុងមួយថ្ងៃ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា ខេត្តដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម ចំនួន ៥៤ លានដុល្លារ ខេត្តព្រះសីហនុ ចំនួន ៤៨ លានដុល្លារ ខេត្តបាត់ដំបង ចំនួន ៣១ លានដុល្លារនិង ខេត្តសៀមរាប ចំនួន ៣០ លានដុល្លារ ។

សូមជម្រាបថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៣ ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍ ១ ថ្ងៃទៀតនោះ ខេត្តដែលទទួលអ្នកទេសចរច្រើនជាងគេ គឺខេត្តបាត់ដំបង ទទួលអ្នកទេចរបានដល់ ៦៥៣.៨៩៦ នាក់ក្នុងចំណោមអ្នកដើរកម្សាន្តជាង ៥ លាននាក់នោះ ។ ខេត្តទី ២ គឺខេត្តកំពង់ចាម មានចំនួន ៥៤១.៩០០ នាក់ បន្ទាប់មកខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់ ខេត្តសៀមរាប ប៉ូលទេសចរពិសេសរបស់កម្ពុជាទទួលបាន ៤៥៥.៩៨៤ នាក់ ចំណែកខេត្តប៉ូលសមុទ្រស្ថិតនៅលេខទី ១០ ក្នុងចំណោម ១១ ខេត្តក្រុងនោះ គឺទទូលបានអ្នកទេសចរ ២៦៤.៣០៨ នាក់ ។ តាមការគិតគូររបស់ក្រសួងទេសចរណ៍ខាងលើ ឃើញថា ទោះខេត្តបាត់បំដង ទទួលចំនួនភ្ញៀវជាងគេ តែទទួលចំណូលតិចជាងខេត្តកំបង់ចាម និងសៀមរាបទេ ។ 

ទោះយ៉ាងណាឯកឧត្តម ថោង ខុន បានបញ្ជាក់ថា បើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០ លានដុល្លារ (ជាមួយមេគុណប្រសិទ្ធភាព ២) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ