ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ដ្ឋា​ន​របស់​កម្មករ​កម្មការិនី ត្រូវ​គេ​បោះបង់​ចោល​ក្លាយជា​កន្លែង​ស្ងាត់ជ្រងំ(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • កំពង់ចាម

លំនៅ​ដ្ឋា​ន​សាងសង់​ពី​បេតុង​ប្រក់​ស៊ី​ប្រូ​ស៊ីម៉ង់​តិ៍ ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ស្វាយមាស ក្នុង​ឃុំ​តា​អុង ស្រុក​ចំការលើ ជា​ច្រើន​ខ្នង ត្រូវ​បាន​គេ​បោះបង់​ចោល ដែល​មើលទៅ​ពិតជា​គួរ​ឲ្យ​ស្រណោះ និង​អាឡោះអាល័យ

ខេត្តកំពង់ចាម ៖ លំនៅ​ដ្ឋា​ន​សាងសង់​ពី​បេតុង​ប្រក់​ស៊ី​ប្រូ​ស៊ីម៉ង់​តិ៍ ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ស្វាយមាស ក្នុង​ឃុំ​តា​អុង ស្រុក​ចំការលើ ជា​ច្រើន​ខ្នង ត្រូវ​បាន​គេ​បោះបង់​ចោល ដែល​មើលទៅ​ពិតជា​គួរ​ឲ្យ​ស្រណោះ និង​អាឡោះអាល័យ​។ ជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​ដែល​ធ្លាប់ តែ​គួរ​ប្រែ​ក្លាយទៅជា​ស្ងាត់ជ្រងំ ហើយ​នៅ​ពេល​យប់​ខណៈ​ពេល​ជិះ​កង់ ឬ​ម៉ូតូ​ឆ្លងកាត់​តំបន់​នោះ ព្រឺ​ឆ្អឹងខ្នង​គួរ​ឱ្យ​ខ្លាច​ទៀត​ផង​។

បើ​តាម​អ្នកស្រី ស៊ី​ម ងា​ន់ អាយុ​៦២​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២២​ថា រាល់ថ្ងៃ​គាត់​លក់ដូរ​របស់​ហូប ក្នុង​នោះ​មាន​ភេសជ្ជៈ និង​របស់​ផ្សេង​ទៀត​នៅ​ក្រោម​ម្លប់​ដើមឈើ​ក្បែរ​មាត់​ច្រកចូល​មូលដ្ឋាន​ស្វាយមាស សម្រាប់​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​។ ដោយ​គាត់​បាន​លក់ដូរ​ជាមួយនឹង​ប្ដី​ឈ្មោះ ធូ រ៉េ​ត អាយុ​៦៤​ឆ្នាំ តែ​លក់​មិនសូវ​ដាច់​ដូច​កាលពីមុន​នោះ​ទេ​។

អ្នកស្រី​ស៊ី​ម ងា​ន់ បាន​រំលឹក​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​១៩៩៣ ប្ដី​របស់​គាត់​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុនចំការកៅស៊ូ​ចំការអណ្ដូង ដោយ​ទទួលភារៈ​ជា​ផ្នែក​ដឹក​ជញ្ជូន​ទឹក​ជ័រកៅស៊ូ ហើយ​ក្នុង​គ្រានោះ គឺ​គេ​ឱ្យ​រស់នៅ​ក្នុងផ្ទះ​បេតុង​ស៊ី​ប្រូ​ស៊ីម៉ង់​តិ៍ នៅ​ក្បែរ​នឹង​មាត់​ច្រកចូល​មូលដ្ឋាន​ចំការ​ស្វាយមាស រួម​ជាមួយនឹង​ផ្ទះ​កម្មករ​កម្មការិនី​ផ្សេង​ទៀត​ជា​ច្រើន ក្នុងភូមិ​៣២ ឃុំ​តា​អុង ស្រុក​ចំការលើ ដែល​មាន​ផ្ទៃដី​ទំហំ​១៥​គុណ​នឹង​៣០​ម៉ែត្រ ជា​ដី​របស់​រដ្ឋ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ទៀត ពេល​ដែល​ក្រុមហ៊ុនចំការកៅស៊ូ​នេះ ត្រូវ​បាន​វិនិយោគ​ទៅ​ឱ្យ​ឯកជន​នោះ ក៏​ត្រូវ​បាន​គេ​ឱ្យមក​រស់នៅ​ទីតាំង​ថ្មី​ដែល​មាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​កន្លែង​ចាស់ សម្រាប់​គ្រួសារ​របស់​គាត់ (​ស៊ី​ម ងា​ន់​) ទទួល​បាន​ដី​ទំហំ​ដូច​នៅ​កន្លែង​ចាស់​ដោយ​ផ្ដល់​ជា​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​ក្រោយ​ពី​ប្តី​ចូល​និវត្តន៍​ក៏​បាន​មក​ជួយ​លក់ដូរ​គាត់​ផង​ដែរ​។ តាម​ការ​កត់សម្គាល់​ភូមិ​ដែល​បង្កើត​ថ្មី​នេះ គឺ​មាន​អតីត​កម្មករ​កម្មការិនី​ចំការ​កៅស៊ូ​មក​ពី​ភូមិ​៣១ ៣២ និង​៣៣ ដោយ​រស់នៅ​ជុំ​គ្នា​កើន​រហូត​ដល់​ជាង​៣០០​គ្រួសារ​។

ចំណែក​លោក ខែ​ម យ៉ង់ មេឃុំ​តា​អុង ក៏​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា អតីត​កម្មករ​កម្មការិនី​រស់នៅ​ភូមិ​៣១ ៣២ និង​៣៣ ក្នុង​មូលដ្ឋាន​ស្វាយមាស ឃុំ​តា​អុង​នេះ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឲ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ក្នុងភូមិ​បាំង​១ បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ។ ក្រោយមក ដោយសារ​ភូមិ​៣១ ៣២ និង​៣៣ នេះ មិន​មាន​មនុស្ស​រស់នៅ ក៏​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​លុប​ភូមិ​ទាំង​បី​នេះ​ចេញពី​បញ្ជី​។ ហើយ​ក្នុង​នាម​ជា​អាជ្ញាធរ​ឃុំ មិន​ទាន់​លេចឮ​មាន​អ្នក​ភូមិ​ថា ម្នាក់​ៗ​និយាយ​ជិះ​កង់ និង​ម៉ូតូ​ឆ្លងកាត់​នៅ​ពេល​យប់​ក្នុង​តំបន់​អតីត​មូលដ្ឋាន​ស្វាយមាស​នេះ ត្រូវ​ខ្មោចលង​នោះ​ទេ​។

សូម​បញ្ជាក់​ថា តាម​ការ​កត់សម្គាល់​ដោយ​ផ្ទាល់ ក្រោយ​ពី​មានការ​ចាកចេញ​របស់​កម្មករ​កម្មការិនី​អតីត​ក្រុមហ៊ុនចម្ការកៅស៊ូ​ចំការអណ្ដូង រហូត​មក​ដល់​ពេល​នេះ មូលដ្ឋាន​ស្វាយមាស នៅ​មិន​ទាន់​មានការ​អភិវឌ្ឍ ឬ​ដាំ​ដុះ​ដំណាំ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ គឺ​គេ​ឃើញ​តែ​ផ្ទះថ្ម​សាងសង់​ផ្ទាល់​ដី​ចាស់​ៗ ហើយ​ក្នុង​នោះ​ក៏​មាន​ភាគតិច​ណាស់ ដែល​មិន​ទាន់​បាន​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី គឺ​គាត់​សុខចិត្ត​រស់នៅ​ទីតាំង​ចាស់​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ