ខេត្តព្រះសីហនុ ៖ សាកសពចំនួន១៣នាក់ ក្នុងចំណោមសាកសពទាំង១៩នាក់ ត្រូវបានសាច់ញាតិបូជានៅវត្តឥន្ទញាណ ហៅវត្តក្រោម កាលពីថ្ងៃទី៥ មីនា។ រីឯសាកសពចំនួន៥នាក់ត្រូវសាច់ញាតិដឹកបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតទាំងយប់កាលពីថ្ងៃទី៤ មីនានោះ ឯស្រុកគិរីវង់ ខេត្តតាកែវ ចំពោះសាកសពម្នាក់ទៀតជាអ្នកបើកបររថយន្តដឹកដែកត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យទាំងមានការលាក់លៀម ព្រោះតែខ្លាចដោយសារគ្រោះថ្នាក់ដ៏រន្ធត់នេះត្រូវគេចោទប្រកាន់ថា រថយន្តដឹកដែកជាអ្នកបង្ក។ បន្ទាប់ពីបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏មហារន្ធត់កើតឡើង បណ្តាលឱ្យមនុស្សស្លាប់ស្ទើរទាំងអស់នៅក្នុងរថយន្តទួរីសដែលបើកបរបញ្ច្រាសទិសគ្នា។
តាមប្រភពពីលោកព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ជើងគោកខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី៤ មីនា នៅលើផ្លូវជាតិលេខ៤ មានគ្រោះថ្នាក់ចរាចរណ៍ដ៏មហារន្ធត់មួយកើតឡើងនៅចំណុចភូមិពូធឿង ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ព្រំប្រទល់សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបង្កឡើងដោយរថយន្តម៉ាក A SIA ប្រភេទដឹកទំនិញធុនធ្ងន់ (ដឹកដែក) ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-0935 បើកបរដោយឈ្មោះភេន សុផល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្តនោះជាកម្មសិទ្ធិរបស់ឈ្មោះលៀង សុខងេង ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ។ លុះទៅដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកបង្គោលសុវត្ថិភាពបាក់ចំនួន៤ដើម រួចក៏រេចង្កូតទៅបុករថយន្ត១គ្រឿងទៀតម៉ាកសាន់យ៉ុង ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-9067 បើកបរដោយឈ្មោះអ៊ាង ចាន់ថុល ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្តឈ្នួល មានស្រុកកំណើតភូមិរំចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
លោកបន្តថា ជនរងគ្រោះដល់ជីវិតចំនួន១៩នាក់មាន ១-ឈ្មោះភេន សុផល ភេទប្រុស អាយុ២៧ឆ្នាំ (អ្នកបើកបររថយន្តដឹកដែក) ២-ឈ្មោះអ៊ាង ចាន់ថុល ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកបើកបររថយន្តទួរីស) ៣-ឈ្មោះសោម លាំ ភេទប្រុស អាយុ៦០ឆ្នាំ ៤-ឈ្មោះអ៊ុក កេន ភេទស្រី អាយុ៦៣ឆ្នាំ ៥-ឈ្មោះលន់ កាន ភេទស្រី អាយុ៥០ឆ្នាំ ៦-ឈ្មោះសឹម គឹមឡាន ភេទស្រី អាយុ៤០ឆ្នាំ ៧-ឈ្មោះសឹម សាអែម ភេទស្រី អាយុ៣០ឆ្នាំ ៨-ឈ្មោះសឹម កុសល ភេទប្រុស អាយុ២៥ឆ្នាំ ៩-ឈ្មោះសូរ សុវង់ ភេទប្រុស អាយុ២៧ឆ្នាំ ១០-ឈ្មោះសឹម សេង ភេទប្រុស អាយុ៣៦ឆ្នាំ ១១-ឈ្មោះឃុន សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ ១២-ឈ្មោះផូល សុផាត ភេទប្រុស អាយុ៦ឆ្នាំ ១៣-ឈ្មោះសៀន សុវិន ភេទប្រុស អាយុ៣ឆ្នាំ ១៤-ឈ្មោះជួន លីលី ភេទស្រី អាយុ១០ឆ្នាំ ១៥-ឈ្មោះសោម អូន ភេទស្រី អាយុ៥០ឆ្នាំ ១៦-ឈ្មោះឃុន រ៉េក ភេទស្រី អាយុ២២ឆ្នាំ ១៧-ឈ្មោះសាំ ហួយគីង ភេទប្រុស អាយុ៦ឆ្នាំ ១៨-ឈ្មោះងិន ចាប ភេទស្រី អាយុ៦៣ឆ្នាំ និង១៩-ឈ្មោះឈូក ចំរើន ភេទប្រុស អាយុ១៣ឆ្នាំ។ រីឯអ្នករងរបួសមាន ១-ឈ្មោះសាំ តរណា ភេទស្រី អាយុ១៧ឆ្នាំ ២-ឈ្មោះកែវ ផាណែត ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះស៊ី ណា ភេទប្រុស អាយុ៣៧ឆ្នាំ ៤-ឈ្មោះផន សុភ័ក្រ ភេទប្រុស អាយុ១៥ឆ្នាំ ៥-ឈ្មោះភក្ត្រា ភេទប្រុស អាយុ២០ឆ្នាំ ៦-ឈ្មោះឃល សោភា ភេទស្រី អាយុ១៤ឆ្នាំ ៧-ឈ្មោះអាវី ភេទប្រុស អាយុ១៨ឆ្នាំ និង៨-ឈ្មោះស៊ុម រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ ទំនងជាព្រូឡានដឹកដែក។
លោកព្រហ្ម ពៅ បានបន្តទៀតថា ក្រោយពីប្រមូលសព និងវាស់វែងរួច សមត្ថកិច្ចបានប្រគល់សំភាររបស់ជនរងគ្រោះទៅឱ្យសាច់ញាតិដែលមានឈ្មោះសោម ចិត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិកអង្គការប្រឆាំងការជួញដូរ និងការពារអនីតិជន មានទីលំនៅក្រុម២៩ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះសោម ចាន់វីរីយា ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកូកា-កូឡា មានទីលំនៅផ្ទះលេខ៤៣ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលសំភាររួមមាន ១-កងដៃចំនួន២២កង, ២-ចិញ្ជៀនចំនួន៩វង់, ៣-ខ្សែ.កចំនួន១ខ្សែ និងក្រវិល១គូ, ៤-ទូរស័ព្ទដៃចំនួន៣គ្រឿង និងប្រាក់ចំនួន៩០.៨៦០០រៀល, ៥-ប្រាក់ដុល្លារចំនួន៣៥ដុល្លារ, ៦-ខ្សែដៃ១ខ្សែ និងប្រាក់៣.០០០រៀល។
គួររំលឹកថា អ្នកស្លាប់ និងរងរបួសទាំងអស់លើកលែងតែអ្នកបើកបររថយន្តដឹកដែកដែលស្លាប់ និងព្រូដែលរបួស ពួកគេទាំងអស់គ្នាគឺជាសាច់ញាតិធ្វើដំណើរពីខេត្តតាកែវ ទៅចូលរួមមង្គលការបងប្អូននៅក្រុងព្រះសីហនុ មិននឹកស្មានថាជួបគ្រោះអកុសលបែបនេះឡើយ៕
ចែករំលែកព័តមាននេះ