ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា មានតំបន់ការពារធម្មជាតិ ៧៤កន្លែង ត្រូវបានអភិវឌ្ឍ ជាទេសចរណ៍ធម្មជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ ក្រសួងបរិស្ថាន​ បានប្រកាសថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាំមកនូវចំណូល សម្រាប់ជួយ​គ្រប់គ្រងបណ្តាញតំបន់ការពារដ៏ធំល្វឹងល្វើយរបស់កម្ពុជា និងការពារសេវាកម្មអេកូឡូស៊ី ដែលផ្តល់​ដោយធនធានធម្មជាតិ។ មកដល់ពេលសព្វថ្ងៃនេះ កម្ពុជា…

​ភ្នំពេញ៖ ក្រសួងបរិស្ថាន​ បានប្រកាសថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាំមកនូវចំណូល សម្រាប់ជួយ​គ្រប់គ្រងបណ្តាញតំបន់ការពារដ៏ធំល្វឹងល្វើយរបស់កម្ពុជា និងការពារសេវាកម្មអេកូឡូស៊ី ដែលផ្តល់​ដោយធនធានធម្មជាតិ។ មកដល់ពេលសព្វថ្ងៃនេះ កម្ពុជា បានបង្កើតតំបន់ការពារធម្មជាតិប្រទាក់ឡាគ្នា ចំនួន  ៧៤កន្លែង គ្របដណ្តប់លើផ្ទៃដី ៤១% នៃផ្ទៃដីប្រទេសទាំងមូល។

​ក្រសួងបរិស្ថាន ប្រកាសថា កន្លងមក ក្រសួង​ បានពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលមានរហូតមកទល់ពេលនេះ មាន ១៧៨ សហគមន៍ ការអប់រំផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពតាមគ្រប់មធ្យោបាយ និងការបំផុសស្មារតី «កម្ពុជាមាតុភូមិខ្ញុំ» ដែលបានប្រែក្លាយវិស័យបរិស្ថាន ទៅជា «ក្រវ៉ាត់បៃតង»។

ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិ រួមមាន ព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខ ក្រសួងបរិស្ថានបានផ្តល់ការ​គាំទ្របច្ចេកទេស ថវិកា ពូជសត្វ ដំណាំ និងកិច្ចសម្របសម្រួលជាមួយផ្សារទំនើបមួយចំនួន ដើម្បីដាក់លក់​ផលិតផល សហគមន៍ ហើយកំពុងបន្តជំរុញលើកកម្ពស់ស្ថានភាពជីវភាពសហគមន៍ តាមរយៈការសម្រប​សម្រួលកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គការជាដៃគូ និងផ្នែកឯកជនពាក់ព័ន្ធ ក្នុងការអនុវត្ត​គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាអាទិ៍ កសិកម្មទំនើប អភិវឌ្ឍន៍ជនបទ អេកូទេសចរណ៍ ការអប់រំ​សម្រាប់​ទាំងអស់គ្នា សុខភាពសហគមន៍ មន្ទីរពេទ្យ បង្គន់អនាម័យ ទឹកស្អាត និងអាហារូបត្ថម្ភ ជាដើម​។

ក្រសួងបរិស្ថាន ក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពសហគមន៍​ទេសចរណ៍ធម្មជាតិផងដែរ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ចជាតិ ហើយបានចូលរួមពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សា​ជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ក្រសួងបរិស្ថាន ក៏បានកត់សម្គាល់ថា  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលទើបបានបញ្ចប់នាពេលថ្មីៗ ប្រជាពលរដ្ឋបានជួបជុំគ្នា សប្បាយរីករាយនៅតាមមូលដ្ឋាន ជាពិសេសបានធ្វើដំណើរទេសចរណ៍ នៅតាមរមណីយដ្ឋាន តំបន់កម្សាន្ត ដែលមានទេសភាព និងធម្មជាតិស្អាតៗ ប្លែកៗ នៅទូទាំងប្រទេស។

នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានជំរុញ​ឱ្យបន្ត​អនុវត្តន៍កម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយ ជួយដល់កំណើន​ជីវភាព​ប្រជាសហគមន៍ នៅតាមមូលដ្ឋាន និងបានចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្ស​ធនធានធម្មជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ