ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ម វណ្ណៈ និង​ឌុ​ម កែវ​ដា ដល់​ជុំ​ប៉ះ​ថៃ​លើ​សង្វៀន​អន្តរជាតិ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​សម្រាក​ចំនួន​១​ស​ប្ដា​ហ៍​អបអរ​បុណ្យ​ភ្ជុំ នៅ​ថ្ងៃ​សៅរ៍ ទី​៨ តុលា ​សប្តាហ៍នេះ ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​របស់​ព្រឹត្តិ​ការណ៍​ប្រដាល់​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​សម្រាក​ចំនួន​១​ស​ប្ដា​ហ៍​អបអរ​បុណ្យ​ភ្ជុំ នៅ​ថ្ងៃ​សៅរ៍ ទី​៨ តុលា ​សប្តាហ៍នេះ ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​របស់​ព្រឹត្តិ​ការណ៍​ប្រដាល់​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ នឹង​ដល់​ថ្ងៃ​កំណត់​ទៀត​ហើយ ។ កីឡាករ​២​រូប គឺ រឿ​ម វណ្ណៈ និងឌុ​ម កែវ​ដា នឹង​ធ្វើ​ជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​ទៅ​កាន់​វគ្គ​បន្ត ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រដាល់​ដែល​មានឈ្មោះ​ថា «​ប្រដាល់​អន្តរជាតិ​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​» កាន់តែ​ធ្វើ​ឱ្យ​ទាក់ទាញ​ទ្វេ​ដង ដោយសារ​តែ​ការ​ប្រកួត​សម្រាប់​ថ្ងៃ​សៅរ៍​នេះ កាន់តែ​លេចឡើង​នូវ​លទ្ធផល​ច្បាស់លាស់​សម្រាប់​អ្នក​ឈ្នះ ។ ការ​ប្រកួត​មួយ​នេះ​លោក​ថា កីឡាករ​ទាំង​ខ្មែរ និង​បរទេស នឹង​ឃើញ​ពី​ការ​ឈាន​ឡើង​របស់​ខ្លួន​ឱ្យ​តែ​រកបាន​៣​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា នេះ​ជា​ការ​ប្រកួត​ដែល​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ មិន​អាច​ប្រហែស​បាន​។ ក្នុង​ចំណោម​កីឡាករ​កម្ពុជា មាន​តែ​កីឡាករ​វ័យក្មេង ឌុ​ម កែវ​ដា ម្នាក់​ប៉ុណ្ណោះ ដែល​រកបាន​៦​ពិន្ទុ​ក្នុង​ការ​ប្រកួត​បើក​ឆាក​កាល​ជុំ​ទី​១ និង​ទទួល​បាន​៣​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ​លើក​ទី​២ ខណៈ​ដែល​ស​ប្ដា​ហ៍​នេះ​គេ​នឹង​ប៉ះ​កីឡាករ​ថៃ​ដណ្ដើម​យក​៣​ពិន្ទុ​បន្ថែម​ទៀត​ដើម្បី​ប្រាកដ​ថា ពិតជា​បាន​ឈាន​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​។

លោក​ថា អ្នកមាន​ពិន្ទុ​នាំមុខ​ទាល់តែ​ឈ្នះ​នៅ​ថ្ងៃ​ប្រកួត​បន្តបន្ទាប់​ទើប​អាច​កំណត់​ពី​ជោគវាសនា​របស់​ខ្លួន​បាន តែបើ​ចាញ់ គឺ​មិន​ខុស​ពី​រុញ​ខ្លួនឯង​ឱ្យ​បាត់​ឱកាស​ដណ្ដើម​ពាន​នោះ​ទេ ដោយសារ​តែ​កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​មាន​ពិន្ទុ​ប្រកៀក​ប្រកិត​គ្នា​រៀងខ្លួន ។ កីឡាករ​កម្ពុជា​ផ្សេង​ទៀត ដែល​មិន​ទាន់​មាន​ពិន្ទុ​ស្មើនឹង ឌុ​ម កែវ​ដា ក៏​មាន​សង្ឃឹម​ខ្ពស់​ប្រសិនបើ​ការ​ប្រកួត​របស់​គេ​សម្រាប់​ថ្ងៃ​សៅរ៍​នេះ និង​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​ក្រោយ​ទទួល​បាន​ជ័យជម្នះ ។ លោក​និយាយ​ថា​៖«​ការ​ប្រកួត​ហ្នឹង​គឺ​គេ​ឱ្យ​ថៃ​ប៉ះ​ខ្មែរ​ទាល់តែ​អស់ ប៉ុន្តែ​ដល់​ពេល​គិត​ពិន្ទុ គឺ​ខាង​ថៃ​គិត​ខាង​ថៃ ហើយ​ខាង​ខ្មែរ​គិត​ខាង​ខ្មែរ ដល់​អីុចឹង​ថៃ​ដែល​ឈ្នះ​ភាគច្រើន តែ​មាន​ពិន្ទុ​ទាប​ជាងគេ​ក្នុង​ក្រុម​ថៃ​គង់តែ​ធ្លាក់​ដដែល​ទេ ទើប​ខ្ញុំ​ថា អ្នក​ចាញ់​អត់​ទាន់​ដឹង​ទេ ដោយសារ​យើង​ទើបតែ​ប្រកួត​ចប់​៤​ស​ប្ដា​ហ៍​!» ។

លោក​ថា សមាសភាព​កីឡាករ​ដែល​មានមុខ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ សរុប​មាន​ចំនួន​៨​រូប​ដូច​ជា​ម្ចាស់​ខ្សែក្រវាត់ K-Cement ឆៃ សា​រ៉ា មក​ពី​ក្លិប​ក្រសួងការពារជាតិ កីឡាករ​ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដែល​បាន​ចាញ់​ការ​ប្រកួត​រួច​ទៅ​ហើយ កីឡាករ រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​បន្ទាយមានជ័យ និង​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ដោយ​ក្នុង​ចំណោម​ពួក​គេ​ទើបតែ​មាន ឌុ​ម កែវ​ដា ម្នាក់​គត់​ដែល​រកបាន​៦​ពិន្ទុ​មុនគេ និង​កំពុង​ត្រៀម​យក​៣​ពិន្ទុ​បន្ថែម​ទៀត​នៅ​ស​ប្ដា​ហ៍​នេះ​។  សម្រាប់​កីឡាករ​ថៃ​លោក​ថា មាន​សុទ្ធតែ​កីឡាករ​ល្អ​ៗ​ទាំងអស់​ដូច​ជា​ជើង​ខ្លាំង Aram Boy  កីឡាករ Pha  Yalek កីឡាករ Pravit និង​កីឡាករ Yort  Sayam ។

សមាសភាព​កីឡាករ​ដែល​ត្រូវ​ប្រកួត​នៅ​រសៀល​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​រួម​មាន កីឡាករ រឿ​ម វណ្ណៈ ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Aram Boy ដើម្បី​ប្រជែង​យក​៣​ពិន្ទុ​ទៅ​កាន់​វគ្គ​បន្ត ។ មួយគូ​ទៀត គឺ​កីឡាករ​កម្ពុជា ឌុ​ម កែវ​ដា ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Pha Yaklek ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ពូ​ល​ថៃ ។ ជំនួប​របស់​ពួក​គេ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ពេញទំហឹង ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​ត្រូវការ​៣​ពិន្ទុ​ដើម្បី​គេច​ចេញពី​ការ​ហាលអាវ​ក្នុង​ពេល​គិត​ពិន្ទុ ។ ជា​ពិសេស​ចំពោះ​កីឡាករ​កម្ពុជា រឿ​ម វណ្ណៈ បើ​ភ្លាត់​ចាញ់​ថៃ គឺ​មិន​ខុស​ពី​ធ្លាក់​ស្វ័យប្រវត្តិ​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ ឌុ​ម កែវ​ដា បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត បើ​ទោះជា​មាន​លទ្ធផល​មិនល្អ​ក្នុង​ការ​ប្រកួត​លើក​នេះ​ក៏​ដោយ ។

កីឡាករ រឿ​ម វណ្ណៈ និង ឌុ​ម កែវ​ដា សុទ្ធតែ​អះអាង​ថា ព្រឹត្តិការណ៍​ដណ្ដើម​ពិន្ទុ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ សំខាន់​ក្នុង​ការ​ប្រជែង​យក​ជើងឯក ទើប​ម្នាក់​ៗ​យល់​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ គឺ​សំខាន់ ។ កីឡាករ​ទាំង​ពីរ​បាន​អះអាង​ថា ពួក​ខ្លួន​មានការ​ប្រឹងប្រែង​សំបើម​ណាស់​ក្នុង​ការ​ហ្វឹកហាត់ ដោយសារ​ម្នាក់​ៗ​មាន​បំណង​តែ​មួយ​គត់ គឺ​ចង់​ឈាន​ឡើង​ក្រេ​ឌី​ត និង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មើលឃើញ​ពី​ការ​ប្រឹងប្រែង​របស់​ខ្លួន​គេ​នៅ​លើ​សង្វៀន​។ យ៉ាងណាមិញ លោក ញាណ សុធី ហាក់​មិន​ហ៊ាន​រំពឹង​ថា ការ​ប្រកួត​របស់​កីឡាករ​ទាំង​៤​រូប កីឡាករ​កម្ពុជា​នឹង​ឈ្នះ​កីឡាករ​ថៃ​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​ថៃ​បាន​បន្ត​ឈ្នះ​កីឡាករ​កម្ពុជា​ជា​បន្តបន្ទាប់ ។ ​លោក​យល់​ថា ឌុ​ម កែវ​ដា ដ្បិតថា​ទទួល​បាន​៦​ពិន្ទុ ប៉ុន្តែ​៣​ពិន្ទុ​លើក​ទី​២​ជា​ពិន្ទុ​ដែល​បាន​ពី​កីឡាករ​មាន​របួស​ហើយ​បោះបង់​សិទ្ធិ​ប្រកួត​ប៉ុណ្ណោះ ។ ការ​ប្រកួត​លើក​នេះ នឹង​ក្លាយជា​ការ​ប៉ះ​គ្នា​ដែល​កីឡាករ រឿ​ម វណ្ណៈ និង ឌុ​ម កែវ​ដា ម្នាក់​ៗ​សុទ្ធតែ​ត្រូវការ​ឈ្នះ ដោយសារ​តែ​ពួក​គេ​ចង់បាន​តំណែង​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ ដែល​ទើប​ចាប់ដៃ​បង្កើត​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​កីឡាប្រដាល់​ជាមួយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ៕