ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូ​កុងតឺន័រ​ផ្ទុកទំនិញ​នាំចូល​​ពី​​ចិន​ទើប​ទម្លាក់​ចុះ​ពីលើ​រថយន្ត​ បាន​ជាង​៣​ម៉ោង​ ស្រាប់តែ​មាន​ភ្លើង​ឆេះទៅវិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពុំ​មាន​នរណា​ម្នាក់​បានដឹង​ទេ​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឡើយ នៅ​សុខ​ៗ​ស្រាប់តែ​ទូ​កុងតឺន័រ​១ ដែល​ផ្ទុក​ដោយ​ទំនិញ​ចម្រុះ​ច្រើន​មុខ​នាំ​ចូល​មក​ពី​ប្រទេស​ចិន មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ត្រូវ​ភ្លើង​ឆាបឆេះ ដែល​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​រ​ភ្ញាក់ផ្អើល កាលពី​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ពុំ​មាន​នរណា​ម្នាក់​បានដឹង​ទេ​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឡើយ នៅ​សុខ​ៗ​ស្រាប់តែ​ទូ​កុងតឺន័រ​១ ដែល​ផ្ទុក​ដោយ​ទំនិញ​ចម្រុះ​ច្រើន​មុខ​នាំ​ចូល​មក​ពី​ប្រទេស​ចិន មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ត្រូវ​ភ្លើង​ឆាបឆេះ ដែល​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​រ​ភ្ញាក់ផ្អើល កាលពី​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមេសា​នេះ នៅ​ក្នុង​ផែស្ងួត​ហុង ឡេ​ង​ហួរ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​ការ​ស្ទូច​ដាក់ចុះ​ពីលើ​រថយន្ត​តម្កល់​ទុក នៅ​ក្នុង​ផែស្ងួត​ហុង ឡេ​ង​ហួរ បាន​ត្រឹមតែ​រយៈពេល​៣​ម៉ោង​កន្លះ​ប៉ុណ្ណោះ ហើយ​ភ្លាម​ៗ​នោះ បើ​ទោះបីជា​បុគ្គលិក​កម្មករ​នៅ​ក្នុង​ផែស្ងួត​ខាងលើ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​តូច ធំ​ជា​ច្រើន​បំពង់ ព្រមទាំង​ប្រើ​ទុយោ​ទឹក​ទៅ​បាញ់​ពន្លត់​យ៉ាងណា​ក៏​ភ្លើង​មិន​រលត់​ឡើយ ។

រហូត​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​ប្រើ​គ្រឿងចក្រ​ស្ទូច​លើក​បំបះ​ទូ​កុងតឺន័រ​ចាក់​ទំនិញ​ក្នុង​នោះ​ចេញ​ក្រៅ​ទើប​ពន្លត់​រលត់​ទាំងស្រុង ។

កម្មករ​ដែល​បម្រើ​ការងារ​នៅ​ផែស្ងួត​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទូ​កុងតឺន័រ​ដែល​រង​នូវ​ការ​ឆាបឆេះ​នេះ​ទើបតែ​ដឹក​តាម​រថយន្ត​មក​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​ដល់​ផែស្ងួត និង​ទម្លាក់​ចុះ កាលពី​វេលា​ម៉ោង​៣​យប់​ទៀប​ភ្លឺ ថ្ងៃ​កើតហេតុ​នេះ​ប៉ុណ្ណោះ ។
ដោយនៅ​ក្នុង​មាន​ផ្ទុក​ទៅ​ដោយ​ទំនិញ​ជា​ចម្រុះ​ជា​ច្រើន​មុខ រួម​មាន​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ម៉ូ​ទ័​រ​បូម​ខ្យល់ គ្រឿង​ជ័រ​ប្លា​ស្ទិ​ក​ជាដើម ដែល​នាំ​ចូល​ពី​ប្រទេស​ចិន និង​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។

ក្រោយ​ពី​ការ​ទម្លាក់​ចុះ​ពី​រថយន្ត​រួចរាល់​ទំនិញ​ទាំង​អស់នោះ​បាន​ស្ថិត​នៅ​ក្នុង​ទូ​កុងតឺន័រ​នេះ ដោយ​ម្ចាស់​ពុំ​ទាន់​បាន​រើ​ចេញ​ក្រៅ និង​ដឹក​ជញ្ជូន​ចេញ​ទៅ​កាន់​ឃ្លាំង​របស់​ខ្លួន​នៅឡើយ​ទេ ។

កម្មករ​ខាងលើ​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​បង្ក​ឡើង​ដោយសារ​តែ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​ទូ​កុងតឺន័រ​បិទ​ជិត​គ្មាន​ប្រហោង​ដែល​អាច​គេ​លួច​ដុត ឬ​បោះ​កន្ទុយបារី​ចូល​ទៅ​បាន​ឡើយ ។

ម្យ៉ាងទៀត សូ​ម្បី​តែ​សមត្ថកិច្ច​ក៏​ពុំ​ទាន់​កំណត់​ពី​មូលហេតុ​នេះ​បាន​ដែរ ប៉ុន្តែ​មានការ​សន្និដ្ឋាន​មិន​ផ្លូវការ​ថា អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​គ្រឿង​អេ​ឡិច​ត្រូ​និក​ណាមួយ ដែល​ជា​ទំនិញ​នៅ​ក្នុង​នោះ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា នៅ​ពេល​កើតហេតុ មាន​អ្នកបើកបរ​រថយន្ត​នៅ​ក្នុង​ផែស្ងួត​ខាងលើ​នោះ​បាន​ដើរទៅ​រក​កន្លែង​បន្ទោ​របង់​ដោយ​ដើរ​ឆ្លងកាត់​តាម​ទីនោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ទូរ​កុងតឺន័រ​ខាងលើ ។ ខណៈនោះ​បាន​ស្រែក​ប្រាប់​គ្នា ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក ភ្លាម​ៗ​នោះ​បុគ្គលិក​កម្មករ​ទាំងអស់ ដែល​ស្ថិត​នៅ​ក្នុង​ផែស្ងួត​នេះ នាំ​គ្នា​ពន្លត់​ទាំង​ស្លន់ស្លោ ដោយ​អ្នកខ្លះ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​តូច និង​ធំ​ជា​ច្រើន​បំពង់​ទៅ​បាញ់​ពន្លត់ ។

រីឯ​អ្នកខ្លះ​ទៀត​បាន​យក​ទុយោ​ទឹក​ទៅ​បាញ់​ពន្លត់​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ​ភ្លើង​មិន​ត្រឹមតែ​មិន​ថមថយ ឬ​រលត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ទៀត​ផង ហើយដោយ​សារ​តែ​ពុំ​អាច​ទប់ទល់​បាន ទើប​ជូនដំណឹង​ដល់​អាជ្ញាធរ​ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​តែ​ម្ដង​។

ប្រភព​មួយ​នេះ​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​អាជ្ញាធរ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ទៅ​បាញ់​ពន្លត់​ភ្លាម​ៗ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​កំ​បូល​១​គ្រឿង និង​រថយន្ត​ព​ន្ល់​អគ្គិភ័យ​អង្គភាព​៧១១ កងពលតូច​លេខ​៧០​ចំនួន​២​គ្រឿង ។ ប៉ុន្តែ​ដោយសារ​តែ​សម្ភារៈ​នៅ​ក្នុង​ទូ​កុងតឺន័រ​ពិបាក​ក្នុង​ការ​បាញ់​ពន្លត់​នោះ​ទើប​អាជ្ញាធរ​ប្រាប់​ឲ្យ​ខាង​ផែស្ងួត​យក​គ្រឿងចក្រ​១​គ្រឿង ទៅ​ស្ទូច​បំបះ​ចាក់​សម្ភារៈ​ចេញពី​ក្នុង​ទូ​កុងតឺន័រ ។

បន្ទាប់​មក​ទើប​បាញ់​ទឹក​ពន្លត់​រហូត​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ដដែល​នោះ ហើយ​នៅ​ពុំ​ទាន់​ដឹង​ថា​ទំហំ​នៃ​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​គិត​ជា​ទឹកប្រាក់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ