ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ថ្ងៃ​ហើយ បញ្ហា​សំរាម​រាយ​ប៉ាយ​ពាស​វាល​ពាស​កាល​ក្នុង​ក្រុង​សែន​មនោ​រម្យ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ត្រូវ​បាន​បញ្ចប់ សំរាម​ត្រូវ​បាន​គេ​មើលឃើញ​ថា

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ត្រូវ​បាន​បញ្ចប់ សំរាម​ត្រូវ​បាន​គេ​មើលឃើញ​ថា រាយ​ប៉ាយ​ពាស​វាល​ពាស​កាល ខណៈ​ក្រុមហ៊ុន​ដេញថ្លៃ​ទទួលខុសត្រូវ​សំរាម​នៅ​ក្រុង​សែន​មនោ​រម្យ មិន​ទាន់​ដំណើរការ​ប្រមូល​សំរាម​ឡើង​វិញ ធ្វើ​ឲ្យ​មានការ​កកស្ទះ​សំរាម​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ​សាធារណៈ​ផង​ដែរ​។

ដើម្បី​ថែរក្សា​បរិស្ថាន​ល្អ​ស្អាត នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២២​នេះ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​បាន​ចុះ​ធ្វើ​យុទ្ធនាការ​សម្អាត​បរិវេណ​ក្នុង​ក្រុង​សែន​មនោ​រម្យ​តែ​ម្តង​។

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​បាន​ក្រើនរម្លឹក ក៏​ដូច​ជា ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ត្រូវ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង ព្រោះ​ឃើញ​ថា តាំងពី​មុន​ព្រះ​រាជពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ប្រមូល​សំរាម​វិល​ត្រឡប់​មក​ប្រមូល​សំរាម​ក្នុង​ក្រុង​សែន​មនោ​រម្យ​វិញ​ទេ ដូច​ច្នេះ​ហើយ​ទើប​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ប្រើប្រាស់​ធនធាន​ផ្ទាល់ ដើម្បី​ប្រមូល​សំរាម​ក្នុង​ក្រុង​សែន​មនោ​រម្យ នឹង​សំណូមពរ​ដល់​ស្ថាប័ន​សាធារណៈ និង​ឯកជន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួម​ធ្វើ​អនាម័យ និង​ថែរក្សា​បរិស្ថាន​ជា​ប្រចាំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ជាមួយ​អ្នក​ពាក់ព័ន្ធ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ការ​គ្រប់គ្រង​ទុកដាក់​សំរាម និង​សំណល់​រឹង​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​។

ការ​ធ្វើ​យុទ្ធនាការ​សម្អាត​ខាងលើ​នេះ នឹង​ក្លាយជា​ចរន្ត​ច​លករ​ដែល​ជំរុញ​អោយ​មានការ​ផ្តើម​ធ្វើ​សកម្មភាព​មេត្រីភាព​បរិស្ថាន​ចេញពី​បុគ្គល​ម្នាក់​ៗ ក្នុង​ការ​ចេះ​ទទួលខុសត្រូវ​ក្នុង​ការ​ទុកដាក់​សំរាម សំណល់​រឹង និង​មិន​បោះចោល​ពាស​វាល​ពាស​កាល​នៅ​តាម​ទី​សាធារណៈ ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ទីក្រុង ដែល​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ​មួយ​នេះ ជា​ពិសេស​គឺ​សេចក្តី​ថ្លៃថ្នូ​របស់​ខ្លួនឯង​ផ្ទាល់​។

សាធារណជន​ទាំងអស់​ដែល​បាន​មក​លេង​ខេត្តមណ្ឌលគិរី បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​រួច សូម​ជួយ​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំងអស់​គ្នា អនាម័យ​ខ្លួនឯង​ជា​ប្រចាំ ទុកដាក់ និង​ញែក​សំរាម​អោយ​ត្រូវ​ក្នុង​ធុង ស្រលាញ់​ការពារ​សត្វព្រៃ និង​ដាំ​ដើមឈើ​។

បច្ចុប្បន្ន​នេះ ដោយសារ​កំណើនប្រជាជន យើង​បាន​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន ក្នុង​នោះ​រួម​មាន បញ្ហា​សំរាម សំណល់​រឹង រាវ នៅ​តាម​ទីប្រជុំជន​ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង គួប​ផ្សំ​នឹង​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​នៅ​ពេល​បច្ចុប្បន្ន​នៅ​មាន​កម្រិត​នៅឡើយ​។

សំណល់​សំរាម​មួយ​ចំនួន ជា​ពិសេស​សំណល់​ប្លា​ស្ទិ​ក ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្លះ​ដុត និង​ខ្លះ​បាន​បោះ​ចូល​ទៅ​ក្នុង​ទឹក និង​ទី​សាធារណៈ​បង្ក​គ្រោះថ្នាក់​ដល់​ជីវៈចម្រុះ​ដែល​មនុស្ស​គ្រប់​ៗ​គ្នា​បាន​និង​កំពុង​យកចិត្តទុកដាក់ ។

ទន្ទឹម​នឹង​នេះ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​លើកកម្ពស់​អនាម័យ និង​គុណភាព​បរិស្ថាន គឺជា​ការ​ចាំបាច់ និង​ជា​វិភាគទាន​ដ៏​សំខាន់​បំផុត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​សំដៅ​ការ​រស់នៅ​ប្រកបដោយ​សុខុមាលភាព និង​ជីវភាព​របស់​ប្រជាជន​យើង​នៅ​ក្នុង​ខេត្ត​ដ៏​មាន​សក្តានុពល​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ